វេណេហ្ស៊ុយអេឡា៖ ប្រិយមិត្តដែលធ្លាប់ ទស្សនាខ្សែភាពយន្ត គំនូរជីវចល ដ៏ល្បីល្បាញ UP ដែលជាភាពយន្ត មនោសច្ចេតនា និងដំណើរផ្សងព្រេង របស់លោកតាម្នាក់ ដែលសន្យាថានឹងនាំ ភរិយារបស់គាត់ ធ្វើដំណើរផ្សងព្រេង ទៅទឹកជ្រោះដ៏អាថ៌កំបាំង មួយដែលកំរមាន មនុស្សទៅដល់ នៅពេលដែល ពួកគាត់សន្សំលុយ បានគ្រប់គ្រាន់។ តែជាអកុសល ភរិយារបស់គាត់ មានជំងឺធ្លាក់ខ្លួនឈឺ និងបានលាចាកលោក ធ្វើអោយក្តីប្រាថ្នា របស់ពួកគាត់ ទាំងពីរនាក់មិនបានសំរេច ដូចបំណងឡើយ។ ជាចុងក្រោយ គាត់បានសំរេចចិត្ត បង្ហោះផ្ទះរបស់គាត់ ជាមួយនឹងប៉ោងប៉ោង ជាច្រើនដើម្បីធ្វើដំណើរ ទៅទីនោះ ក្នុងគោលបំណង សំរេចប្រាថ្នារបស់ គាត់នឹងភរិយា។ ទឹកជ្រោះឈ្មោះ Paradise falls ក្នុងខ្សែភាពយន្តនេះ គឺជាទឹកជ្រោះដែល មានសម្រស់ ស្រស់ស្អាត ជាមួយនឹងធម្មជាតិ ដ៏អាថ៌កំបាំងជាច្រើន កប់ក្នុងព្រៃដ៏ជ្រៅ ដែលធ្វើអោយ អ្នកទស្សនាជាច្រើន ពេញចិត្តនិងចង់ទៅ ទស្សនា ប៉ុន្តែពួកគេគិតថា នេះជាតំបន់នៃក្តីស្រមៃ របស់អ្នកផលិតខ្សែភាពយន្ត ដែលវាមិនមាន នោះឡើយនៅក្នុងលោកយើងនេះ។ តាមពិតទៅ ទឹកជ្រោះ Paradise falls ក្នុងភាពយន្តនេះ គ្មានអ្នកណាដឹងទេថា វាជាទឹកជ្រោះដែល មានកំពស់ខ្ពស់ជាងគេ លើលោកយើងនេះ ឈ្មោះ Angel falls ដែលអ្នកផលិតខ្សែភាពយន្ត កែច្នៃរូបភាព និងទេសភាពខ្លះៗ ដើម្បីជាការទាក់ទាញ ចិត្តអ្នកទស្សនា។ តើទឹកជ្រោះ ដែលជាទីអាថ៌កំបាំង និងកម្រមាន មនុស្សទៅដល់នេះ មានប្រវត្តិពិត និងទេសភាពយ៉ាងណា សូមប្រិយមិត្ត ខ្មែរឡូត ទៅទស្សនា ជាមួយយើងខ្ញុំ ទាំងអស់គ្នា៖ 


Paradise falls ក្នុងខ្សែភាពយន្ត UP

អំពីទឹកជ្រោះ Angel falls

Angel falls ស្ថិតនៅភាគអាគ្នេយ៍ នៃប្រទេស វេណេហ្ស៊ុយអេឡា ជាទឹកជ្រោះមានកម្ពស់ ខ្ពស់ជាងគេបំផុតនៅលើពិភពលោកយើងនេះ។ វាមានកម្ពស់ ជិត១គីឡូម៉ែត្រ នៅក្នុងតំបន់ឧទ្យានជាតិ Canaima រដ្ឋ Bolivar។ តំបន់នោះគ្មានផ្លូវគោក ដែលអាចធ្វើដំណើរ ទៅដល់នោះទេ ដែលភ្ញៀវទេសចរ ភាគច្រើន ធ្វើដំណើរតាមជើងហោះហើរ ចូលទៅក្នុងតំបន់នេោះ ហើយបន្តដំណើរតាម ទន្លេក្នុងព្រៃបន្តទៀត។ ប្រសិនបើអ្នកកំពុងហោះពីប្រទេសអង់គ្លេស អ្នកអាចចាកចេញ ពីព្រលានយន្តហោះ Gatwick ឬព្រលានយន្តហោះ Heathrow បាន។ 


ទឹកជ្រោះ Angel falls មើលពីចម្ងាយ

ទីតាំងភូមិសាស្រ្ត

ឧទ្យានជាតិ Canaima គឺជាតំបន់បេតិកភណ្ឌពិភពលោក ដែលអង្គការយូណេស្កូ បានកំណត់ មិនត្រឹមតែសម្រាប់ Angel falls នោះទេ ប៉ុន្តែក៏សម្រាប់ តំបន់ភ្នំរាងជាជញ្ជាំង ដែលជាចំណុច ទេសភាពល្អដាច់គេ តែមួយគត់ក្នុងលោក។ លក្ខណៈពិសេស នៃភូមិសាស្រ្តនេះ ត្រូវបានគេហៅថា Tepuis មានន័យថា "ផ្ទះនៃព្រះ" ក្នុងភាសារបស់ប្រជាជន Pemon ជនជាតិដើមភាគតិច ក្នុងតំបន់នេះ។ Angel falls ស្ថិតនៅជ្រលង ភ្នំដ៏ធំបំផុត របស់ វេណេហ្ស៊ុយអេឡា គឺភ្នំ Auyantepui ។ Tepuis មានទំហំធំណាស់ ដែលអាកាសធាតុ និងទេសភាពនៅលើកំពូលភ្នំនេះ អាចខុសគ្នាពីដីខាងក្រោម។ អេកូឡូស៊ីទាំងនេះ រួមចំណែកដល់ ការបង្កើតអោយ មានរុក្ខជាតិកម្រ និងសត្វដែលនៅជុំវិញទឹកជ្រោះ Angel falls។ ភ្ញៀវទេសចរទៅទស្សនាឧទ្យានជាតិ Canaima អាចជួបប្រទះនឹង សត្វស្វាយក្ស anteaters, ខ្លា Jaguar និង armadillo ក៏ដូចជារុក្ខជាតិ មំសាសី អ័រគីដេរាប់រយប្រភេទ ជាដើម។

ប្រវត្តិទឹកជ្រោះ Angel falls 

Angel falls ត្រូវបានដាក់ឈ្មោះ តាមអាកាសយានិក អាមេរិកលោក Jimmy Angel បានធ្វើឱ្យតំបន់ធម្មជាតិ នេះល្បីល្បាញ បន្ទាប់ពីយន្តហោះរបស់លោក បានធ្លាក់នៅលើភ្នំ Auyantepui ហើយលោកក៏បាន ជួបប្រទះនឹងទឹកជ្រោះ ដ៏ខ្ពស់ជាងគេនេះ ដោយចៃដន្យ។ គាត់ និងប្រពន្ធរបស់គាត់ ព្រមទាំងមិត្តភក្តិ បានធ្វើដំណើរដោយ ថ្មើរជើងរយៈពេល ១១ ថ្ងៃ ដើម្បីទៅដល់តំបន់ មានមនុស្សរស់នៅវិញ ហើយ Angel falls ត្រូវបានគេដាក់ឈ្មោះវា ទៅតាមកិត្តិយសរបស់គាត់ បន្ទាប់ពីការ ផ្សងព្រេងរបស់លោក បានរីករាលដាលទៅ កាន់សាធារណជន។ យន្តហោះដែលធ្លាក់ ត្រូវបានបោះបង់ចោល នៅលើកំពូលភ្នំនោះ អស់រយៈពេលជាង ៣០ឆ្នាំ ទើបឥឡូវនេះវាត្រូវបាន គេបង្ហាញជាសាធារណៈ នៅមុខព្រលានយន្តហោះ Ciudad Bolivar។ នៅលើកំពូលភ្នំ កន្លែងដែលយន្តហោះ របស់គាត់ បានធ្លាក់ក៏មាន ការធ្វើសិលាចារិក សំគាល់ផងដែរ។


រូបថតយន្តហោះដែលបានធ្លាក់ របស់លោក Jimmy Angel 

សូមទស្សនាវីដេអូ៖

ប្រភព បរទេស

ដោយ Luhan

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]