ភ្នំពេញ ៖ បុរសជាជនសង្ស័យ លួចគោម្នាក់ ត្រូវបានប្រជាពលរដ្ឋ ប្តឹងសមត្ថកិច្ចចាប់ខ្លួន កាលពីម៉ោង ២និង៣០នាទី រសៀល ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៥ ស្ថិតក្នុងភូមិ បឹងស្ទេង ឃុំខ្លូងពពក ស្រុកទឹកផុស បន្ទាប់ពីបុរសរូបនោះ បានធ្វើសកម្មភាព លួចចាប់ គោញី១ក្បាល ដែលគេលែង អោយស៊ីស្មៅ នៅចំណុច ព្រៃស្តុកក្រៀល បំណងយកលក់ ដើម្បីយកលុយដោះ បំណុល សងអង្គការ ដែលគេជំពាក់ ៣ពាន់ដុល្លារ ។

នគរបាលព្រហ្មទណ្ឌ កំរិតស្រាល នៃស្នងការដ្ឋាន នគរបាលខេត្ត បានឲ្យដឹងថា ជនសង្ស័យខាងលើ នេះមានឈ្មោះ នៅ ធីម អាយុ៣៥ឆ្នាំ រស់នៅភូមិតាំងធ្នង់ ឃុំជៀប ស្រុកទឺកផុស ខេត្តកំពង់ឆ្នាំង ។ មុនពេល ចាប់ខ្លួន សមត្ថកិច្ចនគរបាល មូលដ្ឋាន បានទទួលសេចក្តី រាយការណ៍ពី ប្រជាពលរដ្ឋថា មានជន សង្ស័យម្នាក់ បានលួចចាប់និង ដឹកយកគោញី១ក្បាល ដែលម្ចាស់ គេលែង អោយស៊ីស្មៅ នៅចំណុចខាងលើ ពេលទទួលបានព័ត៌មាន សមត្ថកិច្ចក៏បាន តាមស្រាវជ្រាវ ចាប់ខ្លួនជនសង្ស័យ រូបនោះបាន យកមក សារសួរតាម និតិវិធី ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានសារភាពថា រូបគេពិតជា បានលួចគោញី១ ក្បាលនោះមែន បំណងយក ទៅលក់យក លុយសងអង្គការ ដែលគេនៅ ជំពាក់៣ពាន់ដុល្លារ។ ពីមុនមក កាលគេ និងប្រពន្ធមិនទាន់ លែងលះគ្នា រូបគេ បានខ្ចីលុយអង្គការ ចំនួន៤អង្គការ មានអេលីស៊ីដា ២កន្លែង ក្រេឌីត១កន្លែង និងស្ថាបនា១កន្លែង យកប្រាក់ សរុបបាន ចំនួន៦ពាន់ដុល្លារ ហើយក្រោយមក បានសងគេ ជាបន្តបន្ទាប់អស់ ចំនួន៣ពាន់ដុល្លារ មកដល់ពេលនេះ នៅជំពាក់គេ ៣ពាន់ដុល្លារទៀត។ ក្រោយពីប្រពន្ធបាន លែងលះគ្នាទៅ បន្ទុកនៃការសងប្រាក់ អង្គការ បានធ្លាក់មកលើខ្លួនគេ ជាអ្នកសង ខ្លួនឯង ដោយអង្គការ មកបង្ខំទារ ប្រាក់ជារៀងរាល់ ខែខ្លួន គ្មានលុយសង ទើបខ្លួនបាន សម្រេចចិត្ត មកលួចគោញីគេ ១ក្បាល នេះបំណងយកទៅលក់ អាចបានប្រាក់ពី ៣០០ទៅ៤០០ដុល្លារ ដើម្បីយកលុយ សងអង្គការ ។ ប៉ុន្តែពេល កំពុងលួចដឹកគោ ក៏ត្រូវសមត្ថកិច្ច ចាប់ខ្លួនបានតែម្តង។

ជនសង្ស័យរូបនេះ ត្រូវបានសមត្ថកិច្ច នគរបាលស្រុកទឹកផុស កសាងសំណុំ រឿងបញ្ជូន ខ្លួនមកកាន់ ស្នងការដ្ឋាន នគរបាលខេត្ត កសាងសំណុំរឿង បញ្ជូនខ្លួន ជនល្មើសទៅកាន់ សាលាដំបូងខេត្ត នៅល្ងាច ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៥នេះ ។

ចំណែកគោញី ១ក្បាលសម្បុរចំប៉ា មានកំពស់១.១៥ម៉ែត្រ ត្រូវបាន សមត្ថកិច្ចរក្សាទុក នៅអធិការដ្ឋាន នគរបាល ស្រុកទឹកផុស។ ដោយឡែកម្ចាស់គោ មិនទាន់ដឹងថា ជារបស់ អ្នកណានៅឡើយទេ ហេតុនេះសមត្ថកិច្ច សុំអំពាវនាវ ឲ្យម្ចាស់គោ មកទាក់ទង សុំយកគោ នៅអធិការ ដ្ឋាននគរបាល ស្រុកទឺកផុស និងសុំឲ្យមាន លិខិតបញ្ជាក់ ពីអាជ្ញាធរមូលដ្ឋានផង ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]