ខេត្តព្រៃវែង ៖ សំឡេងទ្រហោយំ លាន់លឺយ៉ាងកងរំពង ពីសំណាក់ក្រុមគ្រួសារ របស់យុវសិស្ស ម្នាក់រៀនថ្នាក់ ទី១២ វិទ្យាល័យហ៊ុន សែន តាគោក ដែលបានស្លាប់ ដោយសារ លង់ទឹកប្រឡាយ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៥ ។

លោកផុន ហម និងអ្នកស្រីឡោ គឹមអាន ត្រូវជាឪពុក-ម្តាយ ជនរងគ្រោះ បានរៀបរាប់ ប្រាប់អ្នកយកព័ត៌មាន កោះសន្តិភាព ថា ជនរងគ្រោះ ឈ្មោះផុន ស៊ីវឡុង ភេទប្រុស អាយុ២១ឆ្នាំ ត្រូវជាកូនប្រុសពៅ របស់ពួកគាត់ រៀនថ្នាក់ទី១២ នៃវិទ្យាល័យ ហ៊ុន សែន តាគោក បានលង់ទឹកប្រឡាយ ជម្រៅ១,៣០ម៉ែត្រស្លាប់ កាលពីវេលា ម៉ោង១១ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៥ ។ លោកផុន ហម រៀបរាប់ ទាំងអួលដើម.កថា តាំងពីតូច មានតែកូនប្រុសពៅ ម្នាក់នេះទេ ដែលរៀនពូកែជាងគេ ក្នុងចំណោមបង ប្អូន៥នាក់ ដូច្នេះហើយ គាត់មិនសូវឱ្យ ជួយធ្វើស្រែ ឬរកស៊ីអ្វីនោះទេ គឺឱ្យគិតតែខំរៀន តែម្យ៉ាងប៉ុណ្ណោះ ។

ឪពុកជនរងគ្រោះ បានឱ្យដឹងទៀតថា នៅថ្ងៃកើតហេតុ ម្តាយបានប្រើ ជនរងគ្រោះ ឱ្យយកបាយម្ហូប ទៅឱ្យគាត់ ដែលជាឪពុក កំពុងភ្ជួរ-រាស់ នៅឯស្រែ ស្ថិតក្នុងភូមិ កំពង់ថ្នល់ ឃុំល្វា ស្រុកព្រះស្តេច ។ ក្រោយពីយក បាយ-ម្ហូប ទៅឱ្យឪពុករួច ជនរងគ្រោះ ក៏បានជួយលី ពូជស្រូវ ទម្ងន់១ថាំង (២៤គីឡូក្រាម) យកទៅឱ្យ ឪពុកទៀត ខណៈនោះ គាត់ជាឪពុក ក៏បានប្រាប់ ទៅកូនថា បានហើយ កូនត្រឡប់ ទៅផ្ទះវិញចុះ កុំចាំបាច់ ជួយធ្វើការពុកអី ។

លោកផុន ហម បានបន្តទៀតថា ក្រោយពី ភ្ជួរ-រាស់ សាប-ព្រួស រួចក៏ហូបបាយ ហើយក៏សម្រាក នៅវាលស្រែ បន្តិចក៏បានធ្វើដំណើរ ត្រឡប់មកផ្ទះវិញ លុះមកដល់ មាត់ប្រឡាយ ក៏ប្រទះឃើញ ស្បែកជើង របស់កូន គាត់ឆ្ងល់ណាស់ ក៏ទូរស័ព្ទ ទៅសួរអ្នកផ្ទះ អ្នកផ្ទះ ក៏ឆ្លើយប្រាប់ថា មិនទាន់ឃើញ កូនប្រុសពៅ របស់គាត់ ត្រឡប់មកផ្ទះ វិញទេ ។ ខណៈនោះ គាត់ភ័យណាស់ ក៏ចុះទៅរាវ ក្នុងប្រឡាយ ដែលមានទំហំ ៣ម៉ែត្រគុណ ២ម៉ែត្រ ជម្រៅប្រហែល ១,៣០ម៉ែត្រនោះ ក៏ប្រទះឃើញ កូននៅបាតប្រឡាយ ហើយលើកយកមក ជួយធ្វើចលនា ដើម្បីជួយសង្គ្រោះ តែអនិច្ចា ហួសពេលទៅហើយ ព្រោះកូនប្រុសពៅ របស់គាត់ បានស្លាប់ បាត់ទៅហើយ ។

សមត្ថកិច្ច បានធ្វើកោសលវិច្ច័យ រួចរាល់ ហើយក៏បាន បញ្ជាក់ថា ជនរងគ្រោះ ឈ្មោះផុន ស៊ីវឡុង ពិតជាស្លាប់ ដោយសារលង់ទឹក ប្រឡាយមែន ព្រោះមិនចេះហែលទឹក ៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]