បារាំង៖ គ្រោងឆ្អឹងមនុស្ស ប្រមាណជាង ២០០ ត្រូវបានរកឃើញ ដោយចៃដន្យ នៅក្រោមដីផ្សារទំនើបមួយកន្លែង ក្នុងទីក្រុងប៉ារីស បន្ទាប់ពី ម្ចាស់ផ្សារធ្វើ ការជួសជុស និង ពង្រីកបន្ទប់ ក្រោមដីសំរាប់ដាក់ឥវ៉ាន់ក្នុងផ្សារ។

ប្រភពសារព័ត៌មាន បានឲ្យដឹងថា អ្នកបុរាណវិទូ នៃវិទ្យាស្ថានជាតិការពារ និង ស្រាវជ្រាវបុរាណវត្ថុ  (INRAP)  បានចុះទៅ ត្រួតពិនិត្យ និង ចំណាយពេល ជាច្រើនថ្ងៃ ក្នុងការធ្វើកំណាយនូវ គ្រោងឆ្អឹងមនុស្ស ក្រោយពីមានការប្រទះឃើញ គ្រោងឆ្អឹងមនុស្ស នៅក្រោមផ្សារទំនើប Monoprix កាលពីពេលថ្មីៗនេះ។

ក្នុងនោះដែរ អ្នកបុរាណវិទូ រកឃើញថា គ្រោងឆ្អឹងមនុស្សទាំងអស់ ត្រូវបានកប់យ៉ាងមានរបៀប រៀបរយជិតៗគ្នា ដែលមានរហូតទៅដល់ ជាង ២០០ គ្រោងឆ្អឹងមនុស្ស។ លើសពីនេះ គ្រោងឆ្អឹងទាំងអស់ ត្រូវបានគេជឿជាក់ថា ជាគ្រោងឆ្អឹងនៃសាកសពជនរងគ្រោះ ដែលបានស្លាប់ ដោយសារ កើតរោគឆ្លងរាលដាល មួយប្រភេទ ដែលកើតមានក្នុងប្រទេសបារាំង កាលពីជាង ៥សតវត្សមុន។

យ៉ាងណាមិញ បើតាមសំដីលោក Pascal Roy ដែលជាម្ចាស់គ្រប់គ្រង ផ្សារទំនើប Monoprix នេះ បាននិយាយថា ពួកគាត់បានដឹងរួចហើយថា ផ្សារទំនើបនេះ បានសាងសង់ចំកន្លែង ដែលជាអតីតមន្ទីរពេទ្យ Trinite បុរាណមួួយ តាំងពីសតវត្សទី ១២ ហើយគាត់បានបន្ថែមឲ្យដឹងថា គាត់មិន នឹកស្មានថា ផ្សារទំនើបនេះ បានសាងសង់ នៅពីលើកន្លែង បញ្ចុះសពសម័យបុរាណ ដ៏ធំមួយបែបនេះ នោះឡើយ ។


ផ្សារទំនើប Monoprix ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង  មានគ្រោងឆ្អឹងមនុស្សក្រោមដី

គួរបញ្ជាក់ដែរថា អ្នកជំនាញជាច្រើន បានយល់ថា កន្លែងកប់សាកសពនេះ គឺមានលក្ខណៈខុសពីធម្មតា ដោយសារតែមាន សាកសពជាច្រើន ដាក់នៅកន្លែងតែមួយ។ បន្ថែមពីនេះ អ្នកជំនាញទាំងនោះថា ទីកន្លែងកប់សាកសពដ៏ធំនេះ នឹងផ្តល់ឱកាសល្អ ដើម្បីឲ្យពួកគេអាច សិក្សាអំពីរបៀប និង ការអនុវត្តន៍ សាកសពត្រូវបញ្ចុះ ធ្វើឡើងតាំងពី ជាង ៥ សតវត្សមុន ។

ក្រុម អ្នកបុរាណវិទូ ពេលនេះកំពុងតែធ្វើតេស្ត DNA លើគ្រោងឆ្អឹងទាំងនេះ ដើម្បីអាចកំនត់ ពេលវេលា ច្បាស់លាស់មួយ នៃគ្រោងឆ្អឹង ហើយ បន្ទាប់ពី ការធ្វើតេស្តនេះ ត្រូវបានបញ្ចប់ គ្រោងឆ្អឹងទាំងអស់នឹង ត្រូវយកចេញពី ក្រោមផ្សារទំនើប ដើម្បីយកទៅរក្សាទុក និងធ្វើការសិក្សាលើ គ្រោងឆ្អឹង ទាំងនេះបន្តទៀត៕  






សកម្មភាព ធ្វើកំណាយរបស់អ្នកបុរាណវិទូបារាំង

ប្រភព Dailymail

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]