អាហ្វ្រិកខាងត្បូង៖ នេះពិតជារឿងមិនស្មានដល់ ដែលបុរសវ័យ ២១ឆ្នាំម្នាក់ ទទួលបាន ការវះកាត់ ប្តូរដាក់ ប្រដាប់ភេទមួយទឹក បានជោគជ័យ ដំបូងគេបង្អស់ នៅលើពិភពលោក អាច រួមភេទជាមួយ មិត្តស្រីរបស់គាត់បាន បន្ទាប់ពីវះកាត់បានត្រឹមតែ ៥ សប្តាហ៍ប៉ុណ្ណោះ។

គួររំលឹកដែរថា ការវះកាត់ ប្តូរដាក់ប្រដាប់ភេទមួយទឹក ឲ្យទៅបុរស វ័យ២១ឆ្នាំរូបនោះ គឺបានធ្វើឡើង ដោយក្រុមគ្រូពេទ្យ ផ្នែកវះកាត់ មកពីសាកល វិទ្យាល័យ Stellenbosch University និងមន្ទីរពេទ្យ Tygerberg Hospital ក្នុងទីក្រុង Cape Town ប្រទេសអាហ្វ្រិកខាងត្បូង ដោយបានប្រើប្រាស់ ប្រដាប់ភេទមួយទឹក ដែលបានបរិច្ចាគ ពីក្រុមគ្រួសារអ្នកស្លាប់ ផ្តល់ឲ្យមកមន្ទីរពេទ្យនេះ។

ប្រភពព័ត៌មាន បានឲ្យដឹងថា ក្រុមគ្រូពេទ្យវះកាត់ មិននឹកស្មានដល់ថា បុរសនេះអាចជាសះស្បើយពី ការវះកាត់ និងអាចមានសម្ព័ន្ធភាពផ្លូវភេទ លឿនរហ័ស បែបនេះទេ ដោយសារក្រុមគ្រូពេទ្យគិតថា បុរសនេះអាចជាសះស្បើយ ទាំងស្រុងតែម្តង នៅខែធ្នូ ឆ្នាំ២០១៦ ឯណោះ។ ក្នុងនោះ លោក វេជ្ជបណ្ឌិត Frank Graewe ដែលចូលរួមក្នុងការ វះកាត់នេះ បាននិយាយថា បុរសម្នាក់នេះ បានជាសះស្បើយទាំងស្រុង ហើយអាចបត់ជើងតូច និងរួមភេទ បានដូចបុរសធម្មតា។

គួរបញ្ជក់ដែរថា ប្រភពដដែលបានឲ្យដឹងថា មានបុរសប្រមាណ ២៥០នាក់ បានបាត់បង់ ប្រដាប់ភេទ ដោយសារតែ ការកាត់ចុងជា រៀងរាល់ឆ្នាំ ក្នុងការប្រារព្ធពិធី បុណ្យប្រពៃណី ដ៏អាថ៌កំបាំង នៃកុលសម្ព័ន្ធ Xhosa ក្នុងប្រទេសអាហ្វ្រិកខាងត្បូង ដែលពួកគេធ្វើការកាត់ចុងលិង្គ តាមបែបប្រពៃណី ពេលក្មេងប្រុសធំពេញវ័យ ប៉ុន្តែជារៀងរាល់ឆ្នាំ ត្រូវបានរដ្ឋាភិបាលប្រទេសនេះ ស្នើសុំឲ្យបញ្ឈប់ទំនៀមទម្លាប់បែបនេះផងដែរ។

យ៉ាងណាមិញ ពេលនេះ បុរស៩នាក់ទៀត នឹងត្រូវទទួលបាន ការវះកាត់ប្រដាប់ភេទមួយទឹកនេះ ផងដែរ ខណៈដែល រដ្ឋាភិបាល អាហ្វ្រិកខាងត្បូង ក៏បានបង្ហាញការសាទរ ទៅដល់ក្រុមគ្រូពេទ្យវះកាត់ ដែលបានសម្រេចជោគជ័យ ក្នុងការវះកាត់ប្តូរប្រដាប់ភេទនេះ ផងដែរ៕


ក្រុមគ្រូពេទ្យ ពេលកំពុងធ្វើការវះកាត់

ប្រភព Dailymail

ដោយ ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]