អាហ្វ្រិកខាងត្បូង៖ យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា បុរសវ័យ ២១ឆ្នាំម្នាក់ ទទួលបាន ការវះកាត់ ប្តូរដាក់ ប្រដាប់ភេទ មួយទឹក បានជោគជ័យ ដំបូងគេបង្អស់ នៅលើពិភពលោក បន្ទាប់ពីបាត់បង់ ប្រដាប់ភេទ ដោយសារតែ ការកាត់ចុង (កាត់ស្បែក ដែលគ្របពីលើ ផ្នែកចុងនៃលិង្គ)។

ប្រភពដដែល បានបន្តទៀតថា ការវះកាត់ ទទួលបាន ជោគជ័យ ដំបូងគេបង្អស់ នៅលើពិភពលោកនេះ គឺបានធ្វើឡើង នៅឯប្រទេស អាហ្វ្រិកខាងត្បូង ហើយប្រើរយៈពេល ៩ម៉ោង ក្នុងការវះកាត់ ដោយអាចអនុញ្ញាតឲ្យ បុរសរូបនោះ បត់ជើងតូច និងមានអារម្មណ៏ ផ្លូវភេទ ថែមទាំងអាច រួមរ័ក្ស បានដូចមនុស្ស ធម្មតា ទៀតផង។

គួររំលឹកផងដែរថា កាលពី៣ឆ្នាំមុន បុរសវ័យ២១ឆ្នាំ ដ៏អភ័ព្វរូបនោះ ត្រូវបានបង្ខំចិត្ត កាត់ប្រដាប់ភេទចោល បន្ទាប់ពីប្រដាប់ភេទ លែងដំណើរការ ដោយសារតែ ការកាត់ចុង។ ក្នុងមួយឆ្នាំៗ បុរសវ័យក្មេង រាប់ពាន់នាក់ មកពីកុលសម្ពន្ធ Xhosa ក្នុងប្រទេស អាហ្វ្រិក ខាងត្បូង ត្រូវតម្រូវឲ្យ កាត់ចុងចោល ដែលជាក្បួនប្រពៃណី របស់ពួកគេ ខណៈក្នុងមួយឆ្នាំៗ បុរសវ័យក្មេង ប្រមាណជា ២៥០នាក់ ក្នុងចំណោមនោះ ជួបបញ្ហាជាច្រើន និងត្រូវបង្ខំចិត្ត កាត់ប្រដាប់ភេទចោល។

គួរបញ្ជាក់ផងដែរថា ការវះកាត់ ប្តូរដាក់ប្រដាប់ភេទ មួយទឹក ឲ្យទៅបុរស វ័យ២១ឆ្នាំរូបនោះ គឺបានធ្វើឡើង ដោយក្រុមគ្រូពេទ្យ ផ្នែកវះកាត់ មកពីសកលវិទ្យាល័យ Stellenbosch University និង មន្ទីរពេទ្យ Tygerberg Hospital ក្នុងទីក្រុង Cape Town នៃប្រទេស អាហ្វ្រិកខាងត្បូង ដោយប្រើប្រាស់ ប្រដាប់ភេទមួយទឹក ដែលបានបរិច្ចាក ពីមនុស្សស្លាប់។

ជាមួយគ្នានេះដែរ ក្រុមគ្រូពេទ្យ ផ្នែកវះកាត់ បាននិយាយថា ដំណើរការ នៃការវះកាត់នេះ គឺទទួលបាន ជោគជ័យ ជាលើកដំបូង មិនធ្លាប់មានទេ ពីមុនមក ហើយអាចឲ្យបុរសនោះ បត់ជើងតូច និងមានអារម្មណ៏ ផ្លូវភេទ ថែមទាំងអាច រួមរ័ក្ស បានដូចមនុស្សធម្មតា ទៀតផង។ ជាងនេះទៅទៀត អ្នកជំងឺចំនួន ៩នាក់ផ្សេងទៀត នឹងទទួល ការវះកាត់ ដូចបុរសនោះដែរ។

លោកសាស្រ្តាចារ្យ Andre van der Merwe ប្រធានផ្នែកតំរងនោម នៃមហាវិទ្យាល័យ University Division of Urology បាននិយាយថា ពួកគាត់មានការ ភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែ ការជាសះស្បើយ យ៉ាងឆាប់រហ័ស របស់អ្នកជំងឺ។

លោកសាស្រ្តាចារ្យ Frank Graewe មកពីមន្ទីរពេទ្យ ផ្សេងទៀត ដែលបានចូលរួម ក្នុងការវះកាត់នេះ បាននិយាយាថា “វាជាភាព ជោគជ័យ ដ៏ធំមួយ។ យើងបានបង្ហាញថា យើងអាចធ្វើវាបាន។ យើងអាចផ្តល់ ឲ្យនរណាម្នាក់ នូវប្រដាប់ភេទ ដែលល្អគ្រប់គ្រាន់ ដូចមនុស្ស ធម្មតា អីចឹង។ វាជារឿងដ៏អស្ចារ្យមួយ ដែលខ្ញុំបានចូលរួម ក្នុងការវះកាត់ ប្តូរប្រដាប់ភេទ ហើយទទួលបាន ភាពជោគជ័យ ជាលើកដំបូងបង្អស់ លើពិភពលោក។”

លោកសាស្រ្តាចារ្យ Andre van der Merwe បាននិយាយថា ការដែលកាត់ ប្រដាប់ភេទចោល គឺជាផលប៉ះពាល់ និងអវិជ្ជមាន ធ្ងន់ធ្ងរបំផុត ទៅលើផ្លូវចិត្ត របស់មនុស្សប្រុស។ វាគឺជាស្ថានភាព ដ៏ធ្ងន់ធ្ងរបំផុត។ លោកសាស្រ្តាចារ្យ Andre van der Merwe ដដែល បានឲ្យដឹង ទៀតថា ការស្វែងរក ជំនួយសរីរាង្គ (ប្រដាប់ភេទ) គឺជាបញ្ហាចំបង ខ្លាំងបំផុត ដូច្នេះហើយ អ្នកដែលស្ម័គ្រចិត្ត បរិច្ចាក ប្រដាប់ភេទ ទៅឲ្យនរណាម្នាក់ អ្នកនោះ និងគ្រួសារ នឹងត្រូវចាត់ទុក ថាជា “វីរបុរស”។

យ៉ាងណាមិញ ការវះកាត់ ប្តូរដាក់ប្រដាប់ភេទ មួយទឹកនេះ គឺធ្វើឡើង ជាលើកទី២ហើយ ខណៈលើកទី១ មិនទទួលបាន ជោគជ័យ ដូចលើកនេះឡើយ។ កាលពីឆ្នាំ២០០៥ បុរសជនជាតិចិនម្នាក់ បានទទួលការវះកាត់ ផ្លាស់ប្តូរប្រដាប់ភេទដែរ ប៉ុន្តែ២សប្តាហ៍ ក្រោយមក បានស្នើរឲ្យ គ្រូពេទ្យ វះកាត់ប្រដាប់ភេទនោះ ចោលវិញ ព្រោះដំណើរការមិនល្អ៕


ក្រុមគ្រូពេទ្យ ដែលបានចូលរួម ក្នុងការវះកាត់ ដាក់ប្រដាប់ភេទថ្មី ឲ្យបុរសវ័យ២១ឆ្នាំនោះ

ប្រភព ៖ Asiantown

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]