ព្រៃវែង ៖ អំពើហិង្សាវាយ និងចាក់គ្នាតាម ដងផ្លូវពីសំណាក់ ក្រុមក្មេងស្ទាវ នៅតាមភូមិ ជាលទ្ធផល បណ្ដាលស្លាប់ ម្នាក់និងរបួសធ្ងន់ ៣នាក់ រីឯក្រុមជនបង្ក បានរត់គេចខ្លួនបាត់ ស្រមោលក្រោយ កើតហេតុនោះ ។

សកម្មភាពវាយ និងកាប់ប្រហារគ្នារហូត មានស្លាប់និង របួសខាងលើនេះ អាចបណ្ដាលមក ពីការឈ្លោះ ប្រកែកនៅក្នុង កម្មវិធីរាំលេង សប្បាយនៅ ពិធីមង្គលការ កូនអ្នកភូមិ ស្ថិតនៅភូមិព្រៃឃ្នង ឃុំសំរោង ស្រុក ស្វាយអន្ទរ ខេត្ដព្រៃវែង កាលពីវេលាម៉ោង ១១និង១០នាទី យប់ថ្ងៃទី០៥ ខែមីនា ឆ្នាំ ២០១៥ ។

យោងតាមមន្ដ្រី នគរបាលស្រុកស្វាយអន្ទរ បានឱ្យដឹងថា ជនរងគ្រោះ៤នាក់ត្រូវ បានភាគីម្ខាងទៀត មានគ្នាច្រើន បានពួនស្ទាក់ និងលបវាយចាក់ បណ្ដាលឱ្យ ជនរងគ្រោះម្នាក់ ស្លាប់ពេលដឹកបញ្ជូន ទៅដល់មន្ទីរពេទ្យ ហើយ៣នាក់ ផ្សេងទៀតរង របួសយ៉ាងធ្ងន់ធ្ងរ ។

តាមមន្ដ្រីនគរបាល រូបនេះ ជនរងគ្រោះ ដែលស្លាប់ឈ្មោះ ហាច ពៅ អាយុ២៥ឆ្នាំ រីឯជនរងគ្រោះ ដែលរងរបួសទី១ ឈ្មោះ ព្រិល តាញ់ អាយុ២២ឆ្នាំ ទី២ឈ្មោះ យឺត ច្រូច អាយុ១៩ឆ្នាំ និងទី៣ឈ្មោះ អឿង ប៉ូច អាយុ ២៤ឆ្នាំ ដែលជនរងគ្រោះ ទាំង៤នាក់នេះ រស់នៅភូមិត្រាច ឃុំសំរោង ស្រុកស្វាយអន្ទរ ។

ដោយឡែក ក្រុមជនបង្កវិញ សមត្ថកិច្ចមិន ទាន់អាចបញ្ជាក់ ពីអត្ដសញ្ញាណ នៅឡើយទេ ដោយបច្ចុប្បន្ន បាននឹងកំពុង ធ្វើការស្រាវជ្រាវ ។
យោងតាមរបាយការណ៍ ស្រុកស្វាយអន្ទរ បានឱ្យដឹងថា ក្រោយបង្កហេតុ រួចមកសមត្ថកិច្ច បានរកឃើញ ម៉ូតូមួយ គ្រឿងម៉ាកសង់កូរ៉េ ពណ៌ខៀវ ហើយបច្ចុប្បន្នបាន នឹងកំពុងធ្វើ ការស្រាវជ្រាវ តាមចាប់ក្រុមជនបង្ក ដែលកំពុងរត់ គេចខ្លួននោះ ។

អធិការនគរបាល ស្រុកស្វាយអន្ទរ លោក កាន ពុំ បានឱ្យដឹងថា រហូតមកដល់ រសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៥ សមត្ថកិច្ចរបស់ លោកបាននឹងកំពុង ធ្វើការស្រាវជ្រាវតាម ស្វែងរកក្រុមជនបង្ក ។ យ៉ាងណាក៏ដោយ លោកអធិការមិនទាន់ បានបញ្ជាក់ពី មូលហេតុ ពិតប្រាកដ ដែលនាំ មានអំពើហិង្សាវាយ នឹងកាប់ចាក់ប្រហារគ្នា រហូតដល់ស្លាប់ និងរបួសនោះឡើយ ដោយគ្រាន់តែដឹងថា ហេតុការណ៍ខាងលើ បានកើតឡើងពេល ដែលក្រុមជនរងគ្រោះ កំពុងធ្វើ ដំណើរចេញ ពីកន្លែងរាំវង់ ក្នុងពិធីមង្គលការ បានចម្ងាយ ប្រមាណ១៥០ម៉ែត្រ ។

មន្ដ្រីនគរបាលមូលដ្ឋាន បានបញ្ជាក់ផងដែរថា មុនពេលកើតហេតុនោះ មានកម្មវិធី រាំលេងកំសាន្ដ ក្នុងពិធីមង្គការ កូននៅផ្ទះបុរស ម្នាក់ឈ្មោះ ឃុត សាភឿន អាយុ៥១ឆ្នាំ នៅ ភូមិត្រាច ឃុំសំរោង ស្រាប់តែពេល ចប់កម្មវិធី ជនរងគ្រោះនាំគ្នា ចេញពីកម្មវិធីមង្គលការ ត្រឡប់ទៅផ្ទះ ក៏ជួបមនុស្សមួយក្រុម លបចាក់នៅតាម ផ្លូវតែម្ដងទៅ ។

សម្រាប់សពជនរងគ្រោះ ត្រូវបានសមត្ថ កិច្ចរៀបចំចាត់ចែង ប្រគល់ទៅឱ្យ ក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី ៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]