អ៊ីរ៉ាក់៖ ថ្មីៗនេះ ក្រុមជ្រុលនិយមអ៊ីស្លាម ISIS បានបង្ហោះវីដេអូថ្មីមួយទៀត បង្ហាញពី សកម្មភាព វាយកំទេចវត្ថុបុរាណ យ៉ាងអនាធិបតេយ្យ នៅក្នុងសារមន្ទីរ ទីក្រុង Mosul ប្រទេសអ៊ីរ៉ាក់។ សកម្មភាព ក្នុងវីដេអូ បង្ហាញពីការ វាយកំទេច រូបសំណាក ដែលមាន អាយុកាល រាប់សតវត្ស និង មុន គ.ស ដ៏មានតំលៃបំផុត មិនអាច កាត់ថ្លៃបាន។ ពួកគេ ប្រើប្រាស់ញញួរ វាយកំទេចរូប សំណាកដែលជា សម្បត្តិ បេតិកភណ្ឌ ពិភពលោក ពីមួយទៅមួយដោយ ប្រើរយៈពេលត្រឹមតែ ប៉ុន្មានវិនាទីតែប៉ុណ្ណោះ។

សកម្មប្រយុទ្ធ ISIS ម្នាក់ មិនបញ្ចេញអត្តសញ្ញាណ បានផ្តល់នូវការពន្យល់ដូចនេះ "វត្ថុបុរាណ ទាំងនេះ និងរូបព្រះ នៅពីក្រោយខ្ញុំ រាប់សតវត្ស កន្លងមកហើយ ត្រូវបានគេថ្វាយបង្គំជំនួស ព្រះជាម្ចាស់"។ គេបាន បន្ថែមទៀតថា "នៅពេលនេះព្រះបាន បញ្ជាអោយ ពួកយើង កំទេចវាចោល ទោះបីជាវា មានអាយុកាល រាប់សតវត្ស និងមានតំលៃរាប់កោដិដុល្លា ក៏ដោយ"។

វាមិនច្បាស់ទេថា រូបសំណាក ទាំងនោះជារូបចំលាក់ក្លែងក្លាយ រឺយ៉ាងណា នៅក្នុងវីដេអូនេះ។ ក្រុមអ្នកជំនាញ បាននិយាយថា ទោះជា យ៉ាងណាវីដេអូនេះ តំណាងឱ្យការខាតបង់ យ៉ាងច្បាស់ លាស់មួយ។ លោកស្រី Eleanor Robson ជាប្រធាននៃ វិទ្យាស្ថាន អង់គ្លេស បាននិយាយ ថា "បន្ទាប់ពីមើល វីដេអូនេះ ម្តងហើយ ម្តងទៀត គឺខ្ញុំអាចឃើញច្បាស់ថា រូបសំណាក ទាំងនោះ វាដូចជារូបចំលាក់ពិត ជាងពេលដែល ខ្ញុំបានមើល វីដេអូនេះ លើកទី១ តែទោះជា យ៉ាងណា ក៏គ្មានអ្វី ច្បាស់ជាង ការទៅ ដល់ផ្ទាល់ នៅសារមន្ទីរនោះផ្ទាល់នឹងភ្នែក"។ 



អគ្គនាយកអង្គការ បេតិកភណ្ឌពិភពលោក យូនីស្កូ លោកស្រី Irina Bokova បាននិយាយថា "ខ្ញុំបានថ្កោលទោស ការវាយប្រហារនេះថា ជាចេតនា ប្រឆាំង នឹងប្រវត្តិសាស្រ្ត និងវប្បធម៌ ដែលមាន អាយុកាល សហស្សវត្សរ៍ របស់ ប្រទេសអ៊ីរ៉ាក់ និងជាការញុះ ញង់ឱ្យមាន អំពើហិង្សា និងគួរអោយ ស្អប់ខ្ពើម"។ លោកស្រីបាន បន្ថែមទៀតថា "នេះគឺជាបញ្ហា អសន្ដិសុខមួយ ដែលបង្កភាព ជ្រុលនិយម អំពើហិង្សា និងជម្លោះនៅក្នុង ប្រទេសអ៊ីរ៉ាក់ ហើយការ វាយប្រហារនេះ គឺជាសោកនាដកម្ម វប្បធម៌។ ខ្ញុំសូម អំពាវនាវឱ្យមាន កិច្ចប្រជុំបន្ទាន់មួយ របស់ក្រុម ប្រឹក្សាសន្តិសុខ ដើម្បីការពារ បេតិកភណ្ឌវប្បធម៌ របស់ប្រទេសអ៊ីរ៉ាក់"។

ខាងក្រោមនេះ ជាវីដេអូបង្ហាញ ពីសកម្មភាព នៃការបំផ្លាញរូបសំណាក បុរាណរបស់ក្រុម ISIS៖

ប្រភព CNN

ដោយ Luhan

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]