ភ្នំពេញ៖ ក្រុមក្មេងស្ទាវ មួយក្រុមមានគ្នា៤នាក់ បើករថយន្តម៉ាកឡង់គ្រីស័រ ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ ន.ប ១៥៥៨ ក្នុងល្បឿន យ៉ាងលឿន បានប្រជែងរថយន្ត មួយគ្រឿងនៅពីមុខ ស្រាប់តែវាក់អើនឹងម៉ូតូមួយគ្រឿងមកពីខាងមុខ បណ្តាលឲ្យរេចង្កូត ធ្លាក់មកខាង ឆ្វេងដៃ ក្រឡាប់ផ្ងារជើងតែម្តង ប៉ុន្តែសំណាងល្អ ក្រុមក្មេងស្ទាវទាំងនេះត្រឹម រងរបួសស្រាល ប៉ុណ្ណោះ ។

គ្រោះថ្នាក់ចរាចរខាងលើនេះ បានកើតឡើងតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងភូមិជ្រោយអម្ពិល២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ។

សាក្សីនៅកន្លែងកើតហេតុនិយាយថា រថយន្តមួយគ្រឿងនេះ ធ្វើដំណើរក្នុងទិសដៅពីកើត ទៅលិច ពោលចូល មករាជធានីភ្នំពេញវិញ ក្នុងល្បឿនយ៉ាងលឿន លុះមកដល់មុខហាងលក់កូនឈើ ស្រាប់តែប្រជែងរថយន្តនៅពីមុខ ក៏វាក់អើនឹងម៉ូតូមកពីមុខផងដែរនោះ ក៏រេចង្កូតក្រឡាប់ផ្ងារជើងតែម្តង។

តាមសាក្សីក្រោយកើត ហេតុ គេឃើញមានសាច់ញាតិរបស់ក្មេងទំនើងទាំងនេះ យករថយន្ត មួយគ្រឿងម៉ាកឡង់គ្រីស័រ ៥៧០ ពណ៌ត្រេអ៊ី ទៅយកពួកគេ ហើយថែមទាំងដោះ ស្លាកលេខនគរបាល ចេញ ពីរថយន្តដែលក្រឡាប់នោះទៀតផង។

យ៉ាងណាក៏ដោយនោះ សមត្ថកិច្ចដែលចុះទៅអន្តរាគមន៍នៅកន្លែងកើតហេតុ មិនទាន់បានបញ្ជាក់ពី អត្តសញ្ញាណរបស់អ្នកបើកបរ នៅឡើយទេ៕












បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]