ភ្នំពេញ៖ ក្រោយពីការចុះ ទៅរៀបចំឱ្យ ដំណើរការ ចរាចរណ៍ឯកទិស លើកំណាត់ផ្លូវ សុធារស ចាប់ផ្លូវកែង ស្ថានទូតរុស្សី រហូតមកដល់ ចំណុចភ្លើងស្ដុប ជលផលមកនោះ នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៥នេះ នគរបាលចរាចរណ៍ ជាច្រើននាក់ បានដាក់ គោលដៅចាប់ ផាកពិន័យ ចំពោះអ្នកធ្វើ ដំណើរតាមរថយន្ដ និងតាមម៉ូតូ ដែលបើក បញ្ច្រាសទិស ពោលបត់ចូល តាមផ្លូវសុធារស ត្រង់ចំណុច ភ្លើងស្ដុបនោះ ។

នាយរងការិយាល័យ ចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ លោកវរសេនីយ៍ទោ ប៉ែន ឃុន ដែលដឹកនាំ ការត្រួតពិនិត្យ នៃការចាប់ផាក ពិន័យអ្នកធ្វើ ដំណើរបញ្ច្រាសទិស ចរាចរណ៍ បានមានប្រសាសន៍ថា សុពលភាព នៃការចាប់ ផាកពិន័យនោះ បានកើតឡើង ក្រោយពី ស្លាកសញ្ញាបង្ហាញ ពីចរាចរណ៍ ត្រូវបានដាក់បង្ហាញ ។

គេសង្កេតឃើញថា ស្លាកសញ្ញាហាមឃាត់ បត់ចូលតាម ផ្លូវសុធារស ត្រង់ចំណុច ភ្លើងស្ដុបជលផល ត្រូវបានសមត្ថកិច្ច ដាក់បង្ហាញ ដើម្បីប្រាប់ទៅ អ្នកដំណើរគ្រប់រូបថា មិនអាចបត់ ចូលបានឡើយ ពោលមានតែ សិទ្ធិចេញប៉ុណ្ណោះ ។

បើទោះស្លាកសញ្ញា មួយផ្ទាំងធំ ដែលមាន សញ្ញា ហាមចូលពណ៌ក្រហម ឆ្នូតស ខាងក្នុង ត្រូវដាក់បញ្ឈរ ត្រង់ចំណុច ភ្លើងស្ដុប ចូលទៅផ្លូវសុធារស ក៏ដោយនោះ ប៉ុន្ដែប្រជាពលរដ្ឋ មួយចំនួន នៅតែបន្ដរំលោភ ដោយបើកម៉ូតូ និងបើក រថយន្ដចូល ។ ហេតុដូច្នេះហើយ កម្លាំងនគរបាល ចរាចរណ៍ ជាច្រើននាក់ បានដាក់គោលដៅ ចាប់ផាកពិន័យ ចំនួន៣ទីតាំង ។

លោកប៉ែន ឃុន បានថ្លែងឱ្យដឹងថា ចំពោះប្រជាពលរដ្ឋ ដែលមិនទាន់ បានយល់ដឹង និងទទួលបាន ព័ត៌មាននៃ ការហាម ឃាត់ធ្វើដំណើរតាម ផ្លូវសុធារស ពីចំណុចភ្លើងស្ដុប ឆ្ពោះទៅផ្លូវកែង ស្ថានទូតរុស្សីនោះ នគរបាលចរាចរណ៍ បានស្ទាក់ចាប់ ផាកពិន័យនិង ពន្យល់ពួកគាត់ ឱ្យបានជ្រាប ងាយស្រួលថ្ងៃក្រោយ កុំបន្ដ រំលោភបំពាន ។

គួរបញ្ជាក់ថា សាលារាជធានីភ្នំពេញ បានកំណត់ផ្លូវ សុធារស ឱ្យដំណើរការ ចរាចរណ៍ឯកទិស ពោលអ្នកធ្វើ ដំណើរ មានសិទ្ធិ តែធ្វើដំណើរពី កែងផ្លូវស្ថានទូត រុស្សី មកចំណុចភ្លើងស្ដុប ជលផលប៉ុណ្ណោះ ប៉ុន្ដែពុំមាន សិទ្ធិបត់ចូល តាមភ្លើងស្ដុប នោះឡើយ ដែលការសម្រេចនេះ ក្នុងគោលបំណងកាត់បន្ថយ ការកកស្ទះចរាចរណ៍ ដែលតែងតែកើត មានឡើង ជាពិសេសនៅ ពេលល្ងាច ។



លោក ប៉ែន ឃុន នាយរងការិយាល័យ ចរាចរណ៍ផ្លូវគោក ចុះដឹកនាំការរៀបចំ និងការចាប់ផាកពិន័យ តាមផ្លូវសុធារស




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]