កំពង់ស្ពឺ ៖ ខ្មាន់កាំភ្លើង ដែលបើកការបាញ់ ប្រហារ ចំនួន៣៣គ្រាប់ គំរាមដល់នគរបាល ចរាចរណ៍ ខេត្ដកំពង់ស្ពឺ គ្រាន់តែរឿងចាប់ផាក ពិន័យបើកល្បឿនហួសកំណត់ កាលពីព្រឹក ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៥កន្លងទៅនេះ ស្ថិត ក្រោមការស្រាវជ្រាវ យ៉ាងយកចិត្ដទុក ដាក់ជាទីបំផុត របស់កម្លាំង នគរបាលព្រហ្ម ទណ្ឌនៃស្នងការដ្ឋាន នគរបាល ខេត្ដកំពង់ស្ពឺ និងស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ដើម្បីតាមចាប់ខ្លួន យកមកផ្ដន្ទាទោសតាម ផ្លូវច្បាប់ ចំពោះទង្វើ ដ៏ព្រហើនបែបនេះ ។

រហូតមកដល់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៥ នេះ ខ្មាន់កាំភ្លើង មិនទាន់ត្រូវបានបញ្ជាក់ អត្ដសញ្ញាណ ពីសំណាក់សមត្ថកិច្ច នៅឡើយទេ ដោយសារតែ សមត្ថកិច្ចពាក់ព័ន្ធ ទាំងអស់បាន នឹងកំពុងស៊ើបអង្កេត ហើយឈានទៅដល់ ការចាប់ខ្លួន នៅពេលខាងមុខដ៏ខ្លីនេះ ។

ស្នងការនគរបាល ខេត្ដកំពង់ស្ពឺ លោកឧត្ដមសេនីយ៍ កែវ ពិសី បានថ្លែងប្រាប់មជ្ឈ មណ្ឌលព័ត៌មាន ដើមអម្ពិល តាមទូរស័ព្ទនៅ រសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០១៥នេះថា សមត្ថកិច្ចរបស់លោក មិនទាន់កំណត់អត្ដ សញ្ញាណ ជននេះនៅឡើយទេ ដោយបច្ចុប្បន្ន កំពុងធ្វើការស្រាវជ្រាវតាមចាប់ខ្លួន។

អ្នកនាំពាក្យ អគ្គស្នងការនគរបាលជាតិ លោកឧត្ដមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ក៏មិនទាន់បាន បញ្ជាក់ព័ត៌មានលំអិត នៃករណីខាង លើនេះ នៅឡើយទេ គ្រាន់តែអះអាងថា ស្ថិតក្នុងការស៊ើបអង្កេត ។

ដោយឡែក លោក ឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង នគរបាលជាតិ ទទួលបន្ទុលគ្រឿងញៀន បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌ មានដើមអម្ពិលតាម ទូរស័ព្ទឱ្យដឹងថា ការងារនេះ កម្លាំងនគរបាលជំនាញ បាន នឹងកំពុង ធ្វើការស៊ើបអង្កេតហើយ ប៉ុន្ដែមិនទាន់ឃាត់ ខ្លួនជន បង្កនៅឡើយទេ ។

យ៉ាងណាក៏ដោយ លោកឧត្ដមសេនីយ៍ ម៉ក់ ជីតូ បានព្រលយថា បើតាមការពិនិត្យ មើលស្លាកលេខ នៅមន្ទីរ សាធារណការ រាជធានីភ្នំពេញនោះ គឺស្លាក លេខរថយន្ដ ដែលជនបង្កនោះជិះ មិនទាន់បាន ចុះបញ្ជីត្រឹមត្រូវ នៅឡើយទេ ពោលអាច ខ្ចីគេយកមកប្រើ ។ 

រីឯស្នងការរងនគរបាល រាជធានីភ្នំពេញ និងជាប្រធានការិយាល័យ កណ្ដាលព្រហ្មទណ្ឌ លោកឧត្ដម សេនីយ៍ ជួន ណារិន្ទ បានបញ្ជាក់ ផងដែរថា ករណីនេះកម្លាំង នគរបាលព្រហ្មទណ្ឌ រាជធានីភ្នំពេញ និងកម្លាំងនគរបាល ព្រហ្មទណ្ឌ ខេត្ដកំពង់ស្ពឺ កំពុងធ្វើការងារនេះហើយ ដើម្បីតាម ចាប់ជនល្មើស យកមកផ្ដន្ទា ទោសតាមផ្លូវច្បាប់ ។

សូមបញ្ជាក់ថា អ្នកមានអំណាច ជិះមែក សឺដេសទំនើប ពាក់ស្លាកលេខ ភ្នំពេញ 2AD-2229 ពណ៌ខ្មៅ មួយគ្រឿង បានប្រើអង្គរក្ស របស់ខ្លួន បាញ់៣៣គ្រាប់ គំរាមនគរបាលចរាចរណ៍ ព្រោះផាកពិន័យ បើកបរលើសល្បឿនកំណត់ កាលពីវេលាម៉ោង ១០និង១០នាទី ព្រឹក ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៥ នៅតាមបណ្ដោយ ផ្លូវជាតិលេខ៤ ក្នុងសង្កាត់ សុពណ៌ទេព ក្រុងច្បារមន ខេត្ដកំពង់ស្ពឺ ។

នាយផ្នែក នគរបាលចរាចរណ៍ផ្លូវគោក ខេត្ដកំពង់ស្ពឺ លោក លី ចាន់ថន បានឱ្យដឹងថា នៅព្រឹក កើតហេតុនោះ មុនពេលកើតហេតុ កម្លាំង នគរបាល ចរាចរណ៍ខេត្ដកំពង់ស្ពឺ ៨នាក់ ដាក់កម្លាំង ត្រួតពិនិត្យការធ្វើចរាចរណ៍នៅ កន្លែងកើតហេតុខាងលើ ។

លុះដល់វេលាម៉ោង ប្រមាណជាង១០ ស្រាប់តែមាន រថយន្ដស៊េរីទំនើប ម៉ាកមែក សឺដេស ពណ៌ខ្មៅ មួយគ្រឿង បើកបរក្នុង ពីខេត្ដ ព្រះសីហនុ ឆ្ពោះមករាជធានីភ្នំពេញ ក្នុងល្បឿន ៩០គីឡូម៉ែត្រក្នុងមួយម៉ោង ។

ដោយឃើញការ បើកបរលើស ល្បឿនកំណត់ ដែលក្នុងទីប្រជុំជន កំណត់ត្រឹម៣០ទៅ៤០ គីឡូម៉ែត្រ ក្នុងមួយ ម៉ោងនោះ  មន្ដ្រីនគរបាល ចរាចរណ៍ ក៏បានចេញស្ទាក់ ហើយធ្វើការអប់រំ និងផាកពិន័យ ចំនួន១២០០០រៀល ។

លោក លី ចាន់ថន បានឱ្យដឹងថា នៅក្នុង រថយន្ដនោះ គេឃើញមានបុរសពីរនាក់ អង្គុយខាងមុខ ស្លៀកពាក់ ឯកសណ្ឋាន ជាអង្គរក្ស ដោយឡែកកៅអីខាងក្រោយ គេមើលមិន ឃើញនោះទេ ដោយសារកញ្ចក់រថយន្ដបិត ស្កុតពណ៌ខ្មៅ ។

ក្រោយពេលបង់ការផាក ពិន័យ ១២០០០រៀល រួចហើយម្ចាស់រថយន្ដ និងអ្នកបើកបរជាអង្គ រក្ស ក៏បានធ្វើដំណើរ ចាកចេញ។ បន្ទាប់ពីការ ចាកចេញ បានប្រហែល២ ម៉ែត្រ ជនដែលអង្គុយខាងមុខ បាញ់៣៣គ្រាប់ ។

ការប្រើកាំភ្លើងខ្លីបាញ់ជា ច្រើនគ្រាប់ធ្វើ ឱ្យផ្អើលអស់ ប្រជាពលរដ្ឋ និងអ្នកដំណើរ ក្នុងខេត្ដ សូម្បីតែមន្ដ្រីនគរបាល ចរាចរណ៍ ដែលធ្វើការផាកពិន័យ ក៏ព្រលឹងចុងសក់ដែរនោះ គេនៅ មិនទាន់ដឹងពីគោលបំណង របស់អ្នកបាញ់ នៅឡើយទេ ។ តែគេជឿជាក់ថា ការបាញ់នេះ គឺជាការគំរាម និងសំឡុត ដល់មន្ដ្រីនគរបាល ចរាចរណ៍ ជាពិសេស ជាសាផ្ញើថា ថ្ងៃក្រោយ កុំឱ្យចេះតែហ៊ាន មើលរថយន្ដនិងអ្នក បើកបរ ផង ។

សាធារណជន ដែលស្អប់ខ្ពើមការបាញ់បោះ បំផ្លាញសន្តិសុខសង្គម បានសំដែងការជឿទុកចិត្ត យ៉ាងមុតមំាុទៅលើក្រុមសមត្ថ កិច្ច ជាពិសេសថ្នាក់ដឹកនាំកំពូលៗ នៃកម្លាំងប្រដាប់អាវុធ និងចាត់ការ ហើយស្វែងរកម្ចាស់ រថយន្តខាងលើឲ្យទាល់តែ ឃើញ យកមកផ្តន្ទាទោស ។

ការស៊ើបអង្កេតប្រហែល ជាមិនលំបាកនោះទេ ព្រោះស្លាកលេខរថយន្ត ត្រូវបានសមត្ថកិច្ច បញ្ជាក់យ៉ាង ច្បាស់ថា «ភ្នំពេញ 2AD-2229»៕

ចំពោះករណីនេះ មន្រ្តីនគរបាលមួយរូប បានបញ្ចេញទស្សនៈថា បើសមត្ថកិច្ចមិនច្បាស់ចំពោះ រឿងនេះទេ សូមកុំដាក់ទំងន់បន្ថែម ដើម្បីបន្តការដាក់ប៉ុស្តិ៍ ត្រួតពិនិត្យច្បាប់ចរាចរណ៍រ នៅតាមដងផ្លូវជាតិ។

មន្រ្តីនគរបាល រូបនេះបានលើកឡើងទៀតថា បើខ្មាន់កាំភ្លើងបាញ់ នៅខាងស្តាំ នោះសំបកកាទូស នឹងធ្លាក់ខាង កំហៀង ខាងក្រោយរថយន្ត តែបើបាញ់ខាងឆ្វេង នោះសំបកកាទូស នឹងធ្លាក់ចូលឡាន តែរូបសំបក បែរនៅ លើចិញ្ចើមផ្លូវ ក្នុងវាលស្រែទៅវិញ។

មន្រ្តីនគរបាលរូបនេះ បានអំពាវនាវដល់ កម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ធ្វើការស្រាវជ្រាវដោយប្រយ័ត្នប្រយែង បំផុតតាមជំនាញ របស់ខ្លួនដើម្បីតាមចាប់ ជនល្មើសឲ្យខាងតែបាន។

យោងតាមប្រភពព័ត៌មានច្បាស់ការពី សមត្ថកិច្ចបានឱ្យដឹងថា ម្ចាស់រថយន្ដមែកសឺ ដេសខាងលើនេះ មានឈ្មោះជឹង ស៊ីណាត អាយុប្រហែល៤០ឆ្នាំ ស្នាក់នៅផ្ទះលេខ១០ ផ្លូវលេខ១៩៩ សង្កាត់ ទួលស្វាយព្រៃទី១ ខណ្ឌចំការមន ។

យ៉ាងណាក៏ដោយនោះ សមត្ថកិច្ចមិន ទាន់អះអាងថា តើជននេះជាអ្នកបាញ់យ៉ាង ណានោះទេ ពោលគ្រាន់តែបង្ហាញថា ជា ម្ចាស់រថយន្ដខាងលើនេះតែប៉ុណ្ណោះ ។




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]