ចិន ÷ ការស្រលាញ់ចូលចិត្ត និង ចាប់អារម្មណ៍ទៅលើវត្ថុបុរាណ បានធ្វើឲ្យបុរសម្នាក់ ដែលជាអ្នកស្រុករស់នៅ ភាគនិរតីនៃប្រទេសចិន ចំណាយប្រាក់ និងពេលវេលារាប់ឆ្នាំ ដើម្បីក្លាយទៅជាម្ចាស់គ្រែបុរាណ ជាច្រើន។

លោក Lin Zeliu មកពីទីរួមខេត្ត Jingguan ក្រុង Chongqing បានប្រមូលទិញ គ្រែបុរាណរហូតដល់ ១៥០ គ្រែ ដែលមានអាយុកាលតាំងពីសម័យរាជវង្សមីង ( ១៣៦៨-១៦៤៤ ) និង ឈីង ( ១៦៣៦-១៩១២ )។ គាត់បានចំណាយប្រាក់ អស់ជាច្រើនលានយ័ន ដើម្បីប្រមូលទិញវា រយ:ពេល ២៥ឆ្នាំ មកនេះ។ គាត់បាននិយាយថា គាត់មានចិត្តស្រលាញ់ និងចូលចិត្តគ្រែបុរាណទាំងនេះ តាំងពីនៅក្មេងៗ ហើយគាត់បានចាប់ផ្ដើមប្រមូលវត្ថុបុរាណ ទាំងនេះ ជាលើកដំបូង នៅពេលដែលគាត់មាន អាយុ ១៨ឆ្នាំ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងបន្ថែមទៀតថា គាត់បានចំណាយប្រាក់ជាង ៣,០០០,០០០ យ័ន (ជិត៥សែនដុល្លារ) លើការប្រមូលវត្ថុបុរាណជាង ១០០០ ប្រភេទ ក្នុងនោះមានដូចជា គ្រែ, ចេតិយ៍, តុ និង កៅអីជាដើម ដែលសុទ្ធតែជារបស់ មានតម្លៃ អាយុកាលយូរណាស់មកហើយ ហើយភាគច្រើន ស្ថិតក្នុងសម័យរាជវង្សមីង និង ឈីង។ លោកក៏បានប្រាប់ទៀតថា មានពាណិជ្ជករ ៣នាក់ ធ្លាប់បានសុំទិញយក គ្រែ និងរបស់បុរាណទាំងអស់ របស់គាត់ ក្នុងតម្លៃ មួយរយលានយ័ន (ជាង១៥លានដុល្លារ) ប៉ុន្តែគាត់បានបដិសេដ ព្រោះគាត់មានភាពស្ទាក់ស្ទើរ ក្នុងការលក់ឲ្យទៅអ្នកដ៏ទៃ ដោយហេតុថា គាត់បានចំណាយកម្លាំង ទឹកចិត្ត និងពេលវេលាយ៉ាងលំបាក ហើយវាមានតម្លៃខ្លាំងណាស់ ចំពោះរូបគាត់។  

ឥឡូវនេះ គ្រែត្រូវបានរក្សាទុក នៅក្នុងឃ្លាំងមួយកន្លែង ទំហំមួយពាន់ ម៉ែត្រការ៉េ ដែលជាកន្លែងគាត់ជួលសម្រាប់ទុក វត្ថុបុរាណទាំងនោះ ហើយថ្លៃឈ្នួលរបស់ឃ្លាំងនោះ តម្លៃ១សែនយ័ន (១៥,៩៨០ដុល្លារ) ក្នុងមួយឆ្នាំ។ ទោះបីជា ឃ្លាំងផ្ទុកមួយនេះ ធំទូលាយពិតមែន តែវានៅតែមិនគ្រប់គ្រាន់ សម្រាប់ផ្ទុកវត្ថុបុរាណជាង ១០០០ ប្រភេទនោះដដែល។ 

ជាចុងក្រោយ លោក Lin បានបញ្ជាក់ថា បំណងប្រាថ្នាដ៏ធំបំផុតរបស់គាត់ គឺចង់បើកសារមន្ទីរមួយ ដើម្បីឱ្យប្រជាជនក្នុងស្រុក បានមើលឃើញ វត្ថុបុរាណដ៏មានតម្លៃ ដែលបានបន្សល់ទុក មកពីដូនតា ទាំងនេះ៕

 

ប្រភព ស៊ីស៊ីធីវី និង ស៊ៀងហៃអ៊ីស

ដោយ ដាលីស

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]