រាជធានីភ្នំពេញ៖ កម្មកររោងចក្រ កាត់ដេរសំលៀកបំពាក់ យីហោ ខួយ ស៊ីង ស្ថិតនៅតាមផ្លូវលេខ ៤៤២ កែង ៣៦១ ក្នុងក្រុម ៣  ភូមិ ម៉ាក់ក្លឿ សង្កាត់ ច្បារអំពៅទី១ ខណ្ឌ ច្បារអំពៅ ប្រមាណ ២០០ នាក់ បានប្រមូលផ្តុំគ្នា នៅមុខរោងចក្រ ព្រោះខ្លាចក្រុមហ៊ុន លួចជញ្ជូនឥវ៉ាន់ ចេញទាំងយប់ស្ងាត់ៗ ដោយសារក្រុមហ៊ុននេះ ជិតផុតកុងត្រា ហើយអត់សូវមានការងារ ឱ្យបុគ្គលិកធ្វើ។

ការប្រមូលផ្តុំ របស់កម្មកររោងចក្រ ខាងលើនេះ ធ្វើឡើងដើម្បីឲ្យអាជ្ញាធរ ជួយដឹងឮ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៧ យប់ ថ្ងៃទី ៣១ ខែ មករា ។ ប្រភពព័ត៌មានពី កម្មករ-កម្មការិនី ដែលមិនហ៊ានប្រាប់ឈ្មោះ បានឲ្យដឹងថា ក្រុមហ៊ុនខាងលើនេះ ជិតផុតកុងត្រាហើយនៅសល់តែ ២ ខែ ទៀតប៉ុណ្ណោះ រាល់ថ្ងៃកម្មករ អត់មានការងារធ្វើ ដូចកាលពីមុនទេ ធ្វើឲ្យកម្មករមាន ការព្រួយបារម្ភ និុងបានតាមដានសកម្មភាព របស់រោងចក្រ ទើបនៅយប់កើតហេតុ ផ្អើលថា មានរថយន្តដឹកទំនិញ ចេញពីរោងចក្រ ហើយកម្មករបានទូរស័ព្ទ ហៅគ្នាបានប្រមាណ ២០០ នាក់ទៅប្រមូលផ្តុំ នៅមុខរោងចក្រ ស្រែកឡូឡា ដើម្បីឲ្យអាជ្ញាធរ ជួយដឹងឮ ។

ពេលសមត្ថកិច្ច ចុះទៅដល់បាននាំ តំណាងកម្មករ ចូលទៅក្នុងក្រុម ជួបជាមួយតំណាងក្រុមហ៊ុន ឃើញថា ក្រុមហ៊ុនអត់មានដឹកជញ្ជូនឥវ៉ាន់ ចេញនៅឡើយទេ ទើបកម្មករ នាំគ្នាស្ងប់ស្ងៀមវិញ ។ លោក ពៅ ហួត ចៅសង្កាត់ ច្បារអំពៅ ទី ១ បានមានប្រសាសន៍ ឲ្យដឹងថា រោងចក្រខាងលើនេះ បានបើកដំណើរការជិត ១០ ឆ្នាំមកហើយ មិនដែលមានបញ្ហា កើតឡើងទេ ។ បន្ទាប់ពីការប្រមូលផ្តុំ របស់កម្មករ តំណាងក្រុមហ៊ុន បានសន្យាថា នឹងបើកប្រាក់ខែ ជូនកម្មករសរុប ទាំងអស់ជិត៤០០នាក់ នៅថ្ងៃទី៤ កុម្ភៈ មុនថ្ងៃកំណត់ ដែលជារៀងរាល់ខែ បើកនៅថ្ងៃទី១០ ។

ការប្រមូលផ្តុំគ្នា បានបន្តរហូតដល់ម៉ោង៩ និង ៣០ នាទីយប់ ទើបកម្មករនាំគ្នា រំសាយទៅសម្រាក រៀងខ្លួន៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]