ក្រិច៖ គ្រោងឆ្អឹង របស់ស្ត្រីម្នាក់ និង បុរសម្នាក់ ដែលគេជឿជាក់ថា បានស្លាប់ ក្នុងវ័យខ្ទង់ ២០ឆ្នាំ តាំងពី ៦,០០០ឆ្នាំ មុន បានរកឃើញ នៅមានសភាព អោបស្អិតជាប់គ្នា  នៅក្នុងកន្លែង កប់សាកសពបុរាណ ដ៏ចំណាស់ជាងគេ បំផុតមួយ ក្នុងប្រទេស ក្រិច។


គ្រោងឆ្អឹង គូស្នេហ៍ ដែលរកឃើញនេះ មានអាយុកាល ៦,០០០ឆ្នាំ

ប្រភពព័ត៌មាន ឲ្យដឹងថា ក្រុមអ្នកបុរាណវិទូ បានរកឃើញ គ្រោងឆ្អឹង បុរសស្ត្រី មួយគូនេះ តាំងពីឆ្នាំ ២០១៣ ក្នុងរូងភ្នំ ឌីរ៉ូ (Diros) ដែលជាទីកន្លែងកប់សាកសព បុរាណមួយ ប៉ុន្តែ ក្រោយពី អ្នកបុរាណវិទូ ធ្វើការវិភាគ និង កំណត់អាយុកាលរួចមក ជាលទ្ធផល បានបង្ហាញថា ភេទពិតប្រាកដរបស់ គ្រោងឆ្អឹងទាំងពីរនេះ ពិតជា របស់ស្ត្រីម្នាក់ និង បុរសម្នាក់ ដែលអាចជាគូស្នេហ៍ ឬ ប្តីប្រពន្ធនឹងគ្នា ស្លាប់ក្នុងវ័យ ខ្ទង់ ២០ឆ្នាំ ទៅ ២៥ឆ្នាំ  និង បានបញ្ចុះអោបជាប់គ្នា តាំងពី ៦,០០០ឆ្នាំ មុនម្ល៉េះ។  

យ៉ាងណាមិញ បើតាម ក្រុមស្រាវជ្រាវ ឲ្យដឹងទៀតថា គ្រោងឆ្អឹងទាំងពីរ បានបញ្ចុះដោយ អោបគ្នា ជាលើកចុងក្រោយ ដោយសង្ឃឹមថា ពួកគេនឹង អាចនៅជាមួយគ្នា ជាអមតៈ ។

គួរបញ្ជាក់ដែរថា រូង ភ្នំ ឌីរ៉ូ (Diros) នេះ ត្រូវបានរកឃើញ លើកដំបូង ក្នុងឆ្នាំ ១៩៥០។ លោក Papathanassopoulos ជាប្រធាន អ្នកបុរាណវិទូម្នាក់ បាននិយាយថា ការរកឃើញនេះ ជាការជីករកឃើញ ដ៏ភ្ញាក់ផ្អើលមួយ ហើយជឿជាក់ថា រូងភ្នំនេះ ជាកន្លែងកប់ សាកសពធំបំផុតមួយ ដែលធ្លាប់បានរកឃើញ ក្នុងប្រទេសក្រិច នាពេលកន្លងមក។


លោក Papathanassopoulos និង ក្រុមការងារអ្នកបុរាណវិទូ

ទោះបីជាយ៉ាងណា ក្រុមអ្នកបុរាណវិទូ មិនទាន់ដឹងថា គូស្នេហ៍មួយគូនេះ ស្លាប់ដោយរបៀបណានិង មកពីមូលហេតុអ្វីនោះដែរ ប៉ុន្តែ គេគ្រាន់តែដឹងថា គូស្នេហ៍មួយគូនេះ ស្លាប់ក្នុងកំឡុង ពេលតែមួយ ហើយការធ្វើតេស្ត DNA នឹងធ្វើឡើង ជាបន្តទៀត ដើម្បីឲ្យកាន់តែច្បាស់ជាងនេះ៕



ទីតាំង រូបភ្នំបុរាណ និង ជាទីកន្លែងកប់សាកសពបុរាណធំជាងគេនៅប្រទេសក្រិច


អ្នកបុរាណវិទូ ក៏រកឃើញឆ្អឹង និងឧបករណ៍បុរាណជាច្រើនទៀតក្នុងរូងនេះផងដែរ

វីដេអូ ទិដ្ឋភាព ក្នុងរូងភ្នំបុរាណ ឌីរ៉ូ (Diros)

ប្រភព Dailymail

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]