អង់គ្លេស៖ យើងបានដឹងហើយថា បឹងគឺជាកន្លែងផ្ទុកទឹកមួយ ដ៏សំខាន់សម្រាប់មនុស្ស ដើម្បីប្រើប្រាស់ ជាប្រចាំថ្ងៃ តែនៅពេលថ្មីៗនេះ ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញថា ទឹកបឹងភាគច្រើន មានផ្ទុកមេរោគ និង បាក់តេរី ដែលអាចបង្កឲ្យមនុស្សមាន ផលប៉ះពាល់ ទាក់ទងនឹងសរសៃប្រសាទ។

យោងតាមរបាយការណ៍ នៃក្រុមអ្នកជំនាញ មកពីសាកលវិទ្យាល័យ Nottingham ចក្រភពអង់គ្លេស រួមជាមួយនឹង សាកលវិទ្យាល័យ McGill របស់ប្រទេសកាណាដា បានបង្ហាញថា រុក្ខជាតិដុះតាមទឹកជាច្រើន ដែលយើងឧស្សាហ៍ប្រទះឃើញមាននៅតាមបឹង គ្រប់ទីកន្លែងនោះ មានការ គំរាមកំហែង ដល់សុខភាពមនុស្សយ៉ាងខ្លាំង ព្រោះថារុក្ខជាតិក្នុងទឹកទាំងនោះ មានផ្ទុកនូវសារជាតិពុលមួយចំនួន ហើយវាអាចជ្រៀតចូលទៅបំផ្លាញថ្លើម និងប្រព័ន្ធសរសៃប្រសាទ របស់មនុស្សបាននៅពេលដែលពួកគេ ផឹកទឹកក្នុងបឹងទាំងនោះ។ ម្យ៉ាងវិញទៀត វាក៏អាចបង្កឲ្យមនុស្ស កើត ជំងឺមួយចំនួនដូចជា ជំងឺឆាប់ភ្លេចភ្លាំង, ជំងឺញ័រសរសៃសាច់ដុំ, និងការចុះខ្សោយ នៃកោសិកាសរសៃប្រសាទ ជាដើម។ ម្យ៉ាងវិញទៀត វាក៏បង្កឲ្យដំណើរអ័រម៉ូននៅក្នុងខ្លួនមនុស្ស មិនប្រក្រតី និងអាចធ្វើឲ្យដុះសាច់ ក្នុងថ្លើមបានផងដែរ។

អ្នកវិទ្យាសាស្ត្រ ក៏បានលើកឡើងដែរថា ការកើនឡើងនៃចំនួនរុក្ខជាតិក្នុងទឹកទាំងនោះ បណ្តាលមកពីការបំពុលផ្នែកឧស្សាហកម្ម និងការបង្ហូរ នូវកាកសំណល់ មិនល្អចូលទៅក្នុងបឹង ហើយកត្តាទាំងនេះ បានបង្កឲ្យមានជាតិ គីមីអាហ្សូត និង ផូស្វ័រ (Phosphorus) ដែលជាសារជាតិ ដ៏សំខាន់ ក្នុងការជួយទ្រទ្រង់ជីវិត របស់រុក្ខជាតិនៅក្នុងទឹក បានយ៉ាងប្រសើរ។

អ្នកវិទ្យាសាស្ត្រមួយរូប ឈ្មោះ Zofia Taranu  មកពីសាកលវិទ្យាល័យ McGill បាននិយាយថា៖ «ពួកយើងបានរកឃើញ កំណើនយ៉ាងច្រើន នៃសារធាតុ និលវេត្រាណូ (Cyanobacteria) ដែលស្ថិតនៅក្នុងទឹកបឹង សឹងតែគ្រប់ទីកន្លែង ជាពិសេស ក្នុងប្រទេសអង់គ្លេសតែម្តង។ សារធាតុមួយនេះ គឺមានផល អាក្រក់ខ្លាំង ចំពោះប្រព័ន្ធ សរសៃប្រសាទ របស់មនុស្ស»។

ផ្អែកលើការដកស្រង់ នៃរបាយការណ៍មួយនេះ បានបង្ហាញថា សញ្ញាដែលមនុស្សទទួលរងផលប៉ះពាល់ ពីសារជាតិពុល នៃរុក្ខជាតិក្នុងទឹកបឹងមានដូចជា ស្បែកឡើងកន្ទួលក្រហម, រលាកក្រពះ និងពោះវៀន និងចុះខ្សោយប្រព័ន្ធដង្ហើម ជាដើម។

នេះគឺជាការរកឃើញថ្មីមួយទៀត របស់ក្រុមអ្នកវិទ្យាសាស្ត្រ ហើយវាក៏ជាការដាស់តឿន ផងដែរ សម្រាប់មនុស្សដែលចូលចិត្ត ប្រើប្រាស់ទឹកបឹង ឬក៏ទទួលទាន ទឹកបឹងដោយមិនបាន ដាំវាឲ្យពុះជាមុននោះ។ លើសពីនេះ វាក៏អាចស្រាយចម្ងល់មួយចំនួនផងដែរ ទាក់ទងទៅនឹង អ្នករស់នៅតាមស្រុកភូមិខ្លះ មិនដែលធ្លាប់ពិសា សុរា ឬក៏ ជាតិអាល់កុល អ្វីនោះឡើយ តែបែរជា កើតមាន ជំងឺជាច្រើន ទាក់ទងទៅនឹងថ្លើមទៅវិញ៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?


រូបភាពៈ រុក្ខជាតិ ក្នុងទឹកដែល ជាមូលហេតុ បង្កឲ្យ មនុស្សមាន ជំងឺជាច្រើន

ប្រភព៖ ដេលីម៉េល

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]