អេត្យូពី៖ ភ្លុកសត្វដំរីព្រៃច្រើន ជាង ៦តោន ដែលតាមការ ប៉ាន់ស្មាន មានតំលៃ ប្រហែល ១២ លានដុល្លារ សហរដ្ឋអាមេរិក ត្រូវបានដុត បំផ្លាញចោល បន្ទាប់ពីប្រទេស អេត្យូពីដែលស្ថិត ក្នុងទ្វីប អាហ្វ្រិក បានបេ្តជ្ញា អនុវត្តគោល នយោបាយ “គ្មានការអត់អោន” ចំពោះជំនួញសត្វព្រៃ។


សកម្មភាពជះសាំងត្រៀមដុតភ្លុកដំរី

ការស្តុកទុកភ្លុកដ៏ច្រើននេះធ្វើឡើងជាង២០ ឆ្នាំមកហើយ ដែលភាគច្រើនភ្លុកទាំងនោះ ត្រូវគេ រឹបអូស យកពី ព្រលាន យន្តហោះអន្តរជាតិ Addis Ababa។ ការកំទេចចោលនេះ រួមមាន ដូចជា ភ្លុកធំៗ ភ្លុកមាន ឆ្លាក់ ខ្សែក និងខ្សែ ដៃដែលជា ផលិតផលធ្វើ ពីភ្លុកជាដើម។ ការដុតបំផ្លាញ គំនរភ្លុកដំរី របស់ប្រទេស អេត្យូពី គឺធ្វើឡើង ២សប្តាហ៍ប៉ុណ្ណោះ ក្រោយ ពេលដែល ប្រទេសជិត ខាងរបស់ខ្លួន កេនយ៉ា បានអនុវត្តន៍ ចំណាត់ការ ស្រដៀងគ្នានេះ ដើម្បីបង្ហាញ ពីការ ការពារដំរី ដែលជា និមិត្តរូប របស់ប្រជាជាតិអាហ្វ្រិក ដែលកំពុង មានចំនួន ថយចុះយ៉ាងខ្លាំង។

លោក Dawud Mume Ali ប្រធានអាជ្ញាធរអភិរក្សសត្វព្រៃនៃប្រទេស អេត្យូពី បានឲ្យ ដឹងថា៖ “ការដុតបំផ្លាញ គឺជាសារដើម្បីបង្ហាញថា ពួកយើងមិន ការអត់អោន ចំពោះ ការប្រមាញ់ និងការជួញ ដូរសត្វព្រៃ ខុសច្បាប់ នោះទេ។ យើងត្រូវ ព្យាយាមសង្គ្រោះ សត្វដំរី ដើម្បីកុំឲ្យ វាផុតពូជ យើងត្រូវ តែអនុវត្ត ប្រសើរជាង ការដែល និយាយចោល”។

តាមការព្យាករណ៍ចុងក្រោយ បានប៉ាន់ស្មានថា ចំនួនសត្វដំរីនៅ អេត្យូពីនៅ សល់ ប្រហែល ១៨០០ ក្បាលប៉ុណ្ណោះ ដោយសារ ដែលមានការ បរបាញ់ច្រើន យកទៅ លក់នៅក្នុង ប្រទេស ដែលមាន សេដ្ឋកិច្ចជឿន លឿននៅទ្វីប អាស៊ី។ ការដុតបំផ្លាញ គឺធ្វើឡើង នៅឧទ្យាន Gulele Botanical ដែលក្នុងនោះ មានទាំង ចំលាក់ ព្រះពុទ្ធលើ ភ្លុកដំរីផង។

លោក Zeleke Tigabe ប្រធានមូលនិធិសត្វព្រៃនៅ អាហ្វ្រិករៀបរាប់ថា ចាប់ពី ទសវត្សទី៨០ មក ចំនួនដំរី នៅអេត្យូពី មានការ ថយចុះជាង ៩០ភាគរយ។ គាត់បន្តថា “ពួកយើងចង់ឲ្យ ភ្លុកដំរី ក្លាយជាវត្ថុ ដែលគ្មានតំលៃ។ ដំរីគឺជា ទ្រព្យ ដែលមានជីវិត មិនមែនជា វត្ថុសំរាប់ ការនាំ ចេញទៅ លក់នោះទេ។ ភ្លុកទាំងនេះ គឺជាបំណែក នៃសាកសព មិនមែន ជាបំណែក របស់សិល្បះ អ្វីឡើយ” ។ អ្នកអភិរក្ស បានឲ្យដឹងថា សត្វដំរី ៤២ ក្បាលត្រូវបា នសំលាប់ នៅអេត្យូពី ចន្លោះឆ្នាំ ២០១១ ដល់២០១៤ ក្នុងនោះ ៣ក្បាលត្រូវបាន គេសំលាប់ កាលពី ដើមឆ្នាំ។ គួរបញ្ជាក់ផ ងដែរថា ផេះ ដែលសល់ពី ការដុតបំផ្លាញ ភ្លុកដំរីនេះ នឹងត្រូវបាន គេយកទៅ ធ្វើជាជី ដើម្បីដាំដើម ឈើចំនួន ៩ម៉ឺនដើម នៅលើដី ៣០ហិចតា ដោយដាំព័ទ្ធ ជុំវិញរូបសំណាក់ សត្វដំរីមួយ៕


ភ្លុកដំរីដែលសរុបជាង៦តោន មានតំលៃ១២ លានដុល្លារត្រូវបានដុតបំផ្លាញចោល


ការស្តុកទុកភ្លុកដ៏ច្រើននេះធ្វើឡើងជាង២០ ឆ្នាំមកហើយ


តាមការប៉ាន់ស្មានចំនួនសត្វដំរីនៅ អេត្យូពីនៅសល់ប្រហែល ១៨០០ ក្បាលប៉ុណ្ណោះ


ផេះដែលសល់ពីការដុតនេះ នឹងត្រូវបានគេយកទៅធ្វើជាជី ដើម្បីដាំដើមឈើចំនួន ៩ម៉ឺនដើម

ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]