បរទេស៖ ចំពោះប្រិយមិត្ដ ដែលចូលចិត្តភ្លក្ស រសជាតិអាហារប្លែកៗ ពិតជាពេញចិត្ត និងប្លែកអារម្មណ៍ ព្រោះថ្ងៃនេះ ខ្មែរឡូត នឹងនាំប្រិយមិត្ត ទាំងអស់ ទៅទស្សនា សារមន្ទីរចំណីអាហារ កំពូលៗ ទាំង១១ របស់ពិភពលោក ទៅតាមតំបន់ផ្សេងៗគ្នា។ ដំណើរទស្សនកិច្ច ទៅកាន់សារមន្ទីរអាហារ គឺជាវិធី ដ៏ល្អដើម្បីទទួលបាន នូវបរិយាកាសថ្មី និងរសជាតិប្លែក ខុសពីអាហារក្នុងតំបន់ ដែលយើងទទួលទានរាល់ថ្ងៃ។ ខាងក្រោមនេះគឺ ជាសារមន្ទីរអាហារ ដ៏ល្បីល្បាញមួយចំនួន របស់ពិភពលោក និងប្រវត្តិខ្លះៗរបស់វា៖

១) សារមន្ទីរ គ្រឿងទេសហិរ Colman's (ក្រុង Norwich, អង់គ្លេស)

សារមន្ទីរ Colman's Mustard Shop បានចាប់ផ្តើម ល្បីល្បាញជាលើកដំបូង នៅឆ្នាំ ១៩០១ និងបង្កើតដោយលោក Robert Scott ប៉ុន្តែវាមិនបានបើក អោយដំណើរការ រហូតដល់ឆ្នាំ ១៩៧៣។ បន្ទាប់មក សារមន្ទីរនេះ បានបើកទំព័រប្រវត្តិសាស្រ្ត ជាមួយផ្លាកយីហោដ៏ល្បី Colman's នៃគ្រឿងទេសហិរ ដ៏ពេញនិយម។

២) សារមន្ទីរ Shin-Yokoham Raumen (ក្រុង Yokoham, ជប៉ុន)


សារមន្ទីរ Shin-Yokoham Raumen ជាទីកន្លែងដ៏ធំមួយ សំរាប់អ្នកដែលចង់ ភ្លក្សរសជាតិពិត នៃមីបុរាណ (Raumen) របស់ជប៉ុន។ នៅជាន់ទីមួយ មានការតាំងបង្ហាញអំពី ប្រវត្តិសាស្រ្ត និងដើមកំណើតរបស់មី បុរាណជប៉ុន ព្រមទាំងចានបុរាណ និងចានខ្លះទៀត ជាស្នាដៃរបស់និស្សិតផ្សេងៗ។ ចំណែកជាន់ក្រោមដី មានការចម្លងម៉ូត តាម Shitamachi (ទីក្រុងជប៉ុន ចាស់) និងភោជនីយដ្ឋានចំនួនប្រាំបួន ដែលមានបំរើនូវ មីបុរាណជប៉ុន ដែលមានរសជាតិខុសៗគ្នា ទៅតាមតំបន់។

៣) សារមន្ទីរ Frietmuseum (ក្រុង Bruges, ប៊ែលហ្ស៊ិក)


សារមន្ទីរ Frietmuseum ហាក់មើលទៅ មិនមែនជាកន្លែង អស្ចារ្យនោះទេ ប៉ុន្តែវាជាកន្លែង សាងសង់ឡើង ដើម្បីឧទ្ទិសដល់ ការរកឃើញនូវ ដំឡូងបំពង ដែលបង្កើតឡើងដោយ ប្រទេសប៊ែលហ្ស៊ិក។ នៅទីនោះ មានការតាំងពិព័រណ៌នូវដំឡូង ដែលត្រូវបានគេរកឃើញ ជាលើកដំបូង នៅក្នុងប្រទេសប៉េរូ រយៈកាល ១០ ០០០ឆ្នាំ មកហើយ។

៤) សារមន្ទីរ Udon (ក្រុង Kyoto, ជប៉ុន)


មី Udon ជាម្ហូបដ៏ពេញនិយម របស់ប្រទេសជប៉ុនមួយទៀត ដែលត្រូវបានបង្ហាញ ក្នុងសារមន្ទីរ Udong ក្រុង Kyoto ដែលអនុញ្ញាតឲ្យភ្ញៀវទេសចរ ស្វែងយល់បន្ថែម អំពីប្រភេទមី ស្រូវសាលី ខុសៗគ្នានៃប្រទេសជប៉ុន។ មានមី Udon ចំនួន ៣៥ប្រភេទ ដែលឃើញមាន នៅក្នុងសារមន្ទីរនេះ ដែលតំបន់និមួយៗ ក្នុងប្រទេសជប៉ុន មានមី Udon របស់ខ្លួន និងរបៀបនៃការបរិភោគវា គឺមានលក្ខណៈ ខុសពីគ្នា។

៥) សារមន្ទីរ ឈីសហូឡង់ (ក្រុង Alkmaar, ហូឡង់)


ក្នុងសារមន្ទីរ ឈីសហូឡង់ មានតាំងបង្ហាញប្រភេទ ឈីស (Cheese) ច្រើនប្រភេទ ដូចជា Gouda, Edam, Leerdammer, Leyden, Maaslander, Maasdam។ ភ្ញៀវទេសចរ ប្រហែលជាស្គាល់ឈ្មោះ ឈីសទាំងនេះ ដោយវាមានឈ្មោះដូចជាទីក្រុង នៅប្រទេសហូឡង់ដែរ។ គោលបំណងនៃ សារមន្ទីរនេះ គឺដើម្បីអប់រំ ប្រជាជនពួកគេ អំពីដើមកំណើតរបស់វា។

៦) សារមន្ទីរ York's Chocolate Story (ក្រុង York, អង់គ្លេស)

សារមន្ទីរ York's Chocolate Story ជាសារមន្ទីរ តាំងបង្ហាញ ស្ករសូកូឡា និងចង្វាក់ផលិតកម្មរបស់វា ដែលរៀបចំតុបតែង យ៉ាងស្រស់ស្អាត ដែលមានទីតាំងនៅភាគ ខាងជើងប្រទេសអង់គ្លេស។ ទោះបីជាអ្វីៗ ជាច្រើនបានផ្លាស់ប្តូរ អស់ជាច្រើនសតវត្ស មកហើយ ក៏សារមន្ទីរនេះ នៅតែជាផ្ទះសូកូឡា ដ៏ល្បីល្បាញ ដែលមានអាយុកាល ជាង៣០០ឆ្នាំ របស់ប្រទេសអង់គ្លេស។

៧) សារមន្ទីរ គីមឈី (ក្រុង Seoul, កូរ៉េខាងត្បូង)


Kimchi Museum វាជាសារមន្ទីរ ម្ហូបអាហារតែមួយគត់ ដែលតាំងបង្ហាញពី គីមឈី គ្រប់ប្រភេទ នៅកូរ៉េខាងត្បូង និងមានមនុស្សជាងមួយសែននាក់ បានមកទស្សនា ចាប់តាំងពីវាបានបើក រយៈពេល ២០ឆ្នាំកន្លងមក។ នៅទីនោះ មានបណ្ណាល័យ ដែលពោរពេញ ទៅដោយសៀវភៅឯកសារយោង និងឯកសារពីការសិក្សា អាហារប្រភេទ ជ្រក់ផ្សេងៗ។

៨) សារមន្ទីរ Currywurst (ក្រុងប៊ែកឡាំង)


សារមន្ទីរ Currywurst គឺជាកន្លែងមួយដ៏ ក្រអូបឈ្ងុយ នៃគ្រឿងទេស ដែលអនុញ្ញាតឲ្យភ្ញៀវទេសចរ បញ្ចេញស្នាដៃ ចំអិនម្ហូបអាហារដែលខ្លួន ពេញចិត្ត ពីគ្រឿងផ្សំ ពិសេសនៃគ្រឿងទេស ទាំងនោះ ដើម្បីប្រកួតចម្អិនអាហារ ដែលច្នៃឡើងដោយខ្លួនឯងផ្ទាល់។

៩) សារមន្ទីរអាហារភាគខាងត្បូង និងភេសជ្ជៈ (ក្រុង New Orleans)


សារមន្ទីរ Southen Food and Beverage ជាទីកន្លែងដែលឆ្លុះបញ្ចាំង ពីវប្បធម៌ និងប្រពៃណី របស់អាមេរិកខាងត្បូង ហើយភ្ញៀវទេសចរ ពិតជាទទួលបានការស្វាគមន៍ យ៉ាងកក់ក្តៅ ពីមនុស្សភាគខាងត្បូង នៅទីនោះ។ មិនដូចជាសារមន្ទីរ ជាច្រើនផ្សេងទៀត  វាបានអនុញ្ញាត ឲ្យប្រជាជនបរិភោគម្ហូបអាហារ និងភេសជ្ជៈផងដែរ។ ពួកគេអាចទទួលទាន បង្កង ភេសជ្ជៈឆ្ងាញ់ៗ និងស្រាក្រឡុកអាមេរិក នៅទីនោះដោយរីករាយ។

១០) សារមន្ទីរដំឡូងកាណាដា (Prince Edward Island, កាណាដា)


សារមន្ទីរ Canadian Potato ជាទីកន្លែងតាំងបង្ហាញនូវ គំនូរពណ៌ រួមនឹងការតាំងពិព័រណ៌ ដ៏ធំបំផុតរបស់ពិភពលោក ទាក់ទងនឹងដំឡូង និងគ្រឿងម៉ាស៊ីនកសិកម្ម ព្រមទាំងចម្លាក់ដំឡូង ដ៏ធំបំផុតរបស់ពិភពលោក។

១១) សារមន្ទីរផលិតកម្មប្រេងអូលីវ (ក្រុង Lesvos, ក្រិក)

សារមន្ទីរ Olive Oil Production បានផ្តោតពិសេស លើរបៀបឧស្សាហកម្មប្រេង អូលីវ របស់ប្រទេសក្រិក។ សារមន្ទីរនេះ មានអគារថ្ម ដ៏ស្រស់ស្អាត ហើយបានអនុញ្ញាតឲ្យភ្ញៀវទេសចរ រៀនអំពីអ្វីគ្រប់យ៉ាង ដែលបានមកពីការដាំដុះ នៃដើម អូលីវ និងការចំរាញ់យកប្រេងរបស់វា ម្យ៉ាងវិញទៀត វាក៏ជាទីកន្លែង ត្រួតពិនិត្យគុណភាព ប្រេងអូលីវផងដែរ៕

ប្រភព CNN

ដោយ Luhan

ខ្មែរឡូត 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]