ខេត្តកំពង់ឆ្នាំង ៖ សពក្មេងស្រីម្នាក់ត្រូវគេប្រទះឃើញដេកស្លាប់ទាំងអាក្រាតកាយ កាលពីវេលាម៉ោង  ០៩ និង២០នាទីព្រឹក ថ្ងៃទី២៦ កុម្ភៈ ២០១៥ ស្ថិតនៅក្នុងព្រៃខាងត្បូង ក្នុងភូមិកំពង់បាស្រូវ ឃុំព្រៃគ្រី ស្រុកជលគីរី បន្ទាប់ពីក្មេងស្រី រូបនេះបាត់ខ្លួនមួយយប់ ហើយករណីត្រូវ គេសង្ស័យថា ជាករណីចាប់រំលោភ ហើយសម្លាប់បំបិទមាត់ ។

សមត្ថកិច្ចនគរបាលស្រុកជលគីរីបានឱ្យដឹងថា ក្មេងស្រីរងគ្រោះអាយុ៨ឆ្នាំ នាងជាកូនទី៧ ក្នុងចំណោម បងប្អូន៨នាក់ មានម្តាយឈ្មោះលីម ឡុន អាយុ៤១ឆ្នាំ និងឪពុកឈ្មោះស៊ីម សម្បត្តិ អាយុ៤៨ឆ្នាំ មានទីលំនៅ ភូមិ-ឃុំកើតហេតុខាងលើ ។

ប្រភពបន្តថា កុមារីរងគ្រោះបានបាត់តាំងពីល្ងាចថ្ងៃទី២៥ កុម្ភះ ២០១៥ ប៉ុន្តែឪពុកម្តាយស្មានតែនាងទៅ ដេកនៅផ្ទះម្តាយធំ លុះព្រឹកឡើង ថ្ងៃទី២៦ កុម្ភៈ ពេលជួបម្តាយធំប្រាប់ថា មិនបានឃើញទៅ ដេកនៅផ្ទះគាត់ទេ ទើបមានការឆោឡោឡើង ហើយក៏នាំគ្នាដើររក បានប្រទះ ឃើញ ដេកស្លាប់ក្នុងព្រៃ ខាងត្បូងភូមិ ចម្ងាយប្រមាណជាង៣០០ម៉ែត្រ ។ 

លោកហ៊ីម យ៉ុង អធិការនគរបាលស្រុកជលគីរីបានឱ្យដឹងទៀតថា ក្រោយពេលប្រទះឃើញសព ក្មេងស្រីរងគ្រោះហើយ ក្រុមគ្រួសារ បាន លើកយកសពត្រឡប់ មកផ្ទះដោយ សមត្ថកិច្ចទៅ មិនទាន់ ដើម្បីពិនិត្យឡើយ ។

ក្រោយពិនិត្យធ្វើកោសល្យហើយ គឺក្មេងស្រីរងគ្រោះត្រូវជនពុំស្គាល់មុខចាប់រំលោភ រួចទើបសម្លាប់ បំបិទមាត់ជាក្រោយ ដែលពេលនេះ សមត្ថកិច្ចកំពុង ដុតដៃដុតជើងស្វែង រកជនដៃដល់យក មកផ្តន្ទាទោស តាមច្បាប់ ៕






 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]