ខេត្តកំពង់ឆ្នាំង ៖ ស្ត្រីម្នាក់បានស្លាប់ កល់ក្រោមរថយន្ត និងកុមារា អាយុ៩ឆ្នាំម្នាក់ រងរបួសធ្ងន់ និងស្លាប់ ពេលដឹកទៅសង្គ្រោះ នៅក្នុងមន្ទីរពេទ្យ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ដែលកើតឡើង កាលពីវេលាម៉ោង១០ និង៤៥នាទីព្រឹក ថ្ងៃទី២៨ កុម្ភៈ ២០១៥ លើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ លេខ៨៥ និង៨៦ ក្នុងភូមិព្រៃពួច ឃុំជ្រៃបាក់ ស្រុករលារប្អៀរ។

សមត្ថកិច្ចនគរបាល ចរាចរណ៍ស្រុករលារប្អៀរ បានឱ្យដឹងថា ស្ត្រីរងគ្រោះដែលបានស្លាប់ កល់ជាប់កង់រថយន្តក្រុង មានឈ្មោះកុយ សុផាត ហៅញ៉ឹប អាយុ៥៤ឆ្នាំ ចំណែកចៅប្រុស ឈ្មោះ យិន សុថារាយុទ្ធ អាយុ៩ឆ្នាំ បានរងរបួសធ្ងន់ និងបានស្លាប់ ពេលដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។

មុនពេលកើតហេតុ គេឃើញរថយន្តក្រុងពណ៌ក្រហម គ្មានស្លាកលេខ បើកបរក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន  លុះមកដល់ចំណុចកើតហេតុ មានរថយន្តតាក់ស៊ី១គ្រឿង ម៉ាកកាមរីគូថហើម ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2D-7808 បើកពីមុខបានបត់ទៅខាងឆ្វេងដៃ ដើម្បីចូលចាក់ប្រេង ក៏ត្រូវរថយន្តក្រុង បុកពីក្រោយពេញទំហឹង បណ្តាលឱ្យខ្ទេច មួយកំណាត់ក្រោយ ប៉ើងរថយន្តតាក់ស៊ីទៅទើលើសួនច្បារ មុខស្ថានីយប្រេងឥន្ធនៈ ហើយរថយន្តក្រុង បានជ្រុលទៅបុក ផ្ទះតៀមនៅខាងឆ្វេង អូសស្ត្រីរងគ្រោះ និងចៅនៅក្នុងផ្ទះជាប់ទៅជាមួយ ចម្ងាយប្រមាណជាង ១០ម៉ែត្រ និងទៅបុកបង្គោលភ្លើងមួយដើមទៀត បាក់ខ្ទេចទើបទៅមុខលែងរួច។

ក្រោយពេលកើតហេតុ គេឃើញអ្នកបើកបរ ចុះពីរថយន្តរត់គេចខ្លួនបាត់ ចំណែកសពស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ច និងអ្នកស្រុកជួយកាប់គាស់យកចេញ ពីក្រោមរថយន្តជាង កន្លះម៉ោងទើបយកចេញបាន  ក្រោមសម្រែកទ្រហ៊ោយំពីក្រុមគ្រួសារសព ជាច្រើននាក់ ដោយភាពរន្ធត់ ចំណែកកុមារា ដែលរងរបួសធ្ងន់ ត្រូវបានគេដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង និងបានស្លាប់នៅតាមផ្លូវ៕









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]