អាមេរិក៖ មនុស្សជាច្រើន បានភ្ញាក់ផ្អើល និងកោតសរសើរ ចំពោះបុរស វ័យចំណាស់ម្នាក់ ដែលតស៊ូ ដើរទៅធ្វើការ ចំងាយជាង ៥៦គីឡូម៉ែត្រ ដើម្បីរកប្រាក់ កំរៃមក មើលថែប្រពន្ធ របស់ខ្លួន ដែលមានជំងឺ ប្រចាំកាយ។

យោងតាមប្រភព ព័ត៌មានបាន ឲ្យដឹងថា បុរសវ័យ ៦១ឆ្នាំម្នាក់ ឈ្មោះថា Steven Simoff បានធ្វើដំណើរ ពីផ្ទះដែល នៅក្នុងទីក្រុង Davis ដោយថ្មើរជើង មកកាន់កាស៊ីណូ Lakeside នៃទីក្រុង Osceola រដ្ឋ Iowa សហរដ្ឋអាមេរិក ដែលជាកន្លែង ធ្វើការរបស់គាត់ ក្នុងរយៈចម្ងាយ ប្រមាណជាង ៥៦គីឡូម៉ែត្រ និងចំណាយ រយៈពេល ជាមធ្យម ៤ម៉ោង សម្រាប់ដើរ ពោលគឺគាត់ ត្រូវចេញដំណើរ នៅម៉ោង ៣:៣០ល្ងាច ដើម្បីមកឲ្យ ទាន់ម៉ោងការងារ ពេលយប់ របស់គាត់ គឺនៅម៉ោង ១១យប់។


Steven ដើរចម្ងាយជាង ៥៦គីឡូម៉ែត្រ ពីផ្ទះទៅ កន្លែងធ្វើការ ដើម្បីរកប្រាក់ មើលថែប្រពន្ធ

សព្វថ្ងៃនេះ Steven រស់នៅ ជាមួយប្រពន្ធ របស់គាត់ ឈ្មោះថា Renee ដែលមានបញ្ហា រោគបេះដូង ព្រមទាំង ធ្លាប់កើតជំងឺដាច់ សរសៃឈាម ក្នុងខួរក្បាល កាលពី ៩ឆ្នាំមុន រួមជាមួយ នឹងចៅប្រុស ម្នាក់វ័យ២២ឆ្នាំ ដែលមិនទាន់ មានការងារធ្វើ នៅឡើយ ហើយប្រាក់ចំណាយ ប្រចាំថ្ងៃគឺ ពឹងផ្អែកលើ ប្រាក់ដែល រកបានក្នុង នាមជាអ្នកយាម នៅឯកាស៊ីណូ ចំនួន ៩.០៧ដុល្លារ ក្នុង១ម៉ោង ប៉ុណ្ណោះ។

Steven បាននិយាយថា “រឿងសំខាន់ ២យ៉ាងដែល ខ្ញុំគិតរាល់ថ្ងៃ គឺគ្រួសារ និងការងារ ព្រោះថាមាន តែការងារ ទេដែលអាច ទ្រទ្រង់គ្រួសារ របស់ខ្ញុំបាន ព្រោះថាបើ ខ្ញុំមិនធ្វើការ តើបានប្រាក់ ឯណាសម្រាប់ ទិញថ្នាំ មើលថែ ប្រពន្ធរបស់ខ្ញុំ និងចំណាយ សម្រាប់គ្រួសារ។ ឲ្យតែជើង របស់ខ្ញុំ ទាំង២នៅ ដើរបានល្អ ឲ្យតែសុខភាព របស់ខ្ញុំ នៅល្អប្រក្រតី ខ្ញុំនឹងបន្ត ការងារនេះ ជានិច្ច មិនផ្លាស់ ប្តូរនោះឡើយ”។


រូបភាពៈ ផែនទីនៃ រយៈចម្ងាយ ផ្លូវដើរ ពីផ្ទះទៅ កន្លែងការងារ របស់ Steven

គួរបញ្ជាក់ផងដែរថា ព្រោះតែតម្លៃ ផ្ទះជួលនៅ ក្បែរតំបន់ កន្លែងការងារ របស់គាត់ មានតម្លៃខ្ពស់ពេក ទើបគាត់សម្រេច ចិត្តមកជួលផ្ទះ នៅក្នុងទីក្រុង Davis ដែលមានតម្លៃ ត្រឹមតែ ៤០០ដុល្លារ ក្នុង១ខែវិញ។ ម្យ៉ាងវិញទៀត គាត់ក៏មាន រថយន្តម៉ាក Ford Windstar minivan 2002 មួយគ្រឿងដែរ តែដោយសារ មិនអាចលៃលក ថ្លៃសាំងបាន ទើបគាត់ទុកចោល ជំនួសដោយ ការដើរមក ធ្វើការរាល់ថ្ងៃវិញ ដោយឡែក ពេលដែលចេញ ពីធ្វើការ មកផ្ទះវិញ គាត់ដើរត្រឹម តែ១២គីឡូម៉ែត្រ ប៉ុណ្ណោះ ព្រោះថាមាន អ្នកធ្វើការ ជាមួយគាត់ ជួយជូនបាន ត្រឹមពាក់ កណ្តាលផ្លូវ ផងដែរ។

នេះគឺជា រឿងនៃជីវិតមួយ ដែលបង្ហាញពី ភាពលះបង់ និងតស៊ូ របស់បុរស ជាប្តីវ័យចំណាស់ ម្នាក់ដែល សុខចិត្តដើរ ពីផ្ទះទៅ កន្លែងធ្វើការ ក្នុងចំងាយ ៥៦គីឡូម៉ែត្រ ដោយមិនមាន ពាក្យត្អូញត្អែរ ណាមួយ សូម្បីតែ មួយម៉ាត់៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?


រូបភាពៈ Steven ថើបប្រពន្ធ របស់គាត់ មុនពេលចេញ ទៅធ្វើការ


Steven រួមជាមួយនឹង ចៅប្រុស និងប្រពន្ធ របស់គាត់

ប្រភព៖ ដេលីម៉េល

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]