ខេត្តកំពង់ស្ពឺ ៖ អាវុធហត្ថ ក្រុងច្បារមន បានឃាត់ខ្លួន បុរសម្នាក់ ដែលបានប្រើហិង្សា ទៅលើម្តាយ និងក្មួយស្រី បន្ទាប់ពីបុរសនោះ សុំលុយម្តាយ ទៅទិញស្រាផឹក មិនបាន ។

មន្ត្រីកងរាជអាវុធហត្ថ ក្រុងច្បារមន បានឱ្យដឹងថា ករណីប្រើអំពើហិង្សានេះ កើតឡើង កាលពីវេលា ម៉ោង១ថ្ងៃត្រង់ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៥ នៅចំណុចភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន ដែលបង្កឡើង ដោយបុរសម្នាក់ ឈ្មោះ ហុង ភារម្យ អាយុ៣១ឆ្នាំ មុខរបរ មិនពិតប្រាកដ ។

ប្រភពដដែល បានឱ្យដឹងទៀតថា បន្ទាប់ពីទទួលបាន ព័ត៌មានថា មានអំពើហិង្សា ក្នុងគ្រួសារ ដែលបង្ក ឡើងដោយកូនប្រុស បានវាយម្តាយ និងក្មួយស្រី ដោយសារតែ ខឹងមិនព្រម ឱ្យលុយ ទៅទិញស្រាផឹក ទើបសមត្ថកិច្ច ចុះទៅឃាត់ខ្លួន យកមកធ្វើការអប់រំ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានឆ្លើយ សារភាពថា មូលហេតុ ដែលបណ្តាលឱ្យ រូបគេប្រើអំពើហិង្សា ទៅលើម្តាយ និងក្មួយស្រីនេះ ដោយសារតែ រូបគេស្រវឹងស្រា ម្យ៉ាងទៀតពេលនោះ រូបគេបាន សុំលុយម្តាយ ប្រុងយកទៅ ទិញស្រាផឹក តែម្តាយ មិនព្រមឱ្យ ទើបធ្វើឱ្យរូបគេ មានកំហឹង ក៏វាយម្តាយ និងក្មួយស្រី បែបនេះទៅ ។ ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចបានធ្វើការ អប់រំណែនាំ ឱ្យឈប់ប្រើ អំពើហិង្សា បែបនេះទៀត ។

សូមបញ្ជាក់ ផងដែរថា នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៥ នេះដែរ ម្តាយ និងបងប្អូន ជនសង្ស័យ បានមកធានា យកទៅអប់រំ បន្តទៀត ។ ជនសង្ស័យ បានធ្វើកិច្ចសន្យា ចំពោះមុខ សមត្ថកិច្ចថា ចាប់ពីថ្ងៃនេះ តទៅ រូបគេឈប់ ធ្វើឱ្យម្តាយ និងបងប្អូន ពិបាកដោយសារ រូបគេ ទៀតហើយ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]