អាមេរិក៖ សព្វថ្ងៃនេះ វិស័យបច្ចេកវិទ្យា បានដើរទៅមុខ យ៉ាងលឿនមែនទែន ដែលពេលខ្លះ មនុស្សសឹង តែតាមមិនទាន់ ទៅហើយ តួយ៉ាងដូចជា នាពេលថ្មីៗនេះ ក្រុមអ្នកវិទ្យាសាស្ត្រ ទើបតែបង្កើត បាននូវឧបករណ៍ម្យ៉ាង សម្រាប់ភ្ជាប់ជាមួយនឹង ទូរស័ព្ទស្មាតហ្វូន ក្នុងការធ្វើ តេស្តឈាម រកមេរោគអេដស៍ ឬ មេរោគ ស្វាយប្រមេះ ដែលចំណាយ រយៈពេលខ្លីប៉ុណ្ណោះ ក្នុងការទទួលបានលទ្ធផល។

យោងតាមប្រភព ព័ត៌មានបាន ឲ្យដឹងថា ក្រុមអ្នកជំនាញ ផ្នែកជីវឱសថ នៃសាកលវិទ្យាល័យ Columbia សហរដ្ឋអាមេរិក បានបង្កើតនូវ កម្មវិធីថ្មី បញ្ចូលក្នុង ទូរស័ព្ទស្មាតហ្វូន រួមជាមួយនឹង ឧបករណ៍ម្យ៉ាង ហៅថា Dongle ដែលអាចភ្ជាប់ ជាមួយទូរស័ព្ទ ស្មាតហ្វូន ជាច្រើនប្រភេទ ឬ ក៏កុំព្យូទ័រ ដើម្បីធ្វើការ ពិនិត្យឈាម ស្វែងរកមេរោគអេដស៍ ដោយចំណាយពេល ត្រឹមតែ១៥នាទី ប៉ុណ្ណោះ ក្នុងការទទួល បានលទ្ធផល។

បន្ថែមពីនេះផងដែរ ក្រុមអ្នកជំនាញ ក៏ដូចជាបុគ្គលិក ផ្នែកសុខាភិបាល ក៏បានសាកល្បង ប្រើប្រាស់ ឧបករណ៍មួយនេះ ទៅលើមនុស្ស ជាច្រើននាក់ នៅក្នុងប្រទេស រវ៉ាន់ដា និងបង្ហាញឲ្យ ឃើញថាវា ពិតជាមាន សមត្ថភាពគ្រប់គ្រាន់ ក្នុងការស្វែងរក មេរោគអេដស៍ នៅក្នុងខ្លួនមនុស្ស ដោយចំណាយ ពេលខ្លី និងមិនចាំបាច់ ទៅកាន់មន្ទីរ ពិសោធន៍ទៀតដែរ។


រូបភាពៈ ឧបករណ៍ដ៏ ថ្មីស្រឡាង ដែលអាចរក ឃើញមេរោគអេដស៍ ក្នុងរយៈពេលខ្លី

សាស្ត្រាចារ្យ Samuel Sia អ្នកជំនាញជាន់ខ្ពស់ នៃផ្នែកជីវឱសថ នៃសាកលវិទ្យាល័យ Columbia បាននិយាយថា “ក្រុមរបស់ពួកយើង គឺប្រឹងប្រែងបង្កើត និង អភិវឌ្ឍន៍ឧបករណ៍មួយនេះ ដែលអាចដំណើរការបាន តាមរយៈកម្មវិធីនៃ ទូរស័ព្ទស្មាតហ្វូន ដោយសង្ឃឹម ថាសមត្ថភាព របស់វាអាច ជាជំនួយនៃ ការផ្តល់សេវាសុខភាព ថែទាំទៅដល់ មនុស្សជាច្រើន ជុំវិញពិភពលោក”។

គួរបញ្ជាក់ផងដែរថា ឧបករណ៍នេះ គឺមិនបាច់ ត្រូវការសាកថ្ម អ្វីឡើយ ហើយវា អាចដំណើរការបាន នៅពេលដែល វាដោតភ្ជាប់ ជាមួយទូរស័ព្ទ ស្មាតហ្វូន ដែលជាការ ងាយស្រួលមួយ ក្នុងការយក ទៅទីតំបន់ ដាច់ស្រយ៉ាល។ ម្យ៉ាងវិញទៀត ឧបករណ៍នេះ នឹងត្រៀម បង្ហាញខ្លួន និងការណែនាំ ពីរបៀបប្រើប្រាស់ ទៅកាន់ប្រទេស ជាច្រើនទៀត ក្នុងពិភពលោក។ ចំពោះពេលបច្ចុប្បន្ន មនុស្សជាច្រើន ជាពិសេស ប្រជាជនក្នុង ប្រទេស រវ៉ាន់ដា តែម្តងបាន ចាប់អារម្មណ៍ ទៅលើឧបករណ៍ មួយនេះយ៉ាងខ្លាំង៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?


រូបរាងនៃ ឧបករណ៍ដ៏ថ្មី ស្រឡាងនេះ

ប្រភព៖ ដេលីម៉េល

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]