ស៊ីរ៊ី៖ ពួករដ្ឋអ៊ីស្លាម (Islamic State) បានបញ្ចេញនូវខ្សែវីដេអូមួយ ដែលបង្ហាញពី ក្រុមក្មេងប្រុស អាយុខ្ទង់ ៥ឆ្នាំ ត្រូវគេយកមកបណ្តុះបណ្តាល ធ្វើជាសកម្មប្រយុទ្ធថ្មី នៅក្នុងជំរុំហ្វឹកហាត់ ស្ថិតនៅសាលា បណ្តុះបណ្តាលទាហាន Al Farouq ក្នុងខេត្ត Raqqa នៃប្រទេស ស៊ីរ៊ី។


ក្មេងប្រុសអាយុខ្ទង់៥ឆ្នាំ ដែលសុទ្ធតែជាទាហានចំនូលថ្មីរបស់ក្រុម IS 

នៅក្នុងវីដេអូមាន រយៈពេលប្រមាណ ៩នាទី ដែលទើបតែផ្សាយ តាមអនឡាញ នាពេលថ្មីៗនេះ បានបង្ហាញពីទាហានចំនូលថ្មី វ័យក្មេងទាំងអស់ ឈរជាជួរ និង កំពុងស្តាប់ការ បង្រៀនពីមេទាហានរបស់ពួកគេ។ អមជាមួយនឹង តន្រ្តីបែបអារ៉ាប់ វីដេអូ ដដែលនេះ បានបង្ហាញ ពីការហ្វឹកហ្វឺន ដោយក្បាលមានចង ដោយក្រណាត់ខ្មៅ ជាសញ្ញាសំគាល់។

ពួកគេខ្លះពត់ខ្លួន និងឈរស្តាប់ការបង្ហាត់ ចំណែកខ្លះទៀតឈរ នៅខាងក្រោយបំផុត កាន់ទង់ជាតិ។ មានបុរស រុំមុខខ្មៅម្នាក់ ដែលជាគ្រូបានចោទជាសំនួរ ទៅកាន់ក្រុមទាហានវ័យក្មេង ហើយពួកក្មេងៗទាំងអស់ ក៏បានស្រែកឆ្លើយសំនួរ មកវិញខ្លាំងៗ និងស្របគ្នា ក្រៅពីនោះពួកគេក៏ ធ្វើការបន់ស្រន់ ជុំគ្នាផងដែរ នៅចំពោះមុខ កាំភ្លើង ២ដើម ដោយមានគ្រូម្នាក់ ជាអ្នកដឹកនាំ។

បើទោះបីជាការយកក្មេងៗ មកធ្វើជាទាហាន គឺជាការខុសច្បាប់សង្គ្រាមក៏ដោយ ក៏ក្រុមរដ្ឋអ៊ីស្លាម បានយកក្មេងប្រុសជាច្រើន មកចូលក្នុងក្រុមរបស់គេ ដូចគ្នាទៅនឹងទង្វើរបស់ ក្រុមណាស៊ី (Nazi) របស់អាល្លឺម៉ង់ ដែលប្រមូលយក យុវជនក្មេងៗ ចូលបំរើកងទ័ពរបស់ ហ៊ីទ្លែ (Hitler)។ នៅលើគណនី បណ្តាញសង្គម របស់ក្រុម ISIS នេះ ក៏មានបង្ហោះរូបភាពទារក ជាមួយកាំភ្លើង ឬ រូប របស់កូនក្មេង កាន់ក្បាល ចំណាប់ខ្លាំងដែលគេកាត់រួច ទៅទៀត។


ការបណ្តុះបណ្តាលនេះគឺធ្វើឡើងនៅ សាលាទាហាន មួយដែលមានឈ្មោះថា Al Farouq 

សេចក្តីរាយការណ៍មួយ បានឲ្យដឹងថា ក្រុម ISIS បានរើស យកក្មេងៗ ដែលមានអាយុក្រោម ១៥ ឆ្នាំ ឲ្យចូលក្នុងបន្ទាយ ដែលបង្កើតឡើង ពិសេសមួយ ដើម្បី បំពាក់មនោគមវិជ្ជារបស់ពួកគេ។ កងទាហាន វ័យក្មេង ត្រូវបង្រៀនឲ្យប្រើកាំភ្លើង និងបង្រៀនឲ្យ កាត់.ក មនុស្សជ័រ។ ចាប់តាំងពីក្រុម ISIS ដណ្តើមបានទីក្រុង Raqqa របស់ស៊ីរ៊ី ធ្វើជាដែនដីរបស់ពួកគេមក មានប្រជាជនជាច្រើនបាននាំគ្នា ភៀសខ្លួនប្តូរទីលំនៅ ដោយសារតែ មានការចាប់បង្ខំកេណ្ឌ ឲ្យធ្វើជាកងទ័ព។ បុរសជាពលរដ្ឋម្នាក់ បានប្រាប់ថា គាត់ត្រូវបានគេ គំរាមសំលាប់ ដោយសារ តែបដិសេធ មិនព្រម ឲ្យកូនដែលមានអាយុ ១៣ ឆ្នាំ ចូលទៅជំរុំ ហ្វឹកហាត់ទាហាន៕


ការយកក្មេង មកធ្វើជាទាហាន បែបនេះ គឺងាយស្រួល ក្នុងការបំពាក់ មនោគមវិជ្ជារបស់ពួកគេ


ទាហានវ័យក្មេង កំពុងបន់ស្រន់ ជាមួយគ្រូ នៅចំពោះមុខ កាំភ្លើង២ដើម


ក្មេងៗ ត្រូវគេបង្រៀន ឲ្យប្រើកាំភ្លើង និង កាត់.ក មនុស្សជ័រ

ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]