បារាំង ៖ នេះពិតជា ការច្នៃប្រឌិត ដ៏គួរឲ្យកោតសរសើរ ខ្លាំងណាស់ ដែលបុរស ជនជាតិបារាំងម្នាក់ រៀបចំតុបតែង ផ្ទះរបស់គាត់ ឲ្យដូចជាព្រៃតូចមួយ មើលទៅ មានលក្ខណៈ ធម្មជាតិពិតៗ តែម្តង។

លោក Patrick Blanc មានវ័យ ៦១ ឆ្នាំ ត្រូវបានគេ ស្គាល់ថាជា អ្នកជំនាញរៀបចំ សួនច្បារ ដ៏ស្រស់ស្អាត ជុំវិញពិភពលោក ប៉ុន្តែគ្មាន សួនច្បារណាមួយ មានលក្ខណៈ ស្រស់ស្អាត ដូចជា ព្រៃតូច នៅផ្ទះរបស់គាត់ នៃជាយក្រុង ប៉ារីសនោះទេ។

ក្នុងនោះដែរ ការរៀបចំតុបតែងផ្ទះ របស់លោក ឲ្យដូចជា នៅក្នុងព្រៃ មានលក្ខណៈធម្មជាតិ តែម្តង ជាមួយនឹងការ ដាំរុក្ខជាតិ ធ្វើជាជញ្ជាំង ចាប់ផ្តើមពីផ្ទះបាយ, បន្ទប់ទទួលទានអាហារ ដល់ បន្ទប់សិក្សារបស់គាត់។ អ្វីដែលគួរ កត់សំគាល់នោះ គឺនៅពីក្រោមតុ របស់លោក Blanc មានទូដាក់ ត្រី អណ្តើក និង រុក្ខជាតិក្នុងទឹក មិនតែប៉ុណ្ណោះទេ ទឹកដែលនៅក្នុងអាង គឺត្រូវបាន រក្សាឲ្យមានសីតុណ្ហភាពក្តៅល្មម ដែលអាចធ្វើជា កន្លែងផ្តល់កំដៅ នៅក្នុងរដូវរងារ បានទៀតផង។

លោក Blanc បាននិយាយថា លោកមិនបាន តុបតែងអ្វីច្រើន លើផ្ទះនេះទេ អ្វីដែល លោកធ្វើ គឺគ្រាន់តែ បន្ថែមប្រព័ន្ធអេកូឡូស៊ី ដូចជាដើមឈើ ទឹក ត្រី ដែលជាវត្ថុ លោកចូលចិត្ត។ លោកបានបន្ថែមថា៖ «នៅសម័យបច្ចប្បន្ននេះ មានមនុស្សច្រើនឡើងៗ រស់នៅក្នុងទីក្រុង ដូច្នេះ ការដាំដើមឈើ ធ្វើជាជញ្ជាំង គឺជាអ្វីដែល គ្រប់គ្នាត្រូវពិចារណា ដើម្បីរស់នៅ ក្នុងភាពសុខដុមរមនា ក្នុងទីក្រុង»។

គួរបញ្ជាក់ផងដែរ លោក Blanc មានការចាប់អារម្មណ៍ លើប្រព័ន្ធអេកូឡូស៊ី តាំងពីលោក មានអាយុ ៨ ឆ្នាំមកម្ល៉េះ។ លុះដល់អាយុ ១២ ឆ្នាំ លោកបានដាំដើមផ្កា តាមជញ្ជាំង សួនច្បារបស់ ម្តាយឪពុកគាត់ទៀតផង។ ហើយនៅក្នុងទស្សវត្ស ៧០ លោកបានធ្វើដំនើរ ទៅប្រទេសម៉ាឡេស៊ី និង ថៃដើម្បីសិក្សា ថាតើរុក្ខជាតិ អាចលូតលាស់ បាននៅលើថ្ម ដោយរបៀបណា។ មិនតែប៉ុណ្ណោះទេ លោក Blanc ក៏ធ្លាប់ធ្វើជា អ្នកស្រាវជ្រាវ នៅមជ្ឈមណ្ឌលជាតិ ស្រាវជ្រាវផ្នែកវិទ្យសាស្រ្ត ក្នុងទីក្រុង ប៉ារីស អស់រយៈពេល ២៥ ឆ្នាំ ផងដែរ៕





ចង់ដឹងកាន់តែច្បាស់សូមទស្សនាវីដេអូទាំងអស់គ្នា ៖ 

 

ប្រភព ៖ Odditycentral

ដោយ ៖ ណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]