ខេត្តព្រះសីហនុ ៖ បុរសខ្មែរម្នាក់ដែល កំពុងធ្វើដំណើរតាមផ្លូវបាន រងរបួសធ្លាយភ្លៅធ្ងន់ធ្ងរ បន្ទាប់ពីមានអ្នកលេង ជនបរទេស២ក្រុមជិះរថយន្ត២គ្រឿងបាញ់គ្នាជាច្រើន គ្រាប់បណ្តាលឱ្យមានការភ្ញាក់ផ្អើល មួយចំហៀងក្រុងព្រះសីហនុទាំងយប់ រួចរត់ចែកផ្លូវគ្នាបាត់ស្រមោលអស់ បន្សល់ទុករថយន្ត១ គ្រឿងនៅកន្លែងកើតហេតុ។ ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង១១ ថ្ងៃទី២៦ កុម្ភៈ នៅតាមបណ្តោយវិថីឯករាជ្យ ក្បែររង្វង់មូលតោ២ មុខសណ្ឋាគារនិងកាស៊ីណូ កំពង់សោមស៊ីធី ស្ថិតនៅក្នុងភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ។

ទាក់ទិនហេតុការណ៍នេះ ត្រូវបានក្រុមអ្នករត់ម៉ូតូឌុបនៅ មុខកាស៊ីណូកំពង់សោមស៊ីធី រៀបរាប់ពីហេតុ ការណ៍ នេះឱ្យដឹងថា ក្នុងពេលកើតហេតុពួកគេ ឃើញរថយន្ត២គ្រឿង ដែលមួយគ្រឿងម៉ាកឡិចស៊ីស RX 300 ពណ៌ខ្មៅ មិនស្គាល់ស្លាកលេខ និងមួយគ្រឿង ទៀតម៉ាកឡិចស៊ីស 450 ពណ៌ស្ករ គ្មានស្លាកលេខ បានបើកប្រដេញគ្នា ក្នុងល្បឿនលឿនពីកើតមក ។ លុះមកដល់ ចំណុចកើតហេតុ ស្រាប់តែភាគីរថយន្ត ឡិចស៊ីសRX 300 ពណ៌ខ្មៅ ដកកាំភ្លើងបាញ់ទៅលើ ក្រុមជិះរថយន្ត ម៉ាកឡិចស៊ីស 450 ជាច្រើនគ្រាប់ធ្វើឱ្យ រថយន្តនោះធ្លុះផ្នែកខាងក្រោយ១គ្រាប់ ប៉ុន្តែមិនមានអ្នកណា ម្នាក់រងរបួសទេ ។ ដោយឡែកក្នុងហេតុការណ៍នោះដែរ ក៏មានបុរសខ្មែរម្នាក់កំពុងជិះម៉ូតូក្បែរនោះ ត្រូវគ្រាប់កាំភ្លើង១គ្រាប់ ធ្លុះភ្លៅបណ្តាល ឱ្យដួលម៉ូតូ នៅនឹងកន្លែង ។

ក្រុមជនជិះ រថយន្តឡិចស៊ីស RX 300 ពណ៌ខ្មៅ ក្រោយពីបាញ់រះ ក៏បានរត់គេចខ្លួនបាត់ស្រមោលអស់ ។ ចំណែករថយន្តឡិចស៊ីស 450 ត្រូវបែកកង់ ទំនងជារថយន្ត ទៅមុខទៀតលែងរួច ក៏ចុះពីរថយន្តហើយរត់គេចខ្លួន ចូលក្នុងហាងយីហោសមុទ្រ កម្ពុជាបាត់អស់ទៅ ។

ក្រោយកើតហេតុ សមត្ថកិច្ចកងរាជអាវុធហត្ថបាន ចុះទៅពិនិត្យរកឃើញមានសម្បក គ្រាប់កាំភ្លើងខ្លី៩ គ្រាប់ ក្នុងនោះរថយន្តឡិចស៊ីស 450 ដែលជារថយន្តមានជម្លោះដែរនោះ មានស្នាមធ្លុះដោយគ្រាប់កាំភ្លើង ផ្នែកខាងក្រោយ១គ្រាប់។ ជុំវិញបញ្ហានេះ សមត្ថកិច្ចមិនទាន់អះអាងថា ក្រុមជនបាញ់ ប្រហារគ្នានោះជាជនជាតិអ្វី ប្រើប្រាស់កាំភ្លើងម៉ាកអ្វី ហើយមានរឿងអ្វីឡើយ ទើបឈានដល់ការបើករថយន្ត ដេញបាញ់ប្រហារ គ្នាបែបនេះ ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ សមត្ថកិច្ចកំពុងសើុបអង្កេត ពីរឿងនេះយ៉ាងយកចិត្តទុក ដាក់នៅឡើយ ។

ដោយឡែក ជនរងគ្រោះដែលត្រូវគ្រាប់កាំភ្លើង ក្នុងហេតុការណ៍នោះឈ្មោះ ស៊ន ផល្លា អាយុ២៧ឆ្នាំ ភេទប្រុស ជាបុគ្គលិកបម្រើការងារនៅសណ្ឋាគារសុខា បានរងរបួសធ្ងន់ធ្ងរធ្លាយ ភ្លៅផ្នែកខាងឆ្វេងដែលបញ្ជូន ទៅព្យាបាលនៅមន្ទីរពេទ្យសេតេ។

មានការកត់ សម្គាល់ផងដែរថា ក្នុងអំឡុងដើមឆ្នាំ ២០០៥នេះ បទល្មើសប្រើប្រាស់ អាវុធខុស ច្បាប់ពីសំណាក់ ជនបរទេស បានបង្កឱ្យ មានបញ្ហាប្រមាណ២-៣ករណីហើយ។ ករណីខ្លះត្រូវសមត្ថកិច្ចដកហូត វត្ថុតាង កាំភ្លើងខ្លី កាំភ្លើងបាញ់ខ្យល់ និងកាំភ្លើងបាញ់ ដោយប្រើប្រាស់ប្រព័ន្ធឆក់ ព្រមទាំងករណីចុងក្រោយនេះ ។ អ្នករស់នៅក្នុងខេត្តបានសម្តែង ការព្រួយបារម្ភចំពោះជនបរទេស ដែលរស់នៅក្នុងខេត្ត ព្រោះមួយរយៈពេលនេះ បានបង្កចលាចល ស្ទើរទូទាំងខេត្ត ដែលខ្លះប្រើកាំបិត ដំបង រហូតឈានដល់ការប្រើកាំភ្លើង ប្រៀបដូចជាតំបន់របស់ពួកម៉ាហ្វីយ៉ា ដែលសមត្ថកិច្ចកម្ពុជា មិនអាចគ្រប់គ្រងបាន។ គេមិនដឹងថា កាំភ្លើងដែលពួកគេយកមក ប្រើយ៉ាងរលូននេះបានមកពីណាទេ។ 

អ្នកក្រុងព្រះសីហនុបាន សំណូមពរដល់ក្រសួងមហាផ្ទៃ សូមពិនិត្យឡើងវិញ ចំពោះមន្ត្រីក្រោមឱវាទដែល កំពុងអនុវត្តច្បាប់នៅខេត្តព្រះ សីហនុ គួរតែឱ្យបង្កើនសកម្មភាព ប្រឆាំងក្រុមជនបរទេសខិលខូច ជាពិសេសគឺ ជនជាតិរុស្ស៊ី ដែលកំពុងតែ ប្រើប្រាស់ ទឹកដីមាត់សមុទ្រកម្ពុជា ធ្វើជាតំបន់វាយប្រហារគ្នា ដណ្តើម ដល់ប្រយោជន៍ ។ បើទុកឱ្យស្ថានការណ៍បែបនេះ កើតឡើងហើយគ្មានការបង្ក្រាប ឱ្យចាស់ដៃទេ ក្រុមជនបរទេសខិលខូច ទាំងនោះនឹងកាន់តែបំពាន សមត្ថកិច្ចកម្ពុជា ដោយគ្មានការកោតក្រែង បន្តិច ណាឡើយ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]