ភ្នំពេញ ៖ ជនជាតិបរទេសម្នាក់ ជាគ្រូបង្រៀន សាលាឯកជនមួយ ត្រូវបានគេ ប្រទះឃើញ ដេកស្លាប់ នៅក្នុងបន្ទប់ជួល ដោយគ្មាន មូលហេតុ ច្បាស់លាស់ កាលពីល្ងាច ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៥ ស្ថិតនៅក្នុង បន្ទប់ជួល ៤ជាន់ ជាន់ទី៣ ភូមិប៉ប្រកខាងត្បូង សង្កាត់កាកប ខណ្ឌពោធ៍សែនជ័យ ។

អ្នករស់នៅជិតខាង បានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ Nabil Sami mullah ភេទប្រុស អាយុ៦២ ឆ្នាំ មានមុខរបរ ជាគ្រូបង្រៀន ស្នាក់នៅបន្ទប់ជួល ក្នុងភូមិ សង្កាត់ កើតហេតុខាងលើ មានប្រពន្ធជា ជនជាតិខ្មែរ ពុំត្រូវបានគេស្គាល់ ឈ្មោះនោះទេ និងមានកូនម្នាក់ ជាមួយគ្នាផងដែរ ។

អ្នកជិតខាង បានបន្តថា រយះពេលពី៣ ទៅ៤ថ្ងៃ ហើយគេពុំឃើញ ជនរងគ្រោះ ចេញក្រៅបន្ទប់នោះទេ លុះដល់ល្ងាច កើតហេតុ ស្រាប់តែស្ត្រី ម្នាក់ដែលជា កម្មការិនីរោងចក្រ ពេលចេញពីធ្វើការ មកដល់បន្ទប់ ស្រាប់តែធុំក្លិនស្អុយ ចេញមកពី បន្ទប់ជនរងគ្រោះ ក៏បានទៅបង្ហើប ទ្វារមើល ស្រាប់តែប្រទះឃើញ ជនរងគ្រោះបាន ស្លាប់បាត់ទៅហើយ រួចក៏បានរាយការណ៍ ប្រាប់នគរបាល ឲ្យចុះទៅពិនិត្យ សាកសព ។

ប្រភពបានបន្តថា ចំណែកឯប្រពន្ធ របស់ជនរងគ្រោះ ក៏គេមិនដែល ឃើញ២ទៅ៣ថ្ងៃ មកហើយ មិនដឹងជាទៅណា មកណានោះទេ ហើយពេលនេះទៀត ជនរងគ្រោះ ស្លាប់តែម្នាក់ឯង ។

ចំណែកនគរបាល ដែលចុះទៅពិនិត្យ សាកសពនោះ បានឲ្យដឹងដែរថា ជនរងគ្រោះស្លាប់ ដោយសារស្ទះ ផ្លូវដង្ហើម ហើយការស្លាប់ ប្រហែលជា៣ ទៅ៤ថ្ងៃហើយ ។

បច្ចុប្បន្នសាកសព ត្រូវយកទៅតម្កល់ទុក នៅវត្តស្ទឹងមានជ័យ ដើម្បីរង់ចាំ ក្រុមគ្រួសារ មកទទួលយក ទៅស្រុកកំណើត ដើម្បីធ្វើបុណ្យ តាមប្រពៃណី៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]