អង់គ្លេស៖  គ្រួសារមួយ ក្នុងប្រទេសអង់គ្លេស មិននឹកស្មានដល់ថា  រូបចម្លាក់សត្វឆ្មាមួយ ដែលបាន ដាក់តាំងលំអ ក្នុងផ្ទះបាយរបស់ពួកគេ អស់រយៈពេលច្រើនឆ្នាំ  តាមការពិត គឺជា រូបចម្លាក់សត្វឆ្មា សម័យអេហ្ស៊ីបបុរាណ អាយុកាល ២,៥០០ឆ្នាំ ទាល់តែសោះ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា អស់ជាច្រើនឆ្នាំមកហើយ រូបចម្លាក់ សត្វឆ្មាមួយ ត្រូវបានដាក់តាំង ក្នុងផ្ទះបាយ ស្ថិតក្នុងផ្ទះ របស់គ្រួសារមួយ មានទីតាំង នៅទីក្រុង Penzance ចក្រភពអង់គ្លេស ប៉ុន្តែគ្រួសារនេះ គ្មាននរណាម្នាក់ បានដឹងថា រូបចម្លាក់សត្វឆ្មានេះ ជាវត្ថុបុរាណ នោះឡើយ។ រូបចម្លាក់រូបឆ្មានេះ រៀបនឹងត្រូវបោះចោលទៀតផង បន្ទាប់ពី លោកយាយ ដូរ៉ែល ជាជីដូនចាស់ ក្នុងគ្រួសារនេះ និង ម្ចាស់រូបចម្លាក់ សត្វឆ្មា បានស្លាប់ កាលពីខែវិច្ឆិកា ឆ្នាំមុន។ ប៉ុន្តែអ្នកដាក់លក់ វត្ថុដេញថ្លៃម្នាក់ មានឈ្មោះ ដេវីដ បានប្រទះឃើញ នៅពេល គ្រួសារនេះ ហៅរូបគាត់ ឲ្យមក ប្រមូលទិញ វត្ថុកេរ្តិ៍ដំណែល របស់លោកយាយ ដូរ៉ែល។ ដំបូងឡើយ លោក ដេវីដ ក៏បានយល់ថា  រូបចម្លាក់ ឆ្មា អេហ្ស៊ីបនេះ គ្រាន់ជារូបចម្លាក់ ធម្មតា និង  មានតម្លៃថោកប៉ុណ្ណោះ ប៉ុន្តែ ក្រោយមកគាត់ បានយកទៅ ការិយាល័យ ពិនិត្យឲ្យបានល្អិតល្អន់ ទើបដឹងថា ជាវត្ថុបុរាណ ដ៏ប្រណិតមួយ និង មានតម្លៃទៀតផង។

លោក ដេវីដ ក៏បានប្រាប់ដំណឹង ដល់គ្រួសារម្ចាស់ផ្ទះ ផងដែរ ហើយពួកគេ គ្រោងនឹង ដាក់រូបចម្លាក់ឆ្មា អាយុកាលជាង ២,៥០០ ឆ្នាំនេះ លក់ដេញថ្លៃ  នៅកន្លែងដេញថ្លៃ វត្ថុបុរាណ (Penzance Auction Rooms) ក្នុងទីក្រុង Penzance តែម្តង។


រូបចម្លាក់បុរាណ រកឃើញក្នុងផ្នូរបុរាណអេហ្ស៊ីបអាយុកាល ជិត ២,៥០០ឆ្នាំ

យ៉ាងណាមិញ តាមប្រភពដដែល បានឲ្យដឹងថា ប្រវត្តិ របស់វត្ថុបុរាណនេះ ត្រូវបានដឹងថា ដំបូងឡើយ ជាកម្មសិទ្ធិរបស់លោក Howard Carter អ្នកបុរាណវិទូ អង់គ្លេស ដែលបានរកឃើញចម្លាក់នេះ ក្នុងផ្នូរបុរាណមួយ ក្នុងប្រទេសអេហ្ស៊ីប កាលពីឆ្នាំ ១៩២២ ប៉ុន្តែ ក្រោយពីលោក Carter បានស្លាប់ទៅ រូបចម្លាក់ឆ្មានេះ បានត្រូវ ក្រុមហ៊ុនលក់ដេញថ្លៃ Spark and Son នៅទីក្រុងឡុដ៏ ទិញដាក់លក់ដេញថ្លៃបន្ត។  បន្ទាប់មក លោក Liddell ដែលជាស្វាមី របស់ លោកយាយ ដូរ៉ែល បានទិញបន្ត ពីកន្លែងលក់ដេញថ្លៃ Spark and Son តាំងពី ឆ្នាំ ១៩៣៩។ ក្រោយមកទៀត ពេលលោក Liddell ចូលនិវិត្តន៍ គាត់ក៏បានទៅរស់នៅ ក្នុងទីក្រុង Penzance និង នាំយករូប ចម្លាក់ឆ្មា អេហ្ស៊ីប មកទុកក្នុងផ្ទះគាត់ និង បានស្លាប់ តាំងពីឆ្នាំ ២០០៣ ម្ល៉េះ ខណៈលោកយាយ ដូរ៉ែល ទើបនឹងស្លាប់ កាលពីខែ វិច្ឆិកានេះ ប៉ុន្តែ ក្នុងគ្រួសារនេះ ក្រៅពី លោក Liddell  មិនមានអ្នកណា បានដឹងថា រូបចម្លាក់សត្វឆ្មា ជាវត្ថុបុរាណឡើយ ទើបពួកគេ យករូបចម្លាក់រូបឆ្មានេះ មកដាក់តាំង លំអចោល ក្នុងផ្ទះបាយ អស់រយៈពេលរាប់ឆ្នាំ កន្លងមកហើយ។


លោក Howard Carter ជាអ្នកបុរាណវិទូអង់គ្លេសម្នាក់ ដែលបាន រកឃើញចម្លាក់នេះ ក្នុងផ្នូរបុរាណមួយ

គួរបញ្ជាក់ដែរ រូបចម្លាក់សត្វឆ្មានេះ ក៏ត្រូវបានបញ្ជាក់ ដោយ នាយកផ្នែកបុរាណវត្ថុអេហ្ស៊ីប នៅក្នុងសារៈមន្ទីរ ចក្រភពអង់គ្លេស ថាជារូប ចម្លាក់ឆ្មា ដែលធ្វើឡើង តាំងពី សម័យអេហ្ស៊ីបបុរាណ នៅចន្លោះឆ្នាំ ៦៦៤ ទៅ ៥២៥ មុនគ.ស ដែលស្ថិតក្នុង រាជ្យស្តេច Psamtik I ជាសម័យកាល ដែលអេហ្ស៊ីប មានការគោរព ប្រភេទសត្វជាច្រើន និង ចាត់ទុកដូចជាអាទិទេពផងដែរ។

ចំពោះ រូបចម្លាក់សត្វឆ្មា ខាងលើ នឹងដាក់លក់ដេញថ្លៃ នៅក្នុង ទីក្រុង Penzance ចក្រភពអង់គ្លេស  ដែលអាចមានតម្លៃ ចាប់ពី ៧,៧០០ ទៅ ១៥,០០០ ដុល្លារ ហើយតម្លៃនេះ អាចឡើង ដល់ ៧៧,០០០ ដុល្លារ ក៏ថាបាន៕



ក្រុមការងារ របស់ លោក Howard Carter ពេលគាស់ផ្នូរបុរាណ

វីដេអូបង្ហាញពី ចម្លាក់រូបសត្វឆ្មានេះ

ប្រភព Dailymail

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]