ភ្នំពេញៈ កាលពី២-៣ថ្ងៃមុននេះ គេសង្កេតឃើញថា មានផលិតកម្មល្បីឈ្មោះធំៗ២ គឺផលិតកម្ម សាន់ដេ និងផលិតកម្ម ថោន បាននាំគ្នា សម្រុកថត CVD សម្រាប់ត្រៀមទទួល ស្វាគមន៍ បុណ្យចូល ឆ្នាំថ្មី ប្រពៃណី ខ្មែរ ខាងមុខនេះ ដោយផលិតកម្មទាំងពីរ បានជ្រើសថ្ងៃ ថតខុសគ្នាតែ មួយថ្ងៃប៉ុណ្ណោះ ធ្វើឲ្យតារាៗល្បីៗ ដែលផលិតកម្ម ទាំងពីនេះ ហៅថត ពិបាកក្នុង ការធ្វើដំណើរ និងចែកពេល វេលាគ្នាឲ្យដាច់ ។ ទន្ទឹមជាមួយគ្នានោះ ក៏មានតារាល្បីៗ ជាច្រើន បានសម្រេច ចិត្តចេញដំណើរ ទៅថតឲ្យ ផលិតកម្មថោន នៅសៀមរាប ខណៈដែល ផលិតកម្មសានដេ ក៏កំពុង ថតដូចគ្នា ពោលគឺ បានចេញ ទៅទាំងមិន ទាន់ថតចប់ ។ ចំណុចនេះ បានធ្វើឲ្យម្ចាស់ ផលិតកម្ម សាន់ដេ ខឹងសម្បារ និងបានបោះពាក្យ បោះសម្ដីថា «បើតារាណា រត់ទៅថត ឲ្យផលិតកម្ម ថោន ថ្ងៃក្រោយមិន បាច់មក ថតឲ្យសាន់ដេទៀតទេ» ។

បើតាមប្រភពព័ត៌មាន ពីតារាល្បីៗដែលចូលរួមថត ឲ្យផលិតកម្មទាំងពីរនេះ បានលួចបង្ហើប ប្រាប់ គេហទំព័រ Looking TODAY ឲ្យដឹងថា ថ្ងៃទី២៤-២៥ កន្លងទៅថ្មីៗនេះ គឺជាថ្ងៃដែល ផលិតកម្ម ទាំងពីរនោះ នាំគ្នាថតបទចម្រៀង ត្រៀមក្នុង ឱកាសបុណ្យ ចូលឆ្នាំដូចគ្នា ដោយផលិតកម្ម សាន់ដេ ថតនៅ ខេត្តកំពង់ស្ពឺ ហើយផលិតកម្ម ថោន ថតនៅ ខេត្តសៀមរាប ដែលតាមរយៈ ការថតនេះ បានធ្វើឲ្យតារាៗ ជាច្រើន មានការលំបាក ជាពន់ពេក ទាំងការធ្វើ ដំណើរផ្លូវឆ្ងាយ និងការត្រៀម សម្លៀកបំពាក់ សម្ភារផ្សេងៗ ជាដើម ។

ប្រភពខាងលើនេះ បានប្រាប់ឲ្យដឹងទៀតថា ដោយសារតែត្រូវធ្វើដំណើរផ្លូវឆ្ងាយ ខាងតារាៗក៏ស្នើ ឲ្យខាង ផលិតកម្ម សាន់ដេ ជួយសម្រួល ឲ្យថតចប់ កាន់តែលឿនកាន់តែល្អ ព្រោះត្រូវ ធ្វើដំណើរ ទៅខេត្ត សៀមរាបបន្ត ។ តែដឹងអីស្រាប់ តែខាងផលិតកម្ម សាន់ដេ បោះពាក្យថា បើតារាណា ទៅថតឲ្យ ផលិតកម្មមួយ ទៀតនោះ(ថោន) គឺមិនបាច់ ថតឲ្យ ផលិតកម្មសាន់ដេ ទៀតទេ ។ ចំពោះបញ្ហានេះ ក្រុមតារាៗល្បី ទាំងនោះ បានលើកឡើយថា ផលិតកម្មសាន់ដេ មិនគួរណា បន្ទោសតួសម្ដែងទេ ព្រោះផលិត កម្មថោន ជាអ្នកហៅ ពួកគេមុន ។ តែធម្មតាអ្នកសិល្បៈ ពេលមានគេ ទាក់ទងចេះ តែព្រម ទទួលទោះ បានកម្រៃតិច ក្ដីច្រើនក្ដី គឺមិនគិតទេ ព្រោះដើម្បី រក្សាទំនាក់ ទំនងល្អ ទៅថ្ងៃក្រោយ ។ ប៉ុន្តែបើ ផលិតកម្មសាន់ដេ ធ្វើបែបនេះ ហាក់បីដូចជា ដាក់គំនាប តួសម្ដែងពេកហើយ ។ ម្យ៉ាងទៀតបើ និយាយពីតម្លៃខ្លួន ថតវិញ ក៏ជាចំណុចមួយ ដែលពួកគេ ត្រូវធ្វើការថ្លឹងថ្លែងដែរ ។

តាមរយៈការបង្ហាញកាយវិកាបែបនេះ ហាក់បានបញ្ជាក់ យ៉ាងច្បាស់ហើយថា ផលិតកម្មធំ ទាំងពីរនេះ កំពុងតែ មានភាព កាច់កុងគ្នា ប្រជែងយកតារាល្បីៗ ទៅថតនៅផលិតកម្ម របស់ខ្លួន រៀងៗខ្លួន ប៉ុន្តែផលិតកម្ម ទាំងពីរ មិនបានគិត ពីសុខទុក្ខ និងការលំបាក របស់តារាឡើយ ។ ផ្ទុយទៅវិញពួកគេបែរ ជាដាក់សម្ពាធ ធ្វើឲ្យតារាៗ នាំឲ្យពិបាកខ្លាំង មើលមុខគ្នា មិនចំនៅ ថ្ងៃក្រោយ។

ទាក់ទងទៅនឹងព័ត៌មាន ដ៏រសើបខាងលើនេះ ត្រូវបានលោក ឡាយ សុខចំរើន អ្នកចាត់ការ ទូទៅ ប្រចាំផលិតកម្ម សាន់ដេ បានថ្លែង ប្រាប់ឲ្យដឹងថា ខាងតារាៗដូចជាអត់ មានបញ្ហាអីទេ ព្រោះពួកគាត់ បាននាំគ្នា ថតទាល់តែចប់ ។ ម្យ៉ាងទៀត ការងារសិល្បៈ យើងមិន អាចទៅ បិទសិទ្ធិ សេរីភាពគេបានទេ ។ ផលិតកម្ម ទាំង២ក៏ស្គាល់គ្នា គ្មានមូល ហេតុអី ត្រូវកាច់កុង គ្នាឡើយ ។

លោកបានប្រាប់ឲ្យដឹងទៀតថា «ចំពោះផលិតករដូចគ្នា គឺយល់ពីគ្នា ហើយម្នាក់ៗសម្រុក ថតបញ្ចប់ ការងាររៀងៗ ខ្លួន មិនមានបំណង បំបាក់គ្នាឡើយ ។ ម្យ៉ាងទៀតពេលដែល ខាងខ្ញុំ ទាក់ទងទៅ តារាៗ ក៏បានសួរពួកគាត់ថា ទំនេរ អាចថតបាន ឬអត់? ហើយបើថតបាន គាត់ក៏ មកថត អត់មានអីទេ។ ខ្ញុំគិតថា សម្រាប់ ថ្ងៃថតនោះ គឺខ្ញុំមិនបាន ដឹងមុន ឡើយថា ពួកខ្ញុំថត ថ្ងៃជាប់គ្នា បែបនេះឡើយ … ធម្មតាឲ្យ តែណាត់ អ្នកចម្រៀង គាត់ទំនេរ គឺគោលការណ៍ ខាងក្រុមហ៊ុនខ្ញុំ ចុះថត បណ្តើរៗគ្នា ព្រោះថាយើង មានបទ ចម្រៀងច្រើន ត្រូវថត ហើយខ្ញុំចង់ផ្តាំថា ពួកខ្ញុំសុទ្ធ តែផលិតករ ដូចគ្នា គ្មានហេតុផលអី ត្រូវធ្វើ បែបនោះទេ...!» ។

ដោយឡែកអ្នកគ្រប់គ្រង នៅខាងផលិតកម្ម ថោន លោក មាស សុខរតនៈ វិញ ក៏បានចេញមុខ បកស្រាយ ស្រដៀងគ្នាថា និយាយរួមទៅ លោកបាន ហៅតួតាំងពីថ្ងៃទី១-២ ខែកុម្ភៈ មកម្ល៉េះ ។ ខាងលោកក៏ មិនបានដឹងថា ផលិតកម្មសាន់ដេ គេថតថ្ងៃ ណាឡើយ ។ «សម្រាប់ខ្ញុំធ្វើការ មិនខ្វល់ លើផលិតកម្មដទៃ ឬក៏ ប្រកួតប្រជែង ជាមួយខាង ណាឡើយ ហើយសម្រាប់ តម្លៃខ្លួននោះ ខាងខ្ញុំមិន បានផ្តល់ឲ្យ ច្រើន គុណនឹង២ឬ៣ ជាមួយផលិតកម្ម សាន់ដេឡើយ ព្រោះថា ខ្ញុំមិនបាន ដឹងថា ខាងគេនោះ ឲ្យប៉ុន្មានទេ ។ សម្រាប់តម្លៃ តួនីមួយៗ គឺឆ្លងកាត់ការ និយាយគ្នា មុនពេលមកថត នៅក្នុងនោះដែរ ក៏មានតួខ្លះ គាត់យោគយល់ ជួយយើងខ្លះដែរ..!»។

លោក មាស សុខរតនៈ បានបន្ថែមទៀតថា នៅថ្ងៃថតចម្រៀងនោះ គឺមានតួអញ្ជើញ មកចូល រួមច្រើន ហើយតួដែល លោកបានទាក់ទង កាលពីដើមខែកុម្ភៈ ក៏គ្មានអ្នកអវត្តមាន ដែរ ។ លោកនៅ តែបញ្ជាក់ ជាថ្មីម្ដងទៀតថា លោកមិនបាន ដឹងឡើយថា ផលិតកម្មសាន់ដេ គេថតនៅថ្ងៃនោះ ហើយក៏គ្មាន  បំណងចង់ឲ្យ អ្នកណាលំបាក ឬក៏មានបញ្ហាអ្វី ដែរហើយម្នាក់ៗ ធ្វើការទៅ តាមគោលការណ៍ ក្រុមហ៊ុនរៀងៗ ខ្លួន ៕








 
លោក មាស សុខរតនៈ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]