រុស្ស៊ី៖ អ្នកប្រមាញ់ពីរនាក់ បានប្រទះឃើញ សាកសព កូនសត្វរមាស មានដុះរោម តាំងពីសម័យ បុរេប្រវត្តិ មួយក្បាល ដែល កប់ក្នុង ទឹកកក តែនៅអាច រក្សាភាពដើម បានយ៉ាងល្អ និងត្រូវដឹងថា ជា កូនសត្វរមាស មានរោម ដែល មិនត្រូវ បានប្រទះឃើញ ពីមុនមក នោះទេ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា លោក អេឡិចហ្សេនដឺ និង មិត្តភក្តិម្នាក់ទៀត ខណៈពេល ដែលទៅ ប្រមាញ់សត្វ នៅក្បែរទន្លេ Semyulyakh នៅ តំបន់ ស៊ីបេរី ប្រទេសរុស្ស៊ី ពួកគេ ក៏ ប្រទះឃើញ សាកសព សត្វម្យ៉ាង មានដុះរោម ហើយ ក្រោយ ពេលពិនិត្យឲ្យ ច្បាស់ ពួកគេដឹងថាជា សាកសព សត្វនោះ មាន ដុះកុយ និង ចង្កូម ទើបពួកគេកំណត់ថា ជា សត្វរមាស ចម្លែកម្យ៉ាងមិន ដែលជួបប្រទះ ។ ពួកគេបាន ឲ្យដឹងថា ផ្នែកខ្លះនៃសាកសព កូនរមាស ត្រូវបាន សត្វព្រៃស៊ី ប៉ុន្តែ ផ្នែកផ្សេង នៃសាកសព កូនរមាស ដែលបាន ជាប់ក្នុងផ្ទាំង ទឹកកក ត្រូវបានរក្សា សភាពដើមបាន យ៉ាងល្អ។ ក្រោយមក ពួកគេក៏បានផ្តល់ ដំណឹងពីការ រកឃើញនេះ ទៅដល់ អ្នកជំនាញ ក្នុង វិទ្យាស្ថាន វិទ្យាសាស្ត្រ នៅក្នុងតំបន់ Yakutsk  ។


កូនសត្វរមាស ដែលបានប្រទះឃើញ

អ្នកវិទ្យាសាស្ត្រ ក្នុងវិទ្យាស្ថានខាងលើ មិនទាន់អាចធ្វើការ កំណត់ ភេទ របស់កូន រមាសនេះ និង មូលហេតុ បណ្តាលឲ្យ កូនរមាស ងាប់នោះទេ នៅឡើយ ប៉ុន្តែ អ្នកវិទ្យាសាស្ត្រ បានឲ្យដឹង កូនរមាសនេះ អាចត្រូវបាន បាត់បង់ជីវិត ពេលមានអាយុ ១៨ ខែ ហើយ កូនរមាស នេះ ជាប្រភេទរមាស មានរោម ដែលត្រូវបាន ដាច់ពូជ តាំងពី ១,០០០០ ឆ្នាំមុនម្ល៉េះ ហើយ លោក Albert ជា នាយក ក្នុង វិទ្យាស្ថាននេះ បាននិយាយថា នេះជា ការរកឃើញ ដ៏កម្រ ដែល សាកសព កូនរមាសនេះ នៅរក្សាតែ សភាពដើម បានយ៉ាងល្អ ដែល ត្រចៀក ភ្នែក  មាត់ និង រោម របស់វានៅតែអាចឲ្យ យើងមើលឃើញបានទាំងស្រុង ។

គួរបញ្ជាក់ដែរថា កូនសត្វរមាសនេះ ត្រូវបានដាក់ឈ្មោះថា Sasha ជាឈ្មោះហៅកាត់ខ្លី ពីអ្នក ប្រមាញ់លោក Alexander ដែលជាអ្នក បានរកឃើញកូនរមាស ។ តាមប្រភពដដែល បានឲ្យ ដឹងថា អ្នកវិទ្យាសាស្ត្រក្នុង ប្រទេសរុស្ស៊ី និង បរទេស នឹងចូលរួមសិក្សា លើ សាកសព កូនរមាស Sasha នេះ ហើយ ពួកគេ នឹងបាន ធ្វើកំពុងតែផ្តោត លើការធ្វើ តេស្ត DNA ដែលលទ្ធផលជា ជំហានដំបូងនឹង ផ្សាយឲ្យដឹងក្នុង ពីរសប្តាហ៍ខាងមុខនេះ ៕




ក្រុមអ្នកវិទ្យាសាស្ត្រ នឹងធ្វើតេស្ត DNA នៅលើ សាកសពកូនរមាសដែលរក្សារូបរាងតាមយ៉ាងល្អ


ទីតាំង ដែល រកឃើញ កូនរមាស និង ទីតាំង វិទ្យាស្ថានស្រាវជ្រាវ

ប្រភព បរទេស

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]