ភ្នំពេញ៖ ជាការពិត ម៉ូតសម្លៀកបំពាក់ ជាផ្នែកមួយដ៏សំខាន់ ដែលជួយលើកសម្រស់ ឲ្យកាន់តែ ស្រស់ស្អាត ថែមមួយកម្រិតទៀត។ សម្រាប់ ថ្ងៃនេះផងដែរ ខ្មែរឡូតបង្វែរអារម្មណ៍ប្រិយមិត្ត មកជួបជាមួយ ម៉ូតសម្លៀកបំពាក់កូនក្រមុំស្អាតៗ ក្នុងថ្ងៃរៀបការ របស់ស្នាដៃ បងស្រីដ៏ ចំណានម្នាក់។

បងស្រីនាង អាយុ៣២ឆ្នាំ ដែលមាន ទីលំនៅ នៅរាជធានីភ្នំពេញ  និងពេលបច្ចុប្បន្ននេះ គាត់មាន មុខរបរអាជីព ជាអ្នកច្នៃម៉ូតអាវកូនក្រមុំ ដ៏ជំនាញ ម្នាក់ បានប្រាប់ខ្មែរឡូតឲ្យដឹងថា គាត់ប្រកបអាជីពនេះ ជិត២ឆ្នាំ តាំងពី២០១៣មកម៉្លេះ ដោយបានបើកហាងផ្ទាល់ខ្លួន ដាក់ឈ្មោះថា "DMG" ។

តើគាត់យល់ឃើញយ៉ាងណា បានបើកអាជីពជាអ្នកច្នៃម៉ូតនេះ?

បងស្រីនាង បាននិយាយថា "តាមពិតទៅ ពីដំបូង ខ្ញុំត្រឹមតែជាអ្នកកាត់ដេរធម្មតាមួយរូប គ្មានគំនិត ចង់បើកហាង រឺក៏ចង់ច្នៃម៉ូត ដោយខ្លួនឯង នោះទេ ប៉ុន្តែដោយសារតែមិត្តភក្កិ បានជម្រុញចិត្ត របស់ខ្ញុំថា ច្នៃម៉ូតសម្លៀកបំពាក់ខ្លួនឯងវិញ ស្រួល និងប្រសើរជាង។ ដូច្នេះហើយខ្ញុំ ក៏បាន យកគំនិត របស់មិត្តភក្កិ ទៅពិចារណា រហូតដល់ឆ្នាំ២០១៣ ទើបខ្ញុំ សម្រេចចិត្តបើកហាងច្នៃម៉ូត ជួលបុគ្គលិក និងដាក់ផ្លាកថា DMG តែម្តង ដោយឈ្មោះនេះ ជាឈ្មោះរបស់កូនប្រុសរបស់ខ្ញុំទាំង៣ ដែល បូកផ្សំបញ្ជូលគ្នា"។

បច្ចុប្បន្ននេះ ហាងច្នៃម៉ូតសម្លៀកបំពាក់ជាច្រើន រីកលូតលាស់ដូចផ្សិត សម្រាប់ហាងរបស់បងស្រីនាង មានគន្លឹះអ្វីខ្លះ  ក្នុងការទាក់ចិត្តភ្ញៀវ ឲ្យជ្រើសរើសយក ហាងDMGនេះ?

"សព្វថ្ងៃនេះ មានហាងច្នៃម៉ូតសម្លៀកបំពាក់ កូនក្រមុំជាច្រើន ដែលសុទ្ធតែទទួលបានការគាំទ្រផងដែរ ប៉ុន្តែសម្រាប់ហាងរបស់ខ្ញុំ គឺសង្កត់ធ្ងន់ លើគុណភាព និងស្នាដៃនៃការច្នៃ ប៉ាក់ឌិន ចែងចាំង។ សម្រាប់មនុស្សជាច្រើន គ្រាន់តែក្រឡេកមើល គឺអាចស្គាល់បានថា ជាអាវ ដែលខ្ញុំ បានច្នៃដោយខ្លួនឯង ព្រោះថា ម៉ូតអាវក្រមុំនិមួយៗ ចេញមក គឺមានពន្លឺភ្លឺផ្លេក ជាមួយនឹង ការប៉ាក់ឌិនដ៏ស្រស់ស្អាត។ ចំនុចនេះហើយ ដែលភ្ញៀវជាច្រើន បានជ្រើសរើស និងសម្អាងការល្បីៗជាច្រើន អាចរាប់បានថា ជាង១០សម្អាងការ ពេញចិត្ត នៃការរចនាម៉ូតអាវកូនក្រមុំរបស់ខ្ញុំ  ។ សម្រាប់ម៉ូត សម្លៀកបំពាក់ ខ្ញុំប្រើគំនិតខ្លួនឯងខ្លះ យកពីបរទេសខ្លះ ព្រោះថា កូនក្រមុំមួយចំនួនចង់បាន ម៉ូតបែបអ៊ឺរ៉ុប អ្នកខ្លះ ចង់បានបែប បុរាណខ្មែរ ជាដើម។ ហើយម៉ូតអាវក្រមុំនិមួយៗ ចំណាយពេលយ៉ាងតិច១អាទិត្យ អាស្រ័យលើការប៉ាកឌិនច្រើន រឺក៏តិច"។ បងនាង និយាយ។

ផលលំបាក នៃការចាប់អាជីពនេះ?

បងនាងបន្ថែមថា "ជាការពិត គ្មានការងារណា ដែលថា មិនជួបផលលំបាកនោះទេ  ជូនកាលមានតិច រឺក៏ច្រើនតែប៉ុណ្ណឹង។ សម្រាប់ហាងរបស់ ខ្ញុំវិញ មានផលលំបាកបន្តិចបន្តួច ចំពោះភ្ញៀវខ្លះ មានការរអ៊ូរទាំ បន្តិចបន្តួច ព្រោះពេលខ្លះ ពួកគេសុំបញ្ចុះតម្លៃ រឺក៏រង់ចាំអាវយូរជាដើម"។

ចំណូលប្រចាំខែ?

អ្នកច្នៃម៉ូតរូបនេះបាននិយាយថា "អាជីពជាអ្នកច្នៃម៉ូតអាវ មិនអាចឲ្យសល់ថវិកាច្រើននោះទេ គ្រាន់តែអាចរួចខ្លួនខ្លះតែប៉ុណ្ណោះ។ បើគិតជាមធ្យម ក្នុងមួយខែ ខ្ញុំអាចរកចំណូល ពីចន្លោះ ២០០០ដុល្លារ ទៅ៣០០០ដុល្លារ បន្ទាប់ពីកាត់ថ្លៃចំណាយចេញអស់"។  

ចំពោះថ្ងៃអនាគតវិញ តើបងស្រីនាង ចង់ពង្រីកហាងឲ្យធំ រឺក៏បែងចែកសាខាផ្សេងៗទៀត?

"ចំពោះថ្ងៃអនាគត ខ្ញុំនឹងពង្រីកហាងសព្វថ្ងៃនេះឲ្យធំ ព្រោះថាប្រសិនបើ ខ្ញុំបើកសាខាផ្សេងទៀត គឺខ្ញុំមិនអាចមានពេល គ្រប់គ្រាន់នោះទេ។ ជាចុងក្រោយ ខ្ញុំសូមអរគុណ ចំពោះការគាំទ្រ និងពេញចិត្ត ស្នាដៃច្នៃម៉ូតអាវកូនក្រមុំរបស់ខ្ញុំ"។  សម្តីរបស់បងស្រីនាង៕

តោះក្រឡេកមើល ស្នាដៃនៃម៉ូតសម្លៀកបំពាក់ ដែលបងស្រីនាង បានច្នៃបន្តិចមើល ថាស្រស់ស្អាត កម្រិតណា៖







បងស្រី នាង ម្ចាស់ហាងច្នៃម៉ូតអាវក្រមុំ   DMG


បុគ្គលិក នៅក្នុងហាង DMG


ហាងច្នៃម៉ូតអាវកូនក្រមុំ DMG

ខាងក្រោមជាកិច្ចសំភាសន៍ខ្លីៗ ជាមួយបងស្រីនាង ជាម្ចាស់ហាងច្នៃម៉ូត៖



ដោយ៖ កា& ជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]