អាមេរិក៖ សត្វកន្ធាយយក្ស ដែលមានរហស្សនាមថា Yawkey ត្រូវបានគេប្រទះឃើញ កាលពីថ្ងៃសៅរ៍កន្លងទៅ នៅឆ្នេរនៃកោះ Yawkey South ក្នុងស្រុក Georgetown ហើយក្រោយមក គេបានបញ្ជូនវាទៅ អាងអភិរក្សមួយក្នុងរដ្ឋ South Carolina


សត្វកន្ធាយយក្សដែល មានរហស្សនាមថា Yawkey

កន្ធាយយក្សដ៏កម្របំផុតនេះ គឺជាកន្ធាយសមុទ្រដែលធំជាងគេ ហើយវាជាប្រភេទ សត្វល្មូនដ៏ធំបំផុតមួយ ក្នុងពិភពលោកផងដែរ។ សត្វកន្ធាយពេញវ័យ អាចមានទំងន់ ចាប់ពី ៣៦២ គីឡូក្រាម ទៅ ៤៥៣ គីឡូក្រាម ហើយខ្លះទៀត មានទំងន់រហូតដល់ជាង ៩០០ គីឡូក្រាម ក៏មាន។

អ្នកស្រី Kelly Thorvalson អ្នកគ្រប់គ្រងអាងអភិរក្ស សត្វកន្ធាយសមុទ្រ បានឲ្យដឹងថា សត្វកន្ធាយនេះ គឺជាប្រភេទកន្ធាយយក្សដំបូងបំផុត ដែលត្រូវបាន ទទួលការព្យាបាលនៅទីនោះ។ ក្នុងកំឡុង ១៥ ឆ្នាំចុងក្រោយ អាងអភិរក្សរបស់គាត់ បានព្យាបាល និងដោះលែងសត្វអណ្តើក និងកន្ធាយ សមុទ្រធម្មតា ជាង ១៥០ក្បាល រួចមកហើយ។ អ្នកស្រីបន្តថា ទំងន់របស់កន្ធាយយក្សមួយក្បាលនេះ ពួកគាត់បានត្រឹមប៉ាន់ស្មានប៉ុណ្ណោះ ព្រោះថាទំងន់របស់វា លើស ពីលទ្ធភាព ដែលជញ្ជីងរបស់គាត់ អាចថ្លឹងបាន។

សត្វកន្ធាយ Yawkey មានជាតិស្ករទាបនៅក្នុងឈាម ហើយវាកំពុងត្រូវគេព្យាបាល ជាមួយសារធាតុរាវ (fluid) និងអង់ទីប៊ីយោទិក (antibiotic)។ ស្ត្រីដដែលបានបន្តថា កន្ធាយនេះ ទំនងជាស៊ីកំទិចកំទីនៅក្នុងសមុទ្រ ឧទាហរណ៍ដូចជា ចង់ប្លាស្ទិច ដែលមានរូបរាងស្រដៀងទៅនឹង ត្រី Jellyfish ដែលជាអាហារពេញនិយមរបស់វា។ ការស៊ីប្លាស្ទិចអាច ធ្វើឲ្យកើនឡើងឧស្ម័ន ក្នុងបំពង់រំលាយអាហារ ដែលអាចធ្វើឲ្យសត្វកន្ធាយអណ្តែតហើយ មកទើរនៅលើច្រាំង។

ក្រុមអ្នកអភិរក្ស គ្រោងនឹងដោះលែងវា នាពេលឆាប់ៗនេះ ដោយសារ កន្ធាយយក្សនេះ មិនអាចសម្របខ្លួនជាមួយ នឹងអាងចិញ្ចឹមបាន ព្រោះតែវាជាប្រភេទសត្វដែលរស់នៅក្នុងទឹកសមុទ្រជ្រៅ។ គួរបញ្ជាក់ផងដែរថា ជារៀងរាល់ឆ្នាំ មានសត្វកន្ធាយយក្សពី ៤ ទៅ៥ក្បាល បានត្រូវគេប្រទះឃើញងាប់នៅតាមឆ្នេរសមុទ្ររដ្ឋ South Carolina ហើយនេះ គឺជាលើកដំបូង ដែលក្រុមអ្នកអភិរក្ស ប្រទះឃើញកន្ធាយយក្ស ទើរនៅលើឆ្នេរ ហើយនៅមានជីវិតបែបនេះ៕


Yawkey ត្រូវបានគេប្រទះឃើញកាលពីថ្ងៃសៅរ៍កន្លងទៅ នៅឆ្នេរនៃកោះ Yawkey South 


វាមានទំងន់ធ្ងន់ ដែលធ្វើឲ្យជញ្ជីង អ្នកអភិរក្សមិនអាចថ្លឹងវាបាន


សត្វកន្ធាយ Yawkey មានជាតិស្ករទាបនៅក្នុងឈាម ហើយវាកំពុងត្រូវគេព្យាបាល 


គេគ្រោងនឹងលែងវា នាពេលឆាប់ៗព្រោះ កន្ធាយយក្សនេះមិនអាចសម្របខ្លួន នឹងអាងចិញ្ចឹមបាន 

ខាងក្រោម ជាវីដេអូនៃការដោះលែង សត្វកន្ធាយយក្ស ទៅក្នុងសមុទ្រវិញ៖

ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]