រាជធានីភ្នំពេញ ៖ ពេលនេះ អ្វីៗ ច្បាស់ការណ៍ហើយ គឺអតីតតារាចម្រៀង អ្នកនាងស្រីតូច ចំណាន នឹងចូលរោងជ័យ ជាមួយអ្នកឧកញ៉ាគិត ម៉េង នៅថ្ងៃទី២០ មីនា ឆ្នាំ២០១៥ ។ មង្គលការនេះ ត្រូវគេចាត់ទុកថា ជាមង្គលការធំបំផុត មិនធ្លាប់មាននៅកម្ពុជា ខណៈភ្ញៀវចូលរួមមិនក្រោម ៥ពាន់នាក់ រួមទាំងចំណាយ លើការតុបតែង យ៉ាងសម្បើមនោះ ។

ដំណឹងមង្គលការ របស់អ្នកនាងស្រីតូច ចំណាន និងអ្នកឧកញ៉ាគិតម៉េង ធ្លាប់បានល្បីខ្ចរខ្ចាយ ម្តងរួចមកហើយ កាលពីអំឡុងចុងឆ្នាំ២០១៤ ។ ចំពោះមង្គលការ ដែលនឹងរៀបចំឡើងនោះ សំបុត្ររាប់ពាន់ត្រូវបានចែកចាយ ទៅកាន់មន្ត្រីជាន់ខ្ពស់ មន្ត្រីការទូត អ្នកជំនួញមានមុខមាត់ រូបទាំងបុគ្គលិកក្រុមហ៊ុន កំពូលៗជាច្រើននៅកម្ពុជា ក្នុងនោះអ្នកសិល្បៈមួយចំនួនក៏ត្រូវកូន កំលោះ-ក្រមុំមានកូនប្រុសស្រី៤នាក់នោះផ្តល់កិត្តិយ អញ្ជើញឲ្យចូលរួមផងដែរ ។

បើគេក្រឡេកទៅមើល ភូមិគ្រឹះស្កឹមស្កៃ របស់អ្នកនាងស្រីតូច ចំណាន នៅម្តុំទួលទំពូងវិញ ជាងជួសជុល កែលម្អ ភូមិគ្រឹះបាននិងកំពុងញាប់ដៃញាប់ជើង កែលម្អចាប់តាំងពីខាងក្រៅ រហូតដល់ខាងក្នុង បូករួមទាំងការលាបថ្នាំ ធ្វើសួនច្បារ និងក្រាលកម្រាលជាប្រភេទ នៃឈើប្រណីតក្នុងបន្ទប់មួយចំនួន។ ជាងជួសជុលម្នាក់ឱ្យដឹងថា ការជួសជុលកែលម្អទាំងអស់នឹងត្រូវបញ្ចប់ យ៉ាងហោចណាស់មួយសប្តាហ៍ មុនពេលពិធីមង្គលការ សេដ្ឋីស្រុកខ្មែររូបនេះចូលមកដល់ ។

ក្រៅពីជាងជំនាញ ផ្នែករៀបចំជួសជុល កែលម្អភូមិគ្រឹះនេះ អ្នកជំនាញតុបតែផ្កាស្រស់ ក៏ចាប់ផ្តើម ពិនិត្យគេហដ្ឋាន បណ្តើរៗហើយដើម្បីពិនិត្យមើលគម្រោង ឲ្យបានល្អិតល្អន់។ អ្នកជំនាញ ផ្នែកផ្កាស្រស់ Princess Wedding & Flower ម្នាក់បង្ហើបឱ្យដឹងថា ប្លង់គំរូត្រូវបានរៀបចំ រួចជាស្រេច ហើយនឹងចាប់ផ្តើម ដំណើរការរៀបចំ តុបតែងចាប់ពីថ្ងៃទី១២ ខែមីនាតទៅ ។ ក្រៅពីគ្របដណ្តប់ ដោយផ្កាស្រស់ ថ្លៃៗនៅភូមិគ្រឹះ ហាងផ្កាមួយនេះ ក៏នឹងរៀបចំនៅទីតាំងបដិសណ្ឋារកិច្ច ភ្ញៀវកិត្តិយស រាប់ពាន់នាក់ នៅ៦អគារជាប់គ្នា គឺអគារ G,H,I,J,K,L នៃកោះពេជ្រ។  រីឯសម្អាងការត្រូវបាន ផ្តល់ទៅឲ្យសម្អាងការ របស់អតីតពិធីការិនីល្បីឈ្មោះ ទូរទស្សន៍ជាតិកម្ពុជា អ្នកស្រីសាន់ណារ៉ា ឡងឌី  ។

ពិធីមង្គលការនេះ យកអ្នកជំនាញ ល្បីៗផ្តើមរៀបគម្រោង អស់រយៈពេល ជាច្រើនខែមកហើយ ។ តាមសំបុត្រអញ្ជើញភ្ញៀវ ដែលបោះពុម្ពយ៉ាងប្រណីតបញ្ជាក់ថា មង្គលការនេះ នឹងធ្វើឡើង ក្នុងរយៈពេល២ថ្ងៃ គឺល្ងាចថ្ងៃទី១ នាថ្ងៃទី១៩ ខែមីនាមានពិធីក្រុងពលី ពិធីសូត្រមន្ត និងពិធីសែនព្រេនជីដូនជីតា និងកួចចំណងដៃតូច។

ព្រឹកថ្ងៃទី២គឺមាន ពិធីទទួលទានអាហារពេលព្រឹក ពិធីនិយាយជើងការស្តីដណ្តឹង ពិធីទទួលទាន ស្លាកំណត់ ពិធីភ្ជាប់ព្រលឹង ពិធីសំពះពេលា សំពះផ្ទឹម ពិធីបង្វិលពពិលជាដើម ។ ល្ងាចថ្ងៃទី២ គឺជាពិធីជប់លៀង នៅមជ្ឈមណ្ឌល សន្និបាតកោះពេជ្រ ៦អគារ ដោយមានសន្តិសុខ ជាច្រើនការពារ ។  ពិធីមង្គលការនេះ នឹងក្លាយជាពិធីមង្គលការធំ មិនធ្លាប់មាន និងជាទីចាប់អារម្មណ៍ពីមហាជនទូទៅ ។

អ្នកសិល្បៈដែលស្និទ្ធនឹងអ្នកនាងស្រីតូច ចំណាន បញ្ជាក់ថា អ្នកឧកញ៉ាគិត ម៉េង សម្រេចចិត្តលើកស្ទួយ អ្នកនាងស្រីតូច ចំណាន គឺក្រៅពី « សេចក្តីស្នេហា» ព្រោះតែហេតុផលនាង និងលោកមានរាសីយោងគ្នា ។  លើសពីនេះ មានចិនសែមួយរូបស្នើកុំឲ្យអ្នកឧកញ៉ាគិត ម៉េង បោះបង់អ្នកនាងស្រីតូច ចំណាន។ ម្យ៉ាងអ្នកឧកញ៉ាគិត ម៉េង ចង់ឲ្យកូនទាំង៤នាក់ ដែលជាតំណក់ឈាម ក្លាយជាអ្នកស្នង មរតក ដោយស្របច្បាប់ផង ទើបអាពាហ៍ពិពាហ៍ រៀបចំឡើងនៅថ្ងៃទី២០ មីនា ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]