ភ្នំពេញ៖ ស្របពេលដែល អាជីវកម្ម លក់នំចំនី កំពុងតែពេញនិយមខ្លាំង ពីមួយថ្ងៃទៅមួយថ្ងៃ ក្នុងនោះគេ ឃើញម្ចាស់ អាជីវកម្មមួយចំនួន បាន សាកល្បង នាំយក ការផលិតអាហារ ដែលពេញនិយម របស់តំបន់បស្ចឹមប្រទេស  មកប្រកួត ប្រជែង ដាក់លក់ លើទីផ្សារ ប្រទេសខ្មែរ ជាពិសេស នៅក្នុង រាជធានីភ្នំពេញ ហើយអ្វីដែលយើង គួរចាប់អារម្មណ៍នោះគឺ ការសាកល្បង ឈានជើង លក់ អាហារអឺរ៉ុប របស់ពួកគាត់គឺ កំពុងទទួល ការគាំទ្រ គួរឲ្យកត់សំគាល់ពី សំណាក់ អតិថិជនគ្រប់វ័យ ដែលក្នុង នោះ អតិថិជន ដែលជាសិស្សានុសិស្ស មានសកម្មភាពខ្លាំងក្លាជាងគេ។


នំប៉័ងទួគី អាហារសម្រន់ ដែលមាន ប្រភពដើម មកពីនៅតំបន់អ៊ឺរ៉ុប

ថ្ងៃនេះខ្មែរឡូត សូមនាំអារម្មណ៍ មិត្តអ្នកអាន មកស្គាល់ អាជីវកម្មលក់នំ បែបអឺរ៉ុបមួយប្រភេទ ដែលមានប្រភព មកពីប្រទេសទួរគី ដែលគេឲ្យឈ្មោះ ថា « នំបុ័ងទួរគី » ។ ក្នុងបទសំភាសន៍ជាមួយ  លោក ពេជ្រ ជាម្ចាស់ផ្តើមគំនិត បើកអាជីវកម្មលក់នំបុ័ងទួរគី នេះ បានប្រាប់ឲ្យដឹងថា មូលហេតុ ដែល គាត់ បើកអាជីវកម្មនេះ ព្រោះថា នៅក្នុងប្រទេសខ្មែរ នំបុ័ងទួរគី ជាអាហារអឺរ៉ុបបែបថ្មី និង ប្លែកមួយបែប ដែលអាចទាក់ទាញ ចំណាប់ អារម្មណ៍ ច្រើនពី អតិថិជន ហើយម្យ៉ាងទៀត គាត់ ក៏ចង់ផ្តល់ការងារ ដល់បងប្អូនខ្មែរ អាចមានមុខរបរ តាមរយៈការលក់ នំបុ័ងទួរគី នេះផងដែរ ។

លោកបានប្រាប់ឲ្យដឹងថា បច្ចុប្បន្ន កន្លែងលក់ នំបុ័ងទួរគី ផ្លាកសញ្ញា «មិត្តភាព នំបុ័ង ទួរគី » បើកលក់ រហូតដល់ ៩ កន្លែង រួចមកហើយ នៅក្នុងរាជធានី ភ្នំពេញ។ ងាកមកសំនួរ ទាក់ទងនឹង  បច្ចេកទេស និង ម៉ាស៊ីនសំរាប់ ដោតសាច់បង្វិលវិញ  លោកពេជ្រ បានបង្ហើបថា គាត់នាំចូល និងរៀនវិធី ធ្វើនំបុ័ងទួរគីនេះ ពីបរទេស និង ធ្វើតាមលំនាំដើមពិតៗ ពីរបៀប ធ្វើនំបុ័ងទួរគី នេះតែម្តង។ គាត់បន្តថា គ្រាន់តែប្រភពដើមរបស់ នំបុ័ងទួរគី ដែលលក់នៅ បរទេស និងតំបន់អឺរ៉ុប គេនិយមប្រើសាច់ច្រើន ប្រភេទដូចជា សាច់ចៀម សាច់គោនិង សាច់ជ្រូក  ប៉ុន្តែសំរាប់នំបុ័ង ទួរគី មិត្តភាព របស់គាត់ គឺប្រើប្រាស់ តែសាច់ ជ្រូក មួយមុខប៉ុណ្ណោះ ដោយសារ សាច់ចៀម មិនងាយរក ទិញក្នុងស្រុកខ្មែរ ខណៈទាំង សាច់ចៀម សាច់គោ មានតម្លៃខ្ពស់ផងដែរ។

បងប្រុសម្ចាស់អាជីវកម្មនេះ បានប្រាប់ឲ្យដឹងទៀតថា ចំពោះ តម្លៃនំបុ័ង ទួរគី គឺមានចាប់ពី ៣,៥០០ រៀល ដែលសំរាប់តម្លៃ នេះ អតិថិជន ភាគច្រើន បានប្រាប់ឲ្យគាត់ដឹងថា សមរម្យ អាចទទួលយកបាន។ ទោះបី ជាអាជីវកម្ម របស់គាត់ មិនសូវមានផលលំបាក យ៉ាងណាក៏ដោយ ក៏លោក ពេជ្រ បានប្រាប់ថា បច្ចុប្បន្ន អាជីវកម្មគាត់ ក៏ជួបនូវបញ្ហាតូចមួយចំនួន ដែរ គឺការពិបាកក្នុងការរក បុគ្គលិកយកមកធ្វើការ ជាដើម។ ចំពោះ គោល បំណងអនាគត លោក ពេជ្រ បានបង្ហើបថា គាត់មានក្តីបំណង ចង់បើកហាងសំរាប់ លក់ នំបុ័ងទួរគី ដូចជា ហាងអាហារបែបអឺរ៉ុបដទៃទៀត ផងដែរ។


កន្លែងលក់នំបុ័ងទួគី មិត្តភាព មានទីតាំងនៅ ជិតសាលា ACE

យើងងាកមក ស្តាប់ កិច្ចសម្ភាសន៍ជាមួយ សិស្សានុសិស្សមួយចំនួន ដែលកំពុងឈរចាំទិញ នំប៉័ងទួរគី ដែលមានទីតាំង ស្ថិតនៅមុខសាលា ACE វិញ។ ប្អូនស្រី ដាណុច ដែលជាសិស្សភាសាអង់គ្លេស កំរិត ៦ បានប្រាប់ ថា គាត់ តែងតែមកទិញ នំប៉័ងនៅទីនេះ រាល់ថ្ងៃ ដោយសារតែវា ឆាប់បានញ៉ាំ ហើយមានតំលៃសមរម្យ។ ចំណែកឯ ប្អូនប្រុស វិសាល ដែលជាអតិថិជន មួយរូប របស់ហាងនំប៉័ងទួរគីមិត្តភាពដែរនោះ បានប្រាប់ខ្មែរឡូតថា នំប៉័ងទួរគី គឺជា អាហារសម្រន់ មួយប្រភេទ ដែលមាន រសជាតិប្លែក ងាយស្រួលញ៉ាំ ហើយពេលប្អូនមក ទិញ ម្តងៗ មិនតិចជាង ៤ ឬ ៥ នោះទេ ដោយសារតែ មិត្តភក្តិ នៅក្នុងថ្នាក់តែងតែផ្ញើរ ឲ្យជួយទិញ៕




សកម្មភាព អតិថិជន ជាពិសេសយុវវ័យចូលទិញ នំប័ុងទួគី មិត្តភាពនៃ ជិតសាលា ACE

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ដោយ៖ Roth & Tin

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]