កម្ពុជា៖ កម្មវិធីទូរទស្សន៍ដ៏ល្បី របស់អាមេរិក មានឈ្មោះថា Survivor ដែលទើបតែប្រារព្ធ រដូវកាល ទី៣០ របស់ខ្លួននៅសហរដ្ឋអាមេរិក កាលពីយប់ថ្ងៃពុធ សប្តាហ៍មុននេះ នឹងចាប់ផ្តើមការថត ២រដូវកាលបន្ទាប់ នៅលើកោះរ៉ុង ដែលជាកោះត្រូពិចមួយ ស្ថិតនៅលើទឹកដីកម្ពុជា។


កម្មវិធីទូរទស្សន៍ដ៏ល្បីរបស់អាមេរិក Survivor នឹងមកថតនៅកម្ពុជាចំនួន ២រដូវកាល

កម្មវិធីបែបលេងហ្គេម កំសាន្តនេះ យកលំនាំមកពី កម្មវិធីទូរទស្សន៍មួយ របស់ប្រទេសស៊ុយអែត ឈ្មោះ Expedition Robinson ដែលចាប់ផ្តើមដំបូងកាលពីឆ្នាំ ២០០០។ របៀបលេងរបស់ កម្មវិធីនេះ គឺគេលេង ដោយយកក្រុមមនុស្សមួយក្រុម ទៅនិរទេស ចោលនៅទីតាំងណាមួយលើកោះ ដោយពួកគេត្រូវ ពឹងពាក់លើខ្លួនឯង ក្នុងការស្វែងរកអាហារ ទឹក និង ទីជំរក ហើយអ្នក ដែលតស៊ូបាន រហូតសល់តែម្នាក់ឯង ចុងក្រោយគេ នឹងឈ្នះទឹកប្រាក់ចំនួន ១លានដុល្លារអាមេរិក។

"កម្មវីធីទូរទស្សន៍ របស់សហរដ្ឋអាមេរិក Survivor នឹងចាប់ផ្តើមការថត នៅលើកោះរ៉ុង ដែលស្ថិតនៅ ខេត្តព្រះសីហនុ ក្នុងខែមិនានេះ ដោយបុគ្គលិករបស់ ពួកគេកំពុងតែរៀបចំ និងបំពាក់នូវឧបករណ៍នានា ដែលពាក់ព័ន្ធលើកោះ ហើយក្នុងនោះកម្មវិធីទាំងមូល នឹងបញ្ចប់ទៅវិញនៅក្នុងខែ កក្កដា ខាងមុខ ឯកឧត្តម ឈិត សុខន អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ប្រាប់ សារព័ត៌មានបរទេសមួយ យ៉ាងដូច្នេះ។ ជាមួយនឹងរដូវកាលមុនៗ ដែលទាក់ទាញ អ្នកទស្សនារហូតជាង ១៣ លាននាក់ ឯកឧត្តមបានជឿជាក់ថា ការមកថតនៅទឹកដីកម្ពុជា របស់កម្មវិធី Survivor នឹងជួយទាក់ទាញភ្ញៀវទេសចរ បរទេស មកកំសាន្តនៅតំបន់ឆ្នេរ សមុទ្ររបស់កម្ពុជាបន្ថែមទៀត។

The Survivor បានទៅថតនៅទីតាំង ជាច្រើននៅជុំវិញពិភពលោក ចាប់តាំងពីរដូវកាលទីមួយ មកម្ល៉េះ ដែលភាគច្រើនគឺ គេនិយមថតនៅ តំបន់ដែលមានអាកាសធាតុក្តៅ និងតំបន់ត្រូពិច។ កាលពីរដូវកាលមុន កម្មវិធីនេះ បានទៅថត នៅទីក្រុងមាត់សមុទ្រឈ្មោះ San Juan del Sur ក្នុងប្រទេស នីការ៉ាហ្គា (Nicaragua) ដែលស្ថិតក្នុងទី្វបអាមេរិកខាងជើង។

លោក នូ សុផល ប្រធានមន្ទីរទេសចរណ៍ ខេត្តព្រះសីហនុ បានប្រាប់ឲ្យដឹងថា រដូវកាលទាំង២ របស់កម្មវិធី Survivor នៅលើទឹកដីកម្ពុជា ក៏នឹងមានចាក់បញ្ចាំងនៅ លើកញ្ចក់ទូរទស្សន៍ ស៊ីធីអិន ផងដែរ។ កម្មវិធីនេះនឹងជួយ ផ្សព្វផ្សាយពីសក្តានុពល ទេសចរណ៍របស់កម្ពុជា ទៅកាន់ភ្ញៀវទេសចរ បរទេស៕


កម្មវិធីនេះយកលំនាំ តាមកម្មវិធីរបស់ប្រទេស ស៊ុយអែត ឈ្មោះ Expedition Robinson


The Survivor នឹងចាប់ផ្តើមថតពីខែមិនា ដល់ខែកក្កដា ឆ្នាំ ២០១៥


អ្នកឈ្នះនឹងទទួលបានប្រាក់រង្វាន់ចំនួន ១លានដុល្លារអាមេរិក


កោះរ៉ុង ដែលស្ថិតក្នុងខេត្តព្រះសីហនុ ប្រទេសកម្ពុជា

ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]