ភ្នំពេញ ៖ នារីជាសន្ដិសុខ នៅរោងចក្រ ស៊ិនតាយ ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ម្នាក់បានរងការវាយ ប្រហារ ពីការជះ ទឹកអាស៊ីត ស្រោចពេញខ្លួន រលះរលួយតាំងពី ក្បាលរហូត ដល់ចុងជើង គួរឱ្យអាសូរយ៉ាង ពន់ពេក ចំពោះទង្វើដ៏ ព្រៃផ្សៃបែបនេះ ។

តាមការសន្និដ្ឋានដំបូង របស់នគរបាលបាន ឱ្យដឹងថា ការជះទឹកអាស៊ីត ទៅលើនារីរង គ្រោះទាំងព្រឹក ព្រលឹមបែបនេះ អាចផ្ដើមចេញ រឿងស្នេហា ពោលនារីរូបនេះ បានលួច ទំនាក់ទំនងមេត្រីភាព ជាមួយ បុរសជាសន្ដិសុខ រោងចក្រដូចគ្នា ក្នុងរយៈពេលប៉ុន្មាន ខែមកនេះ ។

ស្ដ្រីរងគ្រោះត្រូវបាន ស្ដ្រីម្នាក់ទៀតមិន ទាន់ស្គាល់អត្ដសញ្ញាណ ជះទឹកអាស៊ីតលើ រាងកាយ ពេលកំពុង ធ្វើដំណើរ ទៅធ្វើការ បង្កឱ្យមានការ ភ្ញាក់ផ្អើលនិងការ ជួយអន្ដរាគមន៍ ពីសំណាក់ប្រជាពលរដ្ឋ និងសមត្ថកិច្ច កាលពីវេលាម៉ោង ៦និង១០នាទី ព្រឹកព្រលឹម ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៥ ស្ថិតនៅមុខផ្សារ កាណាស៊ីធី ភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

យោងតាមមន្ដ្រី នគរបាលមូលដ្ឋាន បានឱ្យដឹងថា ស្ដ្រីរងគ្រោះឈ្មោះ អានី អាយុ២០ ឆ្នាំ មុខរបរជា អ្នកបម្រើការងារ ផ្នែកសន្ដិសុខ នៅរោងចក្រ ស៊ិនតាយ និងបច្ចុប្បន្នស្នាក់នៅ ផ្ទះជួល ភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

មន្ដ្រីនគរបាលបាន ដកស្រង់សំដី របស់នារីរងគ្រោះថា មុនពេលកើតហេតុ រូបនាងបាន ដើរទៅធ្វើការ ស្រាប់តែ មាននារីម្នាក់មិនស្គាល់ ឈ្មោះបានជិះ ម៉ូតូមកក្បែរ ហើយសួរថាធ្វើ ការនៅឯណា? ។ ពេលនោះនារី រងគ្រោះ បានឆ្លើយតប ទៅវិញថា ធ្វើជាសន្ដិសុខនៅ រោងចក្រស៊ិនតាយ ប៉ុន្ដែឆ្លើយ មិនទាន់ចប់ ស្រួលបួលផង ស្រាប់តែនារី រូបនោះបានជះ ទឹកអាស៊ីតស្រោច លើរាងកាយ តាំងពីសក់ រហូតដល់ចុងជើង បណ្ដាលឱ្យ សំលៀកបំពាក់ របស់នាងផុយរហែក ដាច់មួយរំពេច ដោយសារតែឥទ្ធិពល នៃទឹកអាស៊ីតនោះ ។

សេចក្ដីរាយការណ៍ពី កន្លែងកើតហេតុបាន ឱ្យដឹងថា ករណីនេះ បានធ្វើឱ្យមាន ការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយប្រជាពលរដ្ឋ បាននាំគ្នា ជួយបាញ់ ទឹកស្រោចទៅ លើនារីរងគ្រោះ ដើម្បីបន្សាប អាស៊ីត រួចហើយបានលើក ដាក់ម៉ូតូដឹកយក ទៅកាន់មន្ទីរពេទ្យ រុស្សី បន្ដការសង្គ្រោះ។

ក្រោយការបង្កហេតុ ដ៏ព្រៃផ្សៃខាងលើនេះ ជនបង្កបានបើក ម៉ូតូគេចខ្លួន ដោយសុវត្ថិភាព ។ ជុំវិញករណី ខាងលើនេះ អធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ លោក យឹម សារ៉ាន់ បានថ្លែងថា ក្រោយការសួរនាំ ពីដំណើររឿងគឺ នារីរងគ្រោះ ធ្លាប់មានទំនាក់ទំនង ជាមួយ បុរសជាសន្ដិសុខ នៅរោងចក្រជាមួយគ្នា ក្នុងរយៈពេល២ ខែកន្លងមក ខណៈដែលភរិយា របស់បុរសរូបនេះ ជាកម្មការិនី នៅក្នុងរោងចក្រ ខាងលើនេះ ។

លោក យឹម សារ៉ាន់ បានបញ្ជាក់ទៀតថា ក្នុងទំនាក់ទំនង រយៈពេល២ខែ ចុងក្រោយនេះ រហូតដល់ប៉ុន្មាន យប់មកនេះ បុរសជាសន្ដិសុខ ខាងលើ មិនបានទៅផ្ទះ នោះឡើយពោល បានទៅដេកនៅ ផ្ទះនារីរងគ្រោះ ស្រាប់តែ នៅព្រឹកព្រលឹម ថ្ងៃទី៦ ខែមីនានេះ ក៏មានការ ជះទឹកអាស៊ីត តែម្ដងទៅ ។

យ៉ាងណាក៏ដោយនោះ អធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ មិនទាន់អាចបញ្ជាក់ពី អត្ដញ្ញាណជនបង្ក ពិតប្រាកដនោះឡើយ ដោយពេលនេះ បាននឹងកំពុង ធ្វើការស្រាវជ្រាវ យ៉ាងយកចិត្ដទុកដាក់ ដើម្បីតាមចាប់ យកមកផ្ដន្ទាទោស តាមផ្លូវច្បាប់ ។

ករណីវាយប្រហារ តាមរយៈការជះទឹក អាស៊ីតជាទង្វើ ដ៏ព្រៃផ្សៃ និងជាទោសព្រហ្មទណ្ឌ បានស្ងប់ស្ងាត់ អស់រយៈពេល ជាយូរមកហើយ ទើបតែពេលនេះ បានកើតឡើង សាជាថ្មី ប៉ះចំនារីសន្ដិសុខ នៅរោងចក្រ ។ សម្រាប់ស្ថានភាព ជំងឺរបស់នាង ដែលកំពុងសម្រាក ព្យាបាលនៅ មន្ទីរពេទ្យរុស្សី មិនទាន់ដឹងថា ធ្ងន់ធ្ងរ បែបណានោះទេ ប៉ុន្ដែ តាមមើលជាក់ស្ដែង និងធ្វើឱ្យប៉ះពាល់ យ៉ាងធ្ងន់ធ្ងរ លើរាងកាយ ជាពិសេស ភ្នែកទាំងពីរ តែម្ដង ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]