សិង្ហបុរី៖ បិតាស្ថាបនិក និងជានាយករដ្ឋមន្ត្រី ដំបូងបំផុត របស់ប្រទេសសិង្ហបុរី លោក លី ក្វាន់យូ (Lee Kuan Yew) បានទទួលមរណភាពហើយក្នុងវ័យ៩១ឆ្នាំ កាលពីព្រឹកព្រលឹម ថ្ងៃទី២៣ ខែមិនា ឆ្នាំ២០១៥ នេះ ដែលបានធ្វើឲ្យ មនុស្សទូទាំងពិភពលោក ជាពិសេសប្រជាជន នៃប្រទេស សិង្ហបុរី មានភាពទុក្ខសោក និងសោកស្តាយជាខ្លាំង ពេលដែលបានឮដំណឹងនេះ។

យោងតាមប្រភព ព័ត៌មានប៊ីប៊ីស៊ី បានចុះផ្សាយឲ្យដឹងថា លោក លី ក្វាន់យូ បានទទួលមរណភាព កាលពីព្រឹក ព្រលឹមថ្ងៃច័ន្ទនេះ ព្រោះតែជំងឺ រលាកសួត បន្ទាប់ពីលោក ចូលសម្រាក ព្យាបាលនៅមន្ទីរពេទ្យ អស់ពេលជាច្រើនសប្តាហ៍កន្លងទៅ តែហាក់ដូចជា មិនមានភាពប្រសើរឡើងវិញ ទាល់តែសោះ។ រដ្ឋាភិបាល ប្រទេសសិង្ហបុរី បានប្រកាសកាន់ទុក្ខជាផ្លូវការ ពេញមួយសប្តាហ៍ ទូទាំងប្រទេស រីឯពិធីបុណ្យសព នឹងត្រូវប្រារព្ធធ្វើឡើង ចាប់ពីថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៥ ខាងមុខនេះទៅ។

មរណភាព របស់លោក លី ក្វាន់យូ បានធ្វើឲ្យប្រជាជន ប្រទេសសិង្ហបុរី ក៏ដូចជាមេដឹកនាំ និងប្រជាជនតាមបណ្តាប្រទេស ជាច្រើនទៀត នៅលើពិភពលោក បង្ហាញពីការចូលរួមរំលែក ទុកដ៏ក្រៀមក្រំនេះ ចំពោះការបាត់បង់ វីរជនដ៏ឆ្នើមមួយរូប ដែលជាអ្នកមានស្នាដៃយ៉ាងធំធេង ក្នុងការកែប្រែ ប្រទេសសិង្ហបុរី ពីទីក្រុងកំពង់ផែដ៏តូចមួយ ឲ្យក្លាយទៅជា ប្រទេសសំបូរទ្រព្យ និងមានឯករាជ្យពេញលេញ ព្រមទាំងត្រូវបាន ការទទួលស្គាល់ពីអន្តរជាតិ។


រូបថតរបស់ លោក លី ក្វាន់យូ ក្នុងវ័យចំណាស់

ជីវិតនិង ស្នាដៃខ្លះៗ របស់លោក លី ក្វាន់យូ៖

លោក លី ក្វាន់យូ កើតនៅថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ១៩២៣ ក្នុងគ្រួសារ ចិនសិង្ហបុរីមួយ។ បន្ទាប់ពីសម័យ សង្រ្គាមបានបញ្ចប់ លោកក៏បាន ចូលសិក្សាផ្នែកច្បាប់ នៅមហាវិទ្យាល័យ ហ្វីតវីលៀម ខេមប្រ៊ីដ នៃប្រទេសអង់គ្លេស និងបានបញ្ចប់ការសិក្សាដោយបាន ទទួលសញ្ញាប័ត្រ កិត្តិយសថ្នាក់ទី១ ផ្កាយ២ ទៀតផង។ ក្រោយមកទៀត លោកក៏ចូលរៀន ច្បាប់នៅសាលាសេដ្ឋកិច្ច ក្នុងទីក្រុងឡុងដ៏ផងដែរ បន្ទាប់មកលោក ក៏វិលត្រឡប់មក កាន់ប្រទេស កំណើតវិញ នៅឆ្នាំ១៩៤៩ ដោយចាប់យកអាជីពជាមេធាវី។

លោក លី ក្វាន់យូ បានឈានជើង ចូលក្នុងឆាកនយោបាយ ជាលើកដំបូង នៅក្នុងឆ្នាំ ១៩៥១។ ហើយក្រោយមក គឺនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ១៩៥៩ លោកបានក្លាយ ជានាយករដ្ឋមន្ត្រីទី១ នៃរដ្ឋសិង្ហបុរី ដែលកាលនោះ សិង្ហបុរី មិនទាន់ក្លាយជា ប្រទេសមានឯករាជ្យពេញលេញ នៅឡើយទេ ពោលគឺនៅរួម ជាមួយនឹងប្រទេស ម៉ាឡេស៊ី ដែលឋិតនៅក្រោម ការគ្រប់គ្រង របស់ប្រទេសអង់គ្លេស នៅឡើយ។ យ៉ាងណាមិញ ក្រោមការប្រឹងប្រែង និងតស៊ូយ៉ាងខ្លាំងបំផុត របស់លោក លី ក្វាន់យូ សិង្ហបុរី អាចបំបែកខ្លួន ពីប្រទេស ម៉ាឡេស៊ី ព្រមទាំងទទួល បាននូវឯករាជ្យ ពេញលេញ និងត្រូវបាន ទទួលស្គាល់ពី មជ្ឈដ្ឋានពិភពលោក នៅអំឡុងឆ្នាំ ១៩៦៥។

បើទោះជា ទទួលបាន ឯករាជ្យពេញលេញ យ៉ាងណាក្តី រឿងលំបាកជាច្រើន បានលេចចេញឡើង ជាបន្តបន្ទាប់ ព្រោះតែប្រទេសនេះ គ្មានសូម្បីតែ ធនធានធម្មជាតិ វប្បធម៌ និងភាសារបស់ខ្លួន។ តែរដ្ឋាភិបាល ប្រទេសសិង្ហបុរី ដែលដឹកនាំដោយលោក លី ក្វាន់យូ បានព្យាយាម សាងនូវអត្តសញ្ញាណរួមគ្នាមួយ សម្រាប់ប្រជាជនសិង្ហបុរី និងបានបង្កើតនូវស្នាដៃ ជាច្រើន សម្រាប់ប្រទេសនេះ រហូតទាល់តែ សិង្ហបុរី បានក្លាយទៅជា ប្រទេសអ្នកមានមួយ ក្នុងចំណោម បណ្តាប្រទេសជាច្រើន ក្នុងតំបន់អាស៊ី។

និយាយរួម ក្នុងរយៈពេល ៣ទសវត្ស ក្រោមការដឹកនាំ របស់លោក លី ក្វាន់យូ សិង្ហបុរី បានប្រែក្លាយខ្លួន ពីប្រទេសកំពុងអភិវឌ្ឍ មកជាប្រទេសអភិវឌ្ឍ ឈានមុខគេ មួយនៅអាស៊ី ទោះជាប្រទេសនេះ មានប្រជាជនតិច ផ្ទៃដីតូច និងកង្វះខាតធនធាន ធម្មជាតិក៏ដោយ។ លោក លី ក្វាន់យូ តែងពោល ជារឿយៗថា ធនធានធម្មជាតិ តែមួយគត់របស់សិង្ហបុរី គឺប្រជាជនសិង្ហបុរី និងសីលធម៌ការងារ រឹងមាំរបស់ខ្លួន។ លោកត្រូវបាន ប្រជាជនសិង្ហបុរី គោរព និងចងចាំនូវការដឹកនាំ ដ៏ត្រឹមត្រូវ របស់លោក ក្នុងសម័យទទួលបានឯករាជ្យ និងពេលផ្ដាច់ខ្លួនពីម៉ាឡេស៊ី។ លោកត្រូវបានគេ អោយតំលៃ ជាបិតាស្ថាបនិក នៃវិបុលភាព របស់ប្រទេសសិង្ហបុរី៕


រូបថតរបស់ លោក លី ក្វាន់យូ កាលពីវ័យក្មេង និងពេលដែល លោកធ្វើជា នាយករដ្ឋមន្ត្រី របស់ប្រទេស សិង្ហបុរី

ប្រភព៖ ប៊ីប៊ីស៊ី | វីគីភីឌា

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]