ពិតណាស់ មនុស្សយើងគ្រប់គ្នា ដែលកើតមកហើយ គឺតែងតែ លូតលាស់ធំធាត់ ពីមួយថ្ងៃ ទៅមួយថ្ងៃ ខណៈពេលវេលា មិនត្រលប់ថយក្រោយ ឡើយ។ មានពេលខ្លះ កាលដែលស្ថិត នៅវ័យកុមារ គឺតែងតែប្រាថ្នា ឲ្យខ្លួនពេញវ័យឆាប់ៗ លុះដល់ពេល ខ្លួនពេញវ័យ មានបញ្ហាស្មុគស្មាញ ជាច្រើន ដែលត្រូវដោះស្រាយ ក្នុងជីវិត ដូចជាការសិក្សា ការងារ ការរកស៊ី និង បញ្ហាជាច្រើនរាប់រយ ជំពូកទៀត រហូតដល់ ចង់ឲ្យពេលវេលា ដែលសប្បាយៗ ក្នុងវ័យកុមារភាព វិលត្រលប់ថយក្រោយវិញ។

ក្នុងនោះដែរ កាលពីក្មេងៗ លោកអ្នកប្រាកដជា ធ្លាប់លេងល្បែងកំសាន្ត ជាច្រើនដូចជា លេងលោតកៅស៊ូ លេងអាឡូ លេងឈូស និងល្បែងកំសាន្ត ជាច្រើនផ្សេងទៀត ជាមួយនឹង មិត្តភក្តិ បងប្អូន ឬអ្នកជិតខាង ជាដើម ដែលគ្មានថ្ងៃណា អ្នកមិនសប្បាយចិត្តឡើយ រហូតដល់ពេល ពេញវ័យទៅហើយ ពេលដែលឃើញល្បែង ដែលខ្លួនធ្លាប់លេង ពិតជានឹកដល់ កុមារភាពជាខ្លាំង។

តោះ! ចង់ដឹងថាតើល្បែងកំសាន្តមួយណា ដែលធ្វើឲ្យប្រិយមិត្តមួយចំនួន នឹកឃើញ ដល់កុមារភាព និងបំភ្លេចមិនបាននោះ?

ជួបជាមួយ យុវជន លាង ស្រូយ ដែលជានិស្សិត ផ្នែកព័ត៌មានវិទ្យា នៅសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ បាននិយាយថា៖ «បើសួររឿង ល្បែងកំសាន្ត ដែលលឺហើយ នឹកឃើញដល់កុមារភាព មានតែលេងឈូសទេ... ព្រោះថា ពេលនៅក្មេង ចូលចិត្តលេងឈូស ណាស់... ជួនកាល លេងឈូស ដាក់លុយ មួយរយរៀល ពេលឈ្នះម្តងៗ សប្បាយចិត្តសឹងអី... តែដល់ពេលឥលូវ ឃើញក្មេងៗ លេងឈូស នឹកឃើញខ្លូនឯង កាលនៅក្មេង មានលុយ អត់លុយ ក៏ដោយសារតែ លេងឈូស... (ជួនចាញ់ ជួនឈ្នះ) »។


សកម្មភាព ក្មេងៗកំពុងលេងឈូស

រីឯ កញ្ញា ដានី ជានិស្សិតឆ្នាំទី ៤ នៃវិទ្យាស្ថាន ភាសាបរទេស (IFL) បានឲ្យដឹងដែរថា ៖ «កាលនៅតូចៗ ល្បែងអ្វី ក៏ធ្លាប់លេងដែរ ថ្ងៃខ្លះ លេងលោតកៅស៊ូ ថ្ងៃខ្លះ លេងលោតមឹក រីឯថ្ងៃខ្លះទៀត មានគ្នាច្រើន លេងដណ្តើម ស្លឹកឈើ ប៉ុន្តែល្បែងដែលខ្ញុំ លឺហើយ នឹកដល់កុមារភាព គឹល្បែងបោករូប តែម្តង ព្រោះថាពេលនៅតូច ម៉ាក់មិនឲ្យ ដើរទៅណាឆ្ងាយ លេងតែបោករូប ជាមួយអ្នកជិតខាង ពីរបីនាក់ ជារៀងរាល់ថ្ងៃ ដល់ពេលថ្នាក់ទី៧ ហើយ ក៏នៅតែលេងទៀត ប៉ុន្តែពេលឥលូវ ទោះចង់លេង ក៏លេងមិនកើតដែរ បងអើយ...»។


សកម្មភាព ក្មេងៗកំពុងលេងបោករូប

រីឯកញ្ញា ធីតា ជានិស្សិត ផ្នែកភាសាអង់គ្លេស ឆ្នាំទី១ បានប្រាប់ឲ្យដឹងថា «បើនិយាយពី ល្បែងកំសាន្ត កាលពីនៅក្មេង ខ្ញុំលេងគ្រប់តែប្រភេទនឹង បងអើយ! ប៉ុន្តែអ្វីដែលខ្ញុំ ឃើញហើយ បំភ្លេចមិនបាន គឺលេងឆ្កឹះកៅស៊ូ នឹងតែម្តង! ព្រោះថា ឲ្យតែទំនេរ ខ្ញុំបបួលមិត្តភក្តិ លេងឆ្កឹះកៅស៊ូ រហូតនឹង។ ពេលលេង ចង់តែឈ្នះ... ចឹងលេងរហូត ដល់ពេលខ្លះ លេងចាញ់កៅស៊ូ សុំលុយម៉ាក់ ពីរបីរយ ទៅទិញកៅស៊ូ មកលេងទៀត ក៏មានដែរ...»។


សកម្មភាព ក្មេងៗកំពុងលេងឆ្កឺះកៅស៊ូ

កញ្ញា សុជាតា ដែលជានិស្សិត ឆ្នាំទី៤ នៃវិទ្យាស្ថាន ភាសាបរទេស (IFL) ដ៏បានប្រាប់ ខ្មែរឡូត ដែរថា ៖« ខ្ញុំឲ្យតែពេលឃើញ ក្មេងៗ លេងលោតមឹក ចេះតែនឹកឃើញ ពេលខ្ញុំនៅពីក្មេង ព្រោះពេលនោះ ខ្ញុំលេងលោតមឹក ជាមួយមិត្តភក្តិ ស្ទើររាល់ថ្ងៃ លេងហើយ សប្បាយចិត្ត ណាស់ ប៉ុន្តែ ដល់ពេលធំឡើង លេងលែងកើតហើយបង... ខ្មាសគេ! »។


សកម្មភាព ក្មេងៗកំពុងលេងលោតមឹក

រីឯយុវជន ឈ្មោះ កា ជានិស្សិតឆ្នាំទី២ ផ្នែកភាសាជប៉ុន នៅឯវិទ្យាស្ថាន ភាសាបរទេស វិញ ក៏បានប្រាប់ ខ្មែរឡូត ដែរថា៖ «ពេលដែលខ្ញុំ ទៅស្រុកកំណើត ឃើញក្មេងៗ លេងគប់កំប៉ុងម្តងៗ នឹកឃើញកាលខ្ញុំ នៅជាកុមារ ណាស់បងអើយ... ចង់ឲ្យតែពេលវេលា ត្រលប់ថយក្រោយ វិញទេ។ ខ្ញុំចាំបានថា កាលនោះ ឲ្យតែពេលបានជុំគ្នា ជាមួយនឹង មិត្តភ័ក្តម្តងៗ គឺដឹងតែបបួលគ្នា លេងគប់កំប៉ុង រួចដេញចាប់គ្នា ដោយមានពេលខ្លះ ដួលដាច់ជង្គង់ ចេញឈាម ក៏មានដែរ...»។


សកម្មភាព ក្មេងៗកំពុងលេងគប់កំប៉ុង

ខ្មែរឡូត សូមលើកយក ល្បែងកំសាន្ត ចំនួន១០ ដែលលោកអ្នក បានលឺហើយ ប្រាកដជានឹកឃើញ ដល់កុមារភាពនិង មិនអាចភ្លេចបាន ដូចខាងក្រោម៖

១. លេងឈូស ៖ ជាល្បែងមួយប្រភេទ ដែលគេតែងលេង ដាក់លុយ ដុំថ្ម ឬកំប៉ុងក្នុងវង់ ហើយយកស្បែកជើង មកឈូស។ បើអ្នកណាឈូស ត្រូវលុយ ដុំថ្ម ឬកំប៉ុង ឲ្យចេញពីវង់ អ្នកនោះ គឺជាអ្នកឈ្នះ។

២. លេងបោករូប ៖ ល្បែងបោករូប ជាល្បែងដែលក្មេងៗ មិនថាប្រុស ឬស្រី គឺចូលចិត្តលេង ដូចគ្នា។ គេយករូបតូចៗ មកដាក់បញ្ចូលគ្នា រួចប៉ាវ (ក្តាប់ លា កន្ត្រៃ ម្ជុល) បើនរណាប៉ាវឈ្នះ និងបានបោកមុន។ អ្នកដែលបោករូប ឲ្យផ្កាប់ គឺជាអ្នកឈ្នះរូបដែលផ្កាប់ទាំងនោះ រីឯរូបដែល មិនផ្កាប់ គឺត្រូវទុកឲ្យ អ្នកបន្ទាប់ បោកម្តង។

៣. លោតកៅស៊ូ ៖ ជាល្បែងមួយប្រភេទ ដែលស្រីៗ ចូលចិត្តលេងបំផុត ដែលល្បែងមួយនេះ តម្រូវឲ្យមាន គ្នាពីរនាក់ ជាអ្នកកាន់កៅស៊ូ ដើម្បីឲ្យភាគីម្ចាងទៀត ធ្វើការលោត។ បើភាគីខាងលោត លោតប៉ះកៅស៊ូ ភាគីខាងនោះ ត្រូវទៅកាន់ កៅស៊ូ ឲ្យគេលោតវិញម្តង។

៤. លេងអាឡូ ៖ ចំនែកឯល្បែងមួយនេះវិញ អាចលេងលក្ខណៈជាគូ ឬម្នាក់ឯង ក៏បាន ដោយតម្រូវឲ្យ អ្នកប៉ាវចាញ់ ជាអ្នកចាំទី រួចត្រូវដេញចាប់ អ្នកផ្សេងទៀត។ អ្នកដែលត្រូវ គេចាប់បាន ដោយមិនបាន និយាយថា “អាឡូ” នឹងត្រូវមកចាំទីម្តង។

៥. ឆ្កឹះកៅស៊ូ ៖ ល្បែងឆ្កឹះកៅស៊ូនេះ មិនចាំបាច់ មានគ្នាច្រើនទេ ពោលគឺ មានតែពីរនាក់ ក៏លេងបានដែរ ដោយយកកៅស៊ូ មកឆ្កឹះឲ្យចូលវង់។ បើអ្នកឆ្កឹះ ឆ្កឹះកៅស៊ូចូលវង់ ចំនួន៣ គឺយក៣ ចូល៤ គឺយក៤ ទៅតាមចំនួន ដែលឆ្កឹះចូលវង់។

៦.បូតសណ្តែក ៖ រីឯ ល្បែងបូតសណ្តែកនេះវិញ គឺត្រូវការតែមនុស្ស ចំនួនពីរនាក់ប៉ុណ្ណោះ ដើម្បីលេង ដោយភាគីទាំងសងខាង យកដៃទាំងសងខាង មកបូតជាមួយគ្នា អមជាមួយនឹងចម្រៀង “បូតសណ្តែក” រួចប៉ាវ បើអ្នកណាចាញ់ នឹងត្រូវអ្នកឈ្នះជួស ឬក៏ពិន័យឲ្យធ្វើអ្វីផ្សេង ជាដើម។

៧.បោះកៅស៊ូចូលលេខ ៖ ល្បែងបោះកៅស៊ូ ចូលលេខនេះ គឺតម្រូវឲ្យមានម្នាក់ ធ្វើមេស៊ីសង ដោយមានវង់ ជារាងការ៉េ ចំនួន៤ ដោយសរសេរ លេខ១ លេខ២ លេខ៣ និងលេខ៤ ហើយតម្រូវឲ្យមាន កន្លែងឈរ សម្រាប់បោះកៅស៊ូ ដែលមានចម្ងាយ ឆ្ងាយពីវង់ ប្រហែល ២ ទៅ ៣ម៉ែត្រ។ បើអ្នកបោះ បោះកៅស៊ូ ចូលក្នុងវង់ ដែលមានលេខ១ លេខ២ លេខ៣ ឬលេខ៤ ភាគីខាងមេ ត្រូវសងគុណ តាមចំនួនលេខ ដែលគេបោះចូល ប៉ុន្តែបើបោះ មិនចូលក្នុងវង់វិញ ភាគីខាងមេ ត្រូវស៊ីទាំងអស់។

៨. លោតមឹក ៖ សម្រាប់ល្បែងលោកមឹក នេះវិញ គឺមានច្រើនប្រភេទ ទៅតាមចំនង់ចំនូលចិត្ត របស់អ្នកលេង។ ល្បែងនេះ ជាទូទៅ អាចចាប់ដៃគូ ឬម្នាក់ឯង អាស្រ័យទៅតាម ចំនួនអ្នកលេង ដែលតម្រូវឲ្យ ភាគីទាំងសងខាង លោតមឹកម្នាក់ម្តងៗ ហើយភាគី ដែលមានផ្ទះ ច្រើនជាងគេ នៅពេលចុងបញ្ចប់ នៃការលេង គឺជាអ្នកឈ្នះ។

៩.លាក់កន្សែង៖ ល្បែងមួយនេះវិញ គឺតម្រូវឲ្យ អ្នកលេងទាំងអស់ ត្រូវអង្គុយជារង្វង់ រួចច្រៀងបទ "លាក់កន្សែង" និងមានអ្នកចាំទីម្នាក់។ បើអ្នកចាំទី បោះកន្សែងចំនរណាម្នាក់ អ្នកនោះត្រូវយកកន្សែង ទៅវាយអ្នក ដែលអង្គុយ នៅបន្ទាប់ពីខ្លួន ដូច្នេះអ្នកដែលអង្គុយ នៅបន្ទាប់ពី អ្នកដែលទទួលបាន កន្សែង ត្រូវតែរត់ ជុំវិញវង់ រួចមកអង្គុយ នៅកន្លែងដើមវិញ មិនដូច្នេះទេ គឺត្រូវគេវាយទក់សាច់ ជាមិនខាន។

១០. រាវបង្កង៖ រីឯល្បែងមួយនេះ តម្រូវឲ្យមនុស្សម្នាក់ចាំទី ដោយយកកន្សែងរុំភ្នែក រួចរាវចាប់ អ្នកដទៃទៀត។ បើចាប់បានអ្នកណា ត្រូវទាយឈ្មោះ អ្នកនោះ។ បើទាយត្រូវ អ្នកដែលគេ ចាប់បាននោះ គឺត្រូវធ្វើជាអ្នក ចាំទី វិញម្តង។

ចុះប្រិយមិត្តវិញ តើល្បែងកំសាន្ត ខាងក្រោមមួយណា ដែលបានលឺហើយ នឹកឃើញដល់ កុមារភាព និង មិនអាច បំភ្លេចបាននោះ?

១. លេងឈូស ២. លេងបោករូប ៣. លោតកៅស៊ូ ៤. លេងអាឡូ ៥. ឆ្កឹះកៅស៊ូ ៦. បូតសណ្តែក ៧. បោះកៅស៊ូចូលលេខ ៨. លោតមឹក ៩. លាក់កន្សែង ១០. រាវបង្កង ១១. ជិះសេះធាក់គ្នា ១២. ស្តេចចង់ ១៣. ខ្លែងចាប់កូនមាន់ ១៤. មួយកាំពីរកាំ ១៥. បីដកមួយ ១៦. វាយក្អម ១៧. លោតបាវ ១៨. ខាំប៉ិកគួក ១៩. ប៊ូមទឹកដាក់ដប ... ?

 

ដោយ ៖ លីណា & ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]