រាជធានីភ្នំពេញ ៖ នាងអឿន ស្រីមុំ បន្ទាប់ពីទៅរស់នៅបរទេស ហើយមានហេតុផលត្រលប់ មករស់នៅស្រុកខ្មែរវិញ បានស្រវាការងារសិល្បៈយ៉ាងមមាញឹក ។ ក្រៅពីចាប់អាជីពចម្រៀងឡើងវិញ អឿន ស្រីមុំ ថែមទាំងបន្ថែមអាជីពថ្មី គឺចូលរួមសម្តែង ភាពយន្តក្នុងរឿង «ពូជខ្ញុំអីុចឹង» កាលពីពេលកន្លងមក ។

នាងអឿន ស្រីមុំ ដែលបានចូលរួម សម្តែងក្នុងខ្សែភាពយន្តរឿង «ពូជខ្ញុំអុីចឹង» របស់ផលិតកម្មរ៉ុកនោះ បានសម្រេចចិត្ត ដកថយពីពិភពសិល្បៈភាពយន្ត ទាំងសោកស្តាយ ។ មូលហេតុដែលនាងស្រីមុំ មិនអាចស៊ូទ្រាំជាមួយអាជីព សម្តែងភាពយន្ត មកពីឈុតឆាកសម្តែងលំបាកជាងច្រៀង ដែលជាជំនាញរបស់នាង។ ជាតួសម្តែង ស្រីមុំថា ត្រូវពូកែសម្តែងគ្រប់ស្ថានភាព និងទន្ទេញឱ្យចាំភាសាសន្ទនា ដើម្បីប្រមូលអារម្មណ៍សម្តែង ឱ្យដូចភាពជាក់ស្តែង ។ ម្ល៉ោះហើយនាងអឿន ស្រីមុំ ដែលស៊ាំនឹងអាជីពចម្រៀង ជាច្រើនឆ្នាំមិនអាចបន្ត អាជីពជាតួសម្តែង ភាពយន្តបានទៀតទេ ។

អ្នកចម្រៀងមាន សំឡេងរដឺនអឿន ស្រីមុំ បញ្ជាក់កាលពីពេល ថ្មីៗនេះថា នាងទើបតែដឹងថាធ្វើជា តួកុនមិនមែនងាយស្រួល ដូចធ្វើជាតារាចម្រៀងទេ ។ ក្លាយជាតួសម្តែងម្នាក់ដែល មានសមត្ថភាពល្អ មហាជនទទួលស្គាល់ត្រូវ ចេះសម្តែងគ្រប់ទម្រង់ ទាំងជាតួកម្សត់ យំ កំប្លែង កាច ឆ្នាស តួខ្មោច និងឆ្កួតជាដើម ។ ចំណុចនេះហើយដែល ស្រីមុំមិនអាចធ្វើបានតទៅទៀត ។

អឿន ស្រីមុំ និយាយថា «សម្រាប់តួគេល្បី ឈ្មោះផ្នែកសម្តែង នាងខ្ញុំពិតជាទ្រាំសរសើរមិនបាន ។ ទី១គាត់ត្រូវប្រើទឹកមុខ ប្រែប្រួលលឿនតាមស្ថានភាព ដូចជាកំពុងយំ សុខៗ ស្រាប់តែត្រូវសើចវិញ ។ ក្រៅពីនេះពួកគាត់ត្រូវចំណាយ ពេលយូរថ្ងៃចេញទៅថតនៅ តាមទីជិតទីឆ្ងាយ ដូចជាតាមខេត្តជាដើម ដែលត្រូវប្រយុទ្ធជាមួយ នឹងអាកាសធាតុមានក្តៅ ត្រជាក់យ៉ាងលំបាក ទម្រាំយកឈុតឆាក ទាំងនោះបានដាក់បញ្ចាំងឱ្យ អ្នកមើលជួយគាំទ្រនោះ ។ អីុចឹងហើយទើបនាងខ្ញុំសម្រេច ចិត្តមិនថតទៀតទេ មកពីចេះតែគិតថា យើងនៅស្ទើរបទពិសោធន៍ ណាមួយអាចនិយាយថា អត់ចេះស៊ូទ្រាំជាមួយនឹងអាកាសធាតុ ខាងក្រៅក៏ថាបានដែរ ។ ម្យ៉ាងទៀតការថត ភាពយន្តត្រូវទៅបាត់ ពីផ្ទះ យូរៗដែលនាងខ្ញុំមានភារកិច្ច មើលការខុសត្រូវក្នុងផ្ទះសម្បែងដែរ ព្រោះធ្លាប់ដឹងពេលថតរឿងមុន គឺចេញបាត់ពីផ្ទះ ឬត្រឡប់មកវិញយប់ជ្រៅ ពេកដែលពិបាកនឹងបើកបរ ។ បែបនេះហើយទើបគិតថា ជាតារាភាពយន្តលំបាកមែន ខុសពីជាអ្នកចម្រៀងត្រូវទៅច្រៀងមួយ ភ្លែតៗនៅតែលើ ឆាកសម្តែងមានម្លប់ត្រជាក់ស្រួល ហើយបានបើកលុយមកផ្ទះ ដែលជារឿងមួយខុសពីតួកុនត្រូវទ្រាំចាំថតយូរ ។ ដូច្នេះហើយទើបនាងខ្ញុំ មិនអាចចុះកិច្ចសន្យាថត ជាមួយខាងណាបាន ។ នាងខ្ញុំមិនមែនមិនឱ្យ តម្លៃភាពយន្តខ្មែរយើងនោះទេ ប៉ុន្តែធ្លាប់ ហែលឆ្លងដែរទើប ដឹងថាលំបាកបំផុត ព្រមទាំងមិនសរសើរមិន បាននោះទេចំពោះបណ្តា សិល្បករទាំងអស់ដែលចាប់អាជីព ជាតារាសម្តែងយូរមកហើយ នោះនៅតែបន្តថតមកដល់ពេលនេះ ។ ដូច្នេះសូមបងប្អូនយើងជួយ គាំទ្រពួកគាត់បន្តទៀតដើម្បីបានជាកម្លាំងចិត្ត‍»។

នាងអឿន ស្រីមុំ នៅតែរស់នៅក្នុង នាមជាស្ត្រីមេម៉ាយ ក្រោយពីបែកបាក់ស្នេហ៍ ជាមួយអ្នករស់នៅប្រទេស បារាំងមានមុខរបរជាអ្នករត់តាក់ស៊ីមក ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]