ភ្នំពេញ៖ នារីវ័យ ២២ឆ្នាំស្រស់ស្អាតម្នាក់ ជាកម្មការិនី រោងចក្រតាក់សាន់ និងជាអ្នករកស៊ី ចងការប្រាក់ឲ្យកម្មករ រោងចក្រផងនោះ ត្រូវបងធម៌ របស់ខ្លួនវាយសម្លាប់ ប្លន់យកម៉ូតូ គ្រឿង អលង្ការ និងលុយ ១៥០០ដុល្លារ សរុប ប្រហែល ៥ពាន់ដុល្លារ ហើយដឹកសពនារីរងគ្រោះ ទៅទម្លាក់ ចោល តាមបណ្តោយផ្លូវជតិលេខ៦១ ត្រង់ចំណុចភូមិ ថ្នល់បត់ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្ដាល។

នារីរងគ្រោះ កញ្ញា សាន់ អាស្រស់ ត្រូវបានបងធម៌របស់ខ្លួនធ្វើសកម្មភាពវាយសន្លាប់ និង ប្លន់ទ្រព្យសម្បត្តិតាំងពី យប់ថ្ងៃសុក្រ ទី២០ ខែកុម្ភៈ ហើយសពរបស់នាងទើប តែត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញនៅរសៀលថ្ងៃទី២៨ ខែ កុម្ភៈ ឆ្នាំ២០១៥ម្សិលមិញនេះ ដោយមានអាការៈ ហើមស្អុយ រលួយ មើលស្ទើរតែមិនស្គាល់ទៅហើយ។

យោងតាមរបាយការណ៍របស់កម្លាំងនគរបាលខេត្តកណ្តាល បានឲ្យដឹងថា នារីជនរងគ្រោះ សាន់ អាស្រស់ មាន អាយុ ២២ឆ្នាំ ជួលបន្ទប់ ស្នាក់នៅជាប់រោងចក្រក្នុងភូមិទឹកថ្លា សង្កាត់ ក្រាំងពង្រ ខណ្ឌពោធិ៍សែនជ័យ មានស្រុក កំណើតនៅភូមិស្វាយទាប ឃុំអំពិលក្រៅ ស្រុកស៊ីធរ កណ្ដាល ខេត្តព្រៃ វែង។ ឪពុកនារីរងគ្រោះមានឈ្មោះ លី សាន់ អាយុ ៤៦ឆ្នាំ ម្តាយឈ្មោះ ចេះ ម៉ារី អាយុ ៤៤ឆ្នាំ ជាកសិករ។

របាយការណ៍ដដែលបានឲ្យដឹងថា សមត្ថកិច្ច បានកំណត់អត្តសញ្ញាណជនល្មើសបានហើយ។ ជនល្មើសឈ្មោះ សំអុល មុន្នី ហៅ រាក់ អាយុ ៣០ មុខរបរកម្មកររោងចក្រ ស្រុកកំណើតនៅខេត្តកំពង់ចាម ស្នាក់នៅផ្ទះជួលបន្ទប់ ក្បែរនារីរងគ្រោះ ហើយបានរាប់អានគ្នាជាបងធម៌ ប្អូនធម៌ជាមួយនារី រងគ្រោះផងដែរ។

ឪពុកនារីរងគ្រោះ លោក លី សាន់ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅព្រឹកថ្ងៃអាទិត្យ ទី០១ ខែមីនា ឆ្នាំ ២០១៥នេះថា កូនស្រី របស់លោក កញ្ញា សាន់ អាស្រស់ ត្រូវបានជនល្មើសវាយសម្លាប់ នៅក្នុងបន្ទប់កាលពីថ្ងៃ សុក្រ ទី២០ ខែកុម្ភៈ ហើយបានប្រមូល យកទ្រព្យ សម្បត្តិរួមមាន ម៉ូតូម៉ាក់ Honda Dream 125 ពណ៌ខ្មៅ ពាក់ ស្លាកលេខ ភ្នំពេញ 1BW-0197, ចិញ្ចៀនពេជ្រ ០២ វង់ តម្លៃប្រហែល ២.០០០ដុល្លារ, ខ្សែកផ្លាកទីន ចំនួន ០១ ខ្សែទម្ងន់ប្រហែល ៥ជី, កងដៃចំនួន០១ ទម្ងន់ប្រហែល ៥ជី, ទូរស័ព្ទដៃចំនួន ០២ គ្រឿង ម៉ាក Nokai និង How ei និងលុយ ១.៥០០ដុល្លារ។

លោក លី សាន់ បានរៀបរាប់ថា នៅយប់ថ្ងៃកើតហេតុកូនស្រី របស់លោក ដែលស្នាក់នៅក្នុងបន្ទប់ជួល តែម្នាក់ឯង នោះ ខណៈអ្នកនៅក្បែរ ផ្សេងទៀត បាននាំគ្នាទៅធ្វើការរោងចក្រ វេណយប់អស់នោះ បានទូរស័ព្ទហៅបងធម៌របស់ ខ្លួនជាអ្នករាប់អានគ្នាជាច្រើនឆ្នាំ ឲ្យមកជួយមើល ទុយោទឹក បែកធ្លាយ។ ដោយមើលឃើញ ឱកាសល្អជន ល្មើសជា បងធម៌ បានធ្វើសកម្មភាពសម្លាប់នារីរងគ្រោះ ប្លន់យកទ្រព្យសម្បត្តិតែម្តង ត្បិតជនល្មើស បានដឹងថា នារីរងគ្រោះ ជាអ្នកមានលុយកាក់ច្រើន។

ឪពុកនារីរងគ្រោះ បានឲ្យដឹងផងដែរថា ក្រោយពេលកើត ហេតុភ្លាមៗគ្មាននរណាម្នាក់ដឹងថា នារីរងគ្រោះបានបាត់ ខ្លួនពីបន្ទប់ជួលដោយ របៀបណានោះទេ ហើយក៏មិនដឹងពីមូលហេតុ យ៉ាងណានោះដែរ។ តែដោយមានការជជីក សួរខ្លាំងពីក្រុមគ្រួសារទៅលើភរិយាជនល្មើស ក៏ដូចជា ជនល្មើស សំអុល មុន្នី នោះ ធ្វើឲ្យជនល្មើសរអើលខ្លួនក្លាច គេដឹង បានព្យាយាមគេចខ្លួន លែងត្រឡប់ចូលធ្វើការវិញ។

លើសពីនេះទៀត ប្រាំថ្ងៃក្រោយ នៃការបាត់ខ្លួននារីរងគ្រោះ ជនល្មើស សំអុល មុន្នី បានទូរស័ព្ទសារភាពប្រាប់ភរិ យារបស់ខ្លួនឈ្មោះ ភក្រ្តថា ខ្លួនជាអ្នកបានធ្វើសកម្មភាព សម្លាប់នារីរងគ្រោះ ដែលជាប្អូនធម៌ ហើយយកទៅទម្លាក់ ចោលនៅតាមបណ្តោយផ្លូវជតិលេខ៦១ ត្រង់ចំណុចភូមិថ្នល់បត់ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្ដាល។ នេះបើ តាមការបំភ្លឺប្រាប់ពីលោក លី សាន់ ដែលទទួលបានការរៀបរាប់ប្រាប់ពីភរិយាជនល្មើស។

លោក លី សាន់ បានធ្វើការសន្និដ្ឋានជាមួយភាពជឿជាក់ ក្រោយរកឃើញសពរបស់កូនថា កូនស្រីរបស់លោក ត្រូវ បានជនល្មើសវាយសម្លាប់ នៅក្នុងបន្ទប់ជួលរបស់នាង ហើយទើបយកទៅទម្លាក់ចោល។ ការដែលហ៊ានអះអាង ដូច្នេះ ព្រោះភួយ ដែលរុំសពកូនស្រីនោះ គឺជាភួយនារី រងគ្រោះប្រើជារៀងរាល់ថ្ងៃ។

ក្រោយធ្វើសកម្មភាពសម្លាប់នារីរងគ្រោះ ប្លន់ទ្រព្យសម្បត្តិរហូតដល់ពេលនេះ ជនល្មើស សំអុល មុន្នី បានគេចខ្លួន បាត់ស្រមោល។

បច្ចុប្បន្នសពកម្មារិនីស្រស់សោភា លី អាស្រស់ ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី នៅស្រុកកំ ណើតរបស់ខ្លួននាខេត្តព្រៃវែង។

ឪពុកនារីរងគ្រោះ បានថ្លែងទទូចដល់កម្លាំងនគរបាល ដែលមានសមត្ថកិច្ច សុំជួយតាមចាប់ជនល្មើស មកផ្តន្ទាទោសដើម្បីវិញ្ញាណក្ខន្ធកូនស្រី របស់លោកបានទៅកាន់សុខគតិភព និងបានចាប់ជាតិជាថ្មីកុំឲ្យជួបគ្រោះអកុសល បែបនេះតទៅទៀត៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]