ខេត្តកំពង់ចាម ៖ ក្រោមបញ្ជា របស់លោកឧត្តម សេនីយ៏ត្រី បែន  រ័ត្ន  ស្នងការនគរបាលខេត្ត បានចាត់ឲ្យកម្លាំង ក្រោមឪវាទ គ្រប់លំដាប់ថ្នាក់ តាមប្រមាញ់ ជនសង្ស័យ ក្រុមចោរប្លន់ បានបន្តបន្ទាប់ ចំនួន២នាក់ នៅយប់ ថ្ងៃទី២៧ និងព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៥ ក្រោយពីបាន ធ្វើសកម្មភាព យកដំបងឈើ វាយជនរងគ្រោះ ម្នាក់ប្លន់យក ម៉ូតូ១គ្រឿងម៉ាក C125 ស៊េរី២០១០ ពណ៌ខ្មៅ ត្រង់ចំណុច ស្ពានសូគេន ស្ថិតនៅភូមិសូគេន ឃុំសូគង ស្រុកកងមាស ពេលដែលកំពុងតែ ជិះត្រឡប់មកពី បុណ្យគេវិញ ។

លោកវរសេនីយ៏ត្រី សូ សារិទ្ធ អធិការនគរបាល ស្រុកកងមាស ប្រាប់ឲ្យដឹងថា បុរសឈ្មោះឆយ សុខ អាយុ២៦ឆ្នាំ នៅភូមិក្តី ឃុំសូគង ស្រុកកងមាស កាលពីល្ងាច ថ្ងៃទី២៧ ខែកុម្ភៈ បានជិះម៉ូតូ ចេញពីផ្ទះ ដើម្បីទៅចូលរួម បុណ្យគេ មួយកន្លែង ស្ថិតនៅ ក្នុងភូមិផង របងជាមួយ រហូតដល់ វេលាម៉ោង៧ និង២៥នាទីយប់ ទើបបានជិះម៉ូតូ ត្រឡប់មកផ្ទះវិញ តែម្នាក់ឯង ។

អធិការនគរបាល ស្រុកកងមាស បានប្រាប់បន្តថា ស្របពេលដែល កំពុងតែជិះ មកដល់ត្រង់ ចំនុចស្ពានសូ គេន ភូមិសូគេន នោះ ស្រាប់តែមាន ជនមិនស្គាល់អត្តសញ្ញាណ ចំនួន២នាក់ យកដំបងឈើ ១កំណាត់ មកវាយ លើជនរងគ្រោះ ប្លន់យកម៉ូតូ ជិះគេចខ្លួន ទាំងប្រញាប់ ប្រញាល់ ។ លុះពេលជិះ បានចង្ងាយ ប្រហែល ជា១គីឡូម៉ែត្រ ក៏បានផ្តួលម៉ូតូរត់ ប្រាស់អាយុ យករួចខ្លួន ទាំង២នាក់ ។

ក្រោយពីមាន ហេតុការណ៏នេះ បង្កឲ្យមានការ ភ្ញាក់ផ្អើល ដល់សមត្ថកិច្ច ប៉ុស្តិ៍រដ្ឋបាល ឃុំសូគង ចុះមកកាន់ កន្លែងកើតហេតុ សួរនាំជនរងគ្រោះ និងបានរាយការណ៏ ជាបន្ទាន់ មករូបលោក (សូ សារិទ្ធ ) រួចបានរាយការណ៏បន្ត ទៅលោក វរសេនីយ៏ ឯក ហេង វុទ្ធី ស្នងការរង នគរបាលខេត្ត និងលោកឧត្តម សេនីយ៏ត្រី បែន រ័ត្ន ស្នងការនគរបាលខេត្ត ដោយបានចាត់ឲ្យ កម្លាំងកណ្តាល ព្រហ្មទណ្ឌខេត្ត ចុះសហការជាមួយនឹង មូលដ្ឋាន បើកប្រតិបត្តិការ តាមប្រមាញ់ ក្រុមចោរប្លន់ ទាំងពីរនាក់ នោះ ។

ជាមួយនោះ ក៏បានដាក់ការសង្ស័យ លើមនុស្ស ចំនួន២នាក់ក្នុង នោះមានឈ្មោះ ហុក សេងហ័រ ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិពាមជីកង ឃុំពាមជីកង ស្រុកកងមាស និងបក្សពួក ម្នាក់ទៀត ក្រោមការឡោមព័ទ្ធ ពីសំណាក់ នគរបាលគ្រប់ប៉ុស្ត៏ ទាំងអស់ឃ្លាំមើល តាមផ្លូវមាត់ទន្លេ និងផ្លូវលំក្នុងភូមិ ។ លុះនៅវេលា ម៉ោង១០យប់ ថ្ងៃដដែល ស្រាប់តែប្រទះឃើញ ជនម្នាក់ឈ្មោះ ហ័រ កំពុងតែជិះម៉ូតូឌុប តាមផ្លូវ ក៏ត្រូវបានប៉ុស្ត៏រដ្ឋបាល អង្គរបាន ហៅឈប់ មកសួរនាំ នៅអធិការដ្ឋាន នគរបាល ស្រុកកងមាស ។

លោកវរសេនីយ៏ត្រី សូ សារិទ្ធ អធិការនគរបាល ស្រុកកងមាស បញ្ជាក់ថា រហូតមកដល់ ព្រឹកថ្ងៃទី២៨ កុម្ភៈ ទើបជននេះ បានឆ្លើយ សារភាពថា ពួកគេមានគ្នា ចំនួន២នាក់ ពិតជាបានស្ទាក់ វាយជនរងគ្រោះ ប្លន់យកម៉ូតូ ខាងលើមែន ។ រួចក៏បានតាមប្រមាញ់ ជនទី២ឈ្មោះ រ៉ង បុរី ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិស្វាយតាហែន ឃុំរកាគយ ស្រុកកងមាស រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូន ទៅសាលាដំបូងខេត្ត ចាត់ការតាម ច្បាប់ ៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]