កំពង់ចាមៈ កម្លាំងនគរបាលល្បាត របស់ស្រុកកងមាស ខេត្តកំពង់ចាម នៅយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៥នេះ បានដេញ បង្ក្រាប និងឡោមព័ទ្ធ ជនសង្ស័យម្នាក់ ក្រោយពីធ្វើ សកម្មភាព វាយប្លន់យកម៉ូតូ របស់ប្រជាពលរដ្ឋនៅ តាមដងផ្លូវ សាធារណៈ ប៉ុន្តែបានបោះ ម៉ូតូចោល ពេលដែលពើប ជាមួយកម្លាំង សមត្ថកិច្ច។

សកម្មភាពនាពេលប្លន់យកម៉ូតូបានសម្រេចខាងលើនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលា ម៉ោង៨យប់ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៥ នេះស្ថិតនៅស្ពាន សូកេន ភូមិសូកេន ឃុំសូគង ស្រុកកងមាស ខេត្តកំពង់ចាម។

យោងតាមមន្ត្រីនគរបាល ស្រុកកងមាសបានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើ មានប្រជា ពលរដ្ឋជិះ ម៉ូតូមួយគ្រឿង ម៉ាកសេ១២៥ ស៊េរីទំនើប ពាក់ស្លាកលេខភ្នំពេញ 1AH-6447  លុះពេលធ្វើ ដំណើរដល់ស្ពាន សូកេន ស្រាប់តែលេច មុខជនសង្ស័យ មកពួនស្ទាក់ ហើយវាយ ប្លន់យកម៉ូតូ ពីជនរងគ្រោះ បើកគេចខ្លួន។

មន្ត្រីនគរបាលបានបញ្ជាក់ទៀតថា នៅពេលដែលជនសង្ស័យកំពុងបើកម៉ូតូ គេចខ្លួននោះ ស្រាប់តែ ពើបជាមួយ កម្លាំង នគរបាលដែល ពួនស្ទាក់ គ្រប់គោលដៅ ជនសង្ស័យបាន ទំលាក់ម៉ូតូចោល រួចហើយ រត់ចូលព្រៃ។

ចំពោះករណីវាយប្លន់យកម៉ូតូនេះ ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាទៅកម្លាំង នគរបាលជំនាញ និងនគរបាល មូលដ្ឋាន បន្តការរុករក និងឡោមព័ទ្ធដើម្បី តាមចាប់ជនសង្ស័យ រូបនេះយកមក ផ្តន្ទាទោសតាម ផ្លូវច្បាប់។

សមត្ថកិច្ចមិនទាន់បានបង្ហាញពីអត្តសញ្ញាណជនរងគ្រោះនៅឡើយទេ  ប៉ុន្តែម៉ូតូ របស់ជន រងគ្រោះ ត្រូវបាន សមត្ថកិច្ច ដកហូតមកវិញ និងត្រៀមប្រគល់ ទៅឲ្យជនរងគ្រោះ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]