អង់គ្លេស៖ កាលពីពេលថ្មីៗនេះ អ្នកវិទ្យាសាស្ត្រ បានបញ្ចេញ ការព្រមានមួយ ទាក់ទងនឹង ការប្រើប្រាស់ ថ្នាំប្រភេទ ប៉ារ៉ាសេតាមុល ដោយលើកឡើងថា ការប្រើថ្នាំនេះ ជាប្រចាំនឹង អាចឲ្យ មនុស្សប្រឈមមុខ នឹងការ ឆាប់ស្លាប់ ព្រមទាំងអាច កើតជំងឺកាច សាហាវជាច្រើន ផ្សេងទៀត។

យោងតាមប្រភព របាយការណ៍របស់ ក្រុមអ្នកវិទ្យាសាស្ត្រ នៃវិទ្យាសា្ថន វេជ្ជសាស្ត្រផ្នែក រោគសន្លាក់ឆ្អឹង និងសាច់ដុំ របស់ប្រទេស អង់គ្លេស បានឲ្យដឹងថា ការប្រើប្រាស់ ថ្នាំប៉ារ៉ាសេតាមុល ក្នុងរយៈពេលយូរ បានធ្វើឲ្យមនុស្ស ជួបប្រទះនឹង ជំងឺកាចសាហាវ ជាច្រើន ដូចជា បញ្ហាបេះដូង និងរោគដាច់ សរសៃឈាម ក្នុងខួរក្បាល ជាដើម ជាពិសេស គឺអាចធ្វើឲ្យ ពួកគេប្រឈមមុខ នឹងការឆាប់ស្លាប់។

ថ្នាំប៉ារ៉ាសេតាមុល ត្រូវបានគេ ប្រើប្រាស់សម្រាប់ បំបាត់ការឈឺចាប់ ហើយវាក៏ ត្រូវបានគេ ចាត់ទុកថា មានសុវត្ថិភាព ជាងប្រភេទថ្នាំ អាស្ពីរីន (ដែលអាច បង្កឲ្យមាន ជំងឺដំបៅក្រពះ, ឬក៏ចេញឈាម តាមក្រពះ) តែយ៉ាងណាក៏ដោយ វាក៏ត្រូវបាន គេសន្និដ្ឋានថា វាជាមូលហេតុមួយ ដែលបង្កឲ្យ មនុស្សមាន បញ្ហាបេះដូង និងរោគផ្សេងទៀត ព្រមទាំងអាច ធ្វើឲ្យមាន បញ្ហាទៅដល់ ផ្នែកសាច់ដុំ និងសន្លាក់ឆ្អឹង របស់មនុស្ស ផងដែរ។

លោកសាស្ត្រាចារ្យ Philip Conaghan អ្នកដឹកនាំ ក្នុងការស្រាវជ្រាវ មួយនេះ បាននិយាយថា “ខ្ញុំពិតជា បារម្ភចំពោះ បញ្ហាមួយនេះ ព្រោះថាការ ប្រើប្រាស់ថ្នាំ ប៉ារ៉ាសេតាមុល ក្នុងកម្រិតដ៏ខ្ពស់ ឬក៏រយៈពេលយូរ នោះអាចនាំឲ្យ មនុស្សប្រឈមមុខ នឹងបញ្ហាផ្នែក សុខភាពយ៉ាងច្រើន។ ដូច្នេះ គ្រូពេទ្យ គួរតែចេញថ្នាំ ប្រភេទនេះ ឲ្យអ្នកជំងឺ ប្រើប្រាស់ក្នុង កម្រិតមួយដ៏ទាប ទើបជាការប្រសើរ”។

តែយ៉ាងណាមិញ លោកសាស្ត្រាចារ្យ Nick Bateman អ្នកជំនាញ ផ្នែកពិនិត្យ និងព្យាបាលជំងឺ វិសសាស្ត្រ (toxicology) នៃសាកលវិទ្យាល័យ Edinburgh បានលើកឡើងថា “បើផ្អែកលើ ការស្រាវជ្រាវ មួយនេះ បង្ហាញថា ហានិភ័យ គឺនៅតែ មានតិចតួច នៅឡើយ ហើយថ្នាំប្រភេទ ប៉ារ៉ាសេតាមុល ក៏នៅតែ មានសុវត្ថិភាព ក្នុងការប្រើប្រាស់។ ម្យ៉ាងវិញទៀត ការប្រើប្រាស់ ថ្នាំក្នុងកម្រិត ទាបគឺជា រឿងត្រឹមត្រូវ ព្រោះថា ថ្នាំប្រភេទណា ក៏ដោយឲ្យ តែយើងប្រើប្រាស់ យូរនិង ក្នុងកម្រិតខ្ពស់ នោះវាច្បាស់ជា ប៉ះពាល់ដល់ សុខភាព ជាមិនខាន”។

នេះគឺជា ការស្រាវជ្រាវ ក៏ដូចជាការ ដាស់តឿនថ្មី មួយទៀតរបស់ អ្នកវិទ្យាសាស្ត្រ ជុំវិញកម្រិត នៃការប្រើប្រាស់ ថ្នាំប្រភេទ ប៉ារ៉ាសេតាមុល ព្រោះថាបើសិន ជាមនុស្សប្រើប្រាស់ វាហួសហេតុ ពេកនោះពួកគេ នឹងអាចប្រឈម មុខនឹងជំងឺ កាចសាហាវ ជាច្រើន៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]