ជីវសាស្ត្រ៖ អ្នកវិទ្យាសាស្ត្រ ជំនាញខាងជីវិតជីវចម្រុះក្នុងសមុទ្រ បានធ្វើការបោះពុម្ពផ្សាយ នូវការស្វែង រកឃើញមួយ របស់ពួកគេថា ក្នុងសាកល លោកនេះ មានជីវចម្រុះសមុទ្ររហូតដល់ ២២៨,៤៥០ ប្រភេទ ដែលត្រូវបានស្គាល់និងចុះក្នុងបញ្ជី  ខណៈដែលមាន ជីវចម្រុះប្រមាណពី ៥០០,០០០ ទៅ ២ លាន ប្រភេទទៀត នៅតែជា អាថ៌កំបាំង នៅឡើយ។

តាមប្រភពព័ត៌មាន រ៉យទ័រ (Reuters) ឲ្យដឹងថា សហនាយកគំរោង ចុះបញ្ជីជីវសមុទ្រក្នុងពិភពលោក (WoRMS) បាននិយាយថា មានជីវចម្រុះ សមុទ្រជាច្រើន នៅសមុទ្រដ៏ជ្រៅ ដែលមិនទាន់បាន ស្រាវជ្រាវ ឲ្យល្អិតល្អន់  ខណៈដែល ជីវចម្រុះច្រើនប្រភេទ ទំនងជាត្រូវ ងាប់ ដាច់ពូជមុន ពេល ជីវចម្រុះទាំង នោះត្រូវបានរកឃើញ និងចុះក្នុងបញ្ជី  ដោយសារតែ ការបំពុលទឹក ការប្រែប្រួល អាកាសធាតុ  ជាដើម។ លើសពីនេះ អ្នកវិទ្យាសាស្ត្រ បានឲ្យដឹងថា ក្នុងមហាសមុទ្រឥណ្ឌា ជាកន្លែងដែល មិនទាន់មានការ ស្រាវជ្រាវ ស្វែងរកប្រភេទ ជីវចម្រុះសមុទ្រ ដែលសំបូរបែប និងប្លែកៗ អាថ៌កំបាំង នៅឡើយ  បើប្រៀបធៀបទៅនឹង មហាសមុទ្រ ផ្សេងទៀត ដូចជាមហាសមុទ្រ ប៉ាស៊ីហ្វិច និង អាត្លង់តិច ដែលមានការ ស្រាវជ្រាវ រកឃើញ ប្រភេទ ជីវចម្រុះច្រើនប្រភេទ រួចមកហើយ ។

គួរបញ្ជាក់ថា គំរោង WoRMS បានបង្កើតឡើងនៅឆ្នាំ ២០០៨ ដែលគំរោងនេះ បានចុះបញ្ជី ត្រីសមុទ្រ ប្រភេទថ្មី ប្រមាណ ១,០០០ ប្រភេទ រួមមាន ទាំង ត្រីឆ្លាម និងត្រីបបែល ១២២ ប្រភេទ និងរួមទាំងត្រីចម្លែកមួយប្រភេទថ្មីទៀត រស់នៅ ក្នុងសមុទ្រមីឌីទែរ៉ានេ។ បច្ចុប្បន្ននេះ ត្រីសមុទ្រដែល ត្រូវបានស្គាល់ទាំងអស់ មានប្រហែល  ១៨,០០០ ប្រភេទ។

ជាមួយគ្នានេះដែរ អ្នកវិទ្យាសាស្ត្រ បានកំនត់ថា ជីវចម្រុះគ្រប់ប្រភេទដែលទើប រកឃើញថ្មីមានប្រមាណ ១,៥០០ ក្នុងមហាសមុទ្រជុំវិញ ពិភពលោក កាលពីឆ្នាំមុន ដែលក្នុងនោះ រួមមាន ត្រីដូហ្វីនប្រភេទថ្មី ត្រីចាហួយយក្ស និង ប្រភេទជីវចម្រុះ ប្រភេទថ្មីៗជាច្រើនទៀត ៕


ជីវចម្រុះសមុទ្រ 


រូបភាពអ្នកច្រមុជទឹក ហ៊ុមព័ន្ធ ដោយហ្វូងត្រីសមុទ្រ


ប្រភព បរទេស

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]