ឥណ្ឌូនេស៊ី៖ ការផ្សព្វផ្សាយលក់អចលនទ្រព្យ ដ៏មិនគួរឲ្យជឿមួយ កំពុងតែទទួលបានការ ចាប់អារម្មណ៍យ៉ាងខ្លាំង រហូតដល់មានសារព័ត៌មាន ចុះផ្សាយអំពីករណីនេះ។

ប្រភពព័ត៌មាន ឲ្យដឹងថា ម្ចាស់ផ្ទះវ័យ ៤០ឆ្នាំ អ្នកស្រី Wina Lia បានប្រកាសលក់ផ្ទះរបស់គាត់ នៅក្នុងប្រទេសឥណ្ឌូនេស៊ី លើទីផ្សារអចលនទ្រព្យ តាមប្រព័ន្ធអនឡាញ ក្នុងតម្លៃ ៧៦,៥០០ដុល្លារអាមេរិក ដោយក្នុងនោះ មានភ្ជាប់មកជាមួយនូវ ការបញ្ជាក់ដ៏មិននឹកស្មានដល់ថា៖ «អ្នកទិញទាំងឡាយណា ដែលមិនចរចារតម្លៃ អាចសុំម្ចាស់ផ្ទះរៀបការបាន (អនុវត្តន៍ទៅតាមលក្ខ័ណផ្សេងៗ)»។

ផ្ទះរបស់គាត់ ត្រូវបានដឹងថា មានអាងចិញ្ចឹមត្រី មានទីធ្លា មានបន្ទប់គេង២ បន្ទប់ទឹក២ និងមានទីតាំងស្ថិតនៅក្នុងតំបន់ ជិតទីក្រុងយូកយ៉ាកាតា។

អ្នករកស៊ីលក់ដូរផ្ទះម្នាក់ ឈ្មោះ Dian Purna Dirgantara ដែលជួយលក់ផ្ទះឲ្យអ្នកស្រី Wina បានប្រាប់ដល់អ្នកសារព័ត៌មាន ឲ្យដឹងថា វិធីសាស្ត្រនៃការផ្សព្វផ្សាយលក់ផ្ទះនេះ ពិតជាមានប្រសិទ្ធភាពមែន។ «តាំងពីព្រឹកម្សិលមិញមក មានគេខលមកសួរជាប់រហូត, ខ្ញុំមិនចាំថាប៉ុន្មានទេ ដឹងតែច្រើន អាចដល់ខ្ទង់រយដងឯណោះ» គាត់និយាយយ៉ាងដូច្នេះ។ បន្ថែមពីនេះទៀត គាត់បន្តថា អ្នកទិញមិនតម្រូវឲ្យរៀបការឡើយ បើមាននរណាចង់ទិញយកតែផ្ទះ ក៏បានដែរ។ ចំណែកម្ចាស់ផ្ទះផ្ទាល់គាត់ថា៖ «មិនជាបញ្ហាអ្វីទេ ខ្ញុំក៏កំពុងតែចង់រកប្តីម្នាក់ដែរ»៕

តើប្រិយមិត្ត យល់យ៉ាងណាដែរ ចំពោះវិធីសាស្ត្រ របស់គាត់?


អ្នកស្រី Wina Lia ម្ចាស់ផ្ទះ

ប្រភព៖ TIME

ដោយ សី

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]