ខេត្តក្រចេះ៖ ស្ត្រីជនជាតិខ្មែរ អ៊ីស្លាមម្នាក់ ត្រូវនគរបាល ស្រុកឆ្លូង ចាប់ឃាត់ខ្លួនពីបទ ចរាចរណ៍រូបិយវត្ថុ ក្លែងក្លាយ បន្ទាប់ពីស្ត្រីរូបនេះ និងបក្សពួកម្នាក់ទៀត បានយកប្រាក់ដុល្លារ ក្លែងក្លាយ ជាច្រើនសន្លឹក មកចាយនៅក្នុងពិធីបុណ្យ នៅក្នុងវត្តមួយក្នុងស្រុកឆ្លូង នៅយប់ថ្ងៃទី៣១ មករា  ២០១៥។

ស្ត្រីជាប់ចោទរូបនេះ ឈ្មោះសុះ វី អាយុ ៣៥ ឆ្នាំ ជនជាតិ ខ្មែរអ៊ីស្លាម មានមុខរបរ មិនពិតប្រាកដ រស់នៅភូមិរកាប្រាំ ឃុំទំពាំងឬស្សី ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

អធិការ នគរបាលស្រុកឆ្លុង លោកវរសេនីយ៍ត្រី ឌួង សុទ្ធី បានឲ្យដឹងថា ស្ត្រីសង្ស័យ ត្រូវនគរបាលចាប់ឃាត់ខ្លួន បានភ្លាមៗ បន្ទាប់ពីស្ត្រីរូបនេះ បានយកលុយដុល្លារ ប្រភេទក្រដាស ២០ ដុល្លារ មកចាយវាយ ទិញរបស់របរ ក្នុងពិធីបុណ្យ ក្នុងវត្តព្រែកចម្លាក់ ឃុំកញ្ជរ ស្រុកឆ្លូង។ ជាមួយនឹង ការចាប់ឃាត់ខ្លួន ប៉ូលិស បានរកឃើញលុយដុល្លារ ប្រភេទក្រដាស ២០ ដុល្លារ មានចំនួន១៦សន្លឹក ដែលស្ត្រីរូបនេះ បានដើរចាយ ទិញរបស់របរ ពីជនរងគ្រោះ ដើម្បីឲ្យជនរងគ្រោះ អាប់ជាលុយរាយមកវិញ និងមួយចំនួនទៀត ដកហូតបានពីស្ត្រីរូប នេះដែលនៅសល់ពីចាយវាយ។

តាមចម្លើយសារភាព របស់ស្ត្រីជនជាតិខ្មែរអ៊ីស្លាម រូបនេះ បានឲ្យសមត្ថកិច្ចដឹងថា លុយនេះ គឺរូបគេបានយកមកពី ជនម្នាក់ទៀត ដើម្បីយកមក បន្លំចាយវាយ ដើម្បីឆបោក យកលុយ ពិតប្រាដក។
 
លោកអធិការ នគរបាលស្រុកឆ្លូង បានបញ្ជាក់ថា បក្សពួករបស់ស្ត្រីរូបនេះ ដែលជាប់ពាក់ព័ន្ធនឹង ការចរាចរណ៍រូបិយប័ណ្ណ ក្លែងក្លាយ នគរបាល កំពុងតែកំណត់ មុខសញ្ញា ដើម្បីមានវិធានការ។ ចំណែកស្ត្រីរូបនេះ និងវត្ថុតាង កំពុងកសាងសំណុំរឿង បញ្ជូនទៅសាលា ដំបូងខេត្ត ដើម្បីចាត់ការ តាមច្បាប់៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]