ថៃ៖ អ្នកជិះកង់ ជនជាតិឈីលីម្នាក់ មានបំណងចង់បំបែក កំណត់ត្រាពិភពលោក ពេលនេះ ក្តីរំពឹងត្រូវចប់សព្វគ្រប់ បន្ទាប់ពីគាត់ត្រូវរថយន្តបុកស្លាប់ នៅក្នុងប្រទេស ថៃ កាលពីសប្តាហ៍មុន។


រូបភាពមុន និងក្រោយពេលកើតហេតុ

លោក Juan Francisco Guillermo ប៉ុនប៉ង ជិះកង់ក្នុងចំងាយផ្លូវ ២៥០,០០០ គីឡូម៉ែត្រ ជុំវិញពិភពលោក ក្នុងរយៈពេល៥ឆ្នាំ។ បុរសវ័យ ៤៧ឆ្នាំ រូបនេះ បានចាប់ផ្តើម ការជិះកង់ តាំងពីខែវិច្ឆិកា ឆ្នាំ ២០១០ ហើយគ្រោងនឹង បញ្ចប់នៅប្រទេសអូស្ត្រាលី ក្នុងខែវិចិ្ឆកា ឆ្នាំ ២០១៥នេះ។ យោងតាមសារព័ត៌មានក្នុងប្រទេសថៃ បានផ្សាយថា គ្រោះថ្នាក់បានកើតឡើង នៅពេលដែលបុរសរងគ្រោះ រួមទាំងប្រពន្ធ និងកូន បានឈប់សំរាក នៅប៉ុស្តិ៍ត្រួតពិនិត្យរបស់ប៉ូលិស មួយកន្លែង។ ខណៈដែល លោក Guillermo រៀបចេញដំណើរវិញ ស្រាប់តែមានរថយន្តប្រភេទភីកអាប់ (pickup) មួយគ្រឿង ដែលបើកក្នុងល្បឿន យ៉ាងលឿនមកបុក ធ្វើឲ្យគាត់ខ្ទាតចេញពីកង់ ហើយស្លាប់ភ្លាមៗ នៅនឹងកន្លែងតែម្តង។ ចំណែកឯ រថយន្តភីកអាប់ វិញ បានក្រឡាប់ ធ្លាក់ចូលទៅ ប្រឡាយក្បែរផ្លូវ ប៉ុន្តែអ្នកបើកបរ មិនបានរងរបួសអ្វីនោះទេ។

ប្រភពព័ត៌មានមួយ បានឲ្យដឹងថា ប្រពន្ធ និងកូនរបស់លោក Guillermo គឺស្ថិតលើកង់មួយផ្សេងទៀត នៅកំឡុងពេលគ្រោះថ្នាក់ តែយ៉ាង ណាមិញ អ្នកស្រី Ng ជាប្រពន្ធ បានរងរបួសបាក់ជើងឆ្វេង ចំនែកកូនរបស់គាត់ក៏ រងរបួសស្រាលផងដែរ។ បើតាមប៉ូលិសអះអាងថា គ្រោះថ្នាក់កើតឡើង ដោយសារតែ ភាពខ្វះការប្រុងប្រយ័ត្នរបស់ អ្នកបើកបររថយន្ត ព្រោះផ្លូវនៅទីនោះ គឺជាផ្លូវត្រង់ ហើយអ្នកជិះកង់គឺជិះ នៅលើចំណែកផ្លូវរបស់គេ ប៉ុណ្ណោះ។


លោក Guillermo និងប្រពន្ធកូន

គួរបញ្ជាក់ផងដែរថា ម្ចាស់រថយន្តបង្កហេតុឈ្មោះ Tiwarat Ratchaipidet អាយុ៤៧ ឆ្នាំ ត្រូវបានចាប់ខ្លួនពីបទ បង្កឲ្យមានមនុស្សស្លាប់ ដោយសារ ការបើកបរមិនប្រុងប្រយ័ត្ន។ ជនបង្កអាចនឹងត្រូវជាប់ ពន្ធនាគារលើសពី ១០ ឆ្នាំ ប្រសិនបើ រកឃើញថា មានទោសមែននោះ៕


លោក Guillermo ប៉ុនប៉ងជិះកង់ ចំងាយផ្លូវ ២៥០,០០០ គីឡូម៉ែត្រ ជុំវិញពិភពលោក ក្នុងពេល៥ឆ្នាំ


រថយន្តបង្កហេតុ ក្រឡាប់ធ្លាក់ក្បែរផ្លូវ តែម្ចាស់រថយន្ត មិនមានរងរបួសនោះទេ


គ្រោះថ្នាក់នេះធ្វើឲ្យលោក Guillermo ស្លាប់ រីឯប្រពន្ធបាក់ជើង និងកូនរបស់គាត់រងរបួសស្រាល

ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]