តៃវ៉ាន់៖ រូបគំនូរមួយសន្លឹក បង្ហាញពីអគារកំពស់ ១០១ ជាន់របស់តៃប៉ិ កំពុងឆាបឆេះ នៅចំកណ្តាលទីក្រុង ដែលពោរពេញ ទៅដោយផ្សែងខ្មៅ ត្រូវបានបង្ហោះលើ គណនី Twitter របស់ក្រុមអ្នកគាំទ្រ ទៅលើសកម្មប្រយុទ្ធ រដ្ឋអ៊ីស្លាម ISIS កាលពីដើមសប្តាហ៍នេះ។ តាមការប៉ាន់ស្មាន រូបភាពនេះអាចជាសារ បញ្ជាក់ប្រាប់ថា ទីក្រុងតៃប៉ិ នឹងក្លាយជាគោលដៅ វាយប្រហារ របស់ក្រុម ISIS នៅថ្ងៃអនាគត។


រូបភាពនេះជាស្នាដៃដើមរបស់លោក Jonas De Ro ដែលគាត់ចង់ បរិយាយ ពីថ្ងៃអវសាន របស់ផែនដី

រូបខាងលើត្រូវបានបង្ហោះ លើគណនីដែលមានឈ្មោះថា @KhilafahTimes កាលពីថ្ងៃ ២៤ កុម្ភះ ជាមួយសារដែលសរសេរថា៖ "នៅពេលដែលរដ្ឋអ៊ីស្លាម ធ្វើការវាយប្រហារ នោះទីក្រុងរបស់អ្នក នឹងមិនស្រស់ស្អាតទៀតនោះទេ។ ដោយមានការអនុញ្ញាតិ ពីព្រះ អាឡា (Allah) មិនយូរឡើយ ថ្ងៃនោះនឹងមកដល់ "។ យ៉ាងណាមិញរូបភាព ទីក្រុងតៃប៉ិកំពុងឆាបឆេះ នោះគឺជាស្នាដៃដើម ដែលបង្កើតដោយ វិចិត្រករជនជាតិ ប៊ែលហ្សិកឈ្មោះ Jonas De Ro ប៉ុណ្ណោះ ដែលគាត់ចង់ បរិយាយ ពីការវិនាសរបស់ទីក្រុងធំៗ នៅថ្ងៃអវសាន របស់ភពផែនដី។

ទោះបីជា ទីក្រុងតៃប៉ិ មិនត្រូវបាន ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ISIS លើកយកមក និយាយចំៗ នៅក្នុងសារនោះក៏ដោយ ក៏ព័ត៌មានខាងលើ ពេលនេះ កំពុងរីករាលដាល ពេញប្រព័ន្ធផ្សព្វផ្សាយរបស់កោះតៃវ៉ាន់ ហើយពួកគេជំរុញឲ្យនាយកដ្ឋាន ការពារជាតិរបស់តៃវ៉ាន់ ធានាចំពោះប្រជាជនខ្លួនថា រដ្ឋពិតជាមានសមត្ថភាព និងការត្រៀមលក្ខណៈគ្រប់គ្រាន់ ដើម្បីការពារ ការវាយប្រហារណាមួយ ពីសំណាក់ពួក ISIS ទាំងនោះ៕


រូបភាពទីក្រុងតៃប៉ិកំពុងឆាបឆេះដែល បង្ហោះដោយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម

ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]