ឥណ្ឌូនេស៊ី៖ យោងតាម ប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេល យន្តហោះជួបឧបទ្ទវហេតុ នៅសមុទ្រជ្វា ប្រទេសឥណ្ឌូនេស៊ីនោះ  កាពីតែន របស់ យន្តហោះ AirAsia QZ8501 លោក Iriyanto មិនបាននៅបញ្ជា យន្តហោះនោះទេ។

បើតាមមនុស្សពីរនាក់ ដែលមានទំនាក់ទំនង យ៉ាងជិតស្និទ្ធ ទៅនឹងការស៊ើបអង្កេត ពីមូលហេតុ នៃការធ្លាក់យន្តហោះ Airbus A320 មួយគ្រឿងនេះ បានឲ្យដឹងថា នៅមុនពេលយន្តហោះ ជួបឧបទ្ទវហេតុ កាពីតែន លោក Iriyanto បានងើបចេញពី កៅអីបញ្ជាយន្តហោះ ទៅដកឌុយ ដើម្បីបិទកំព្យូទ័រ ដែលបានគាំង មិនដំណើរការ ដោយទុកភារកិច្ច ឲ្យជំនួយការ អ្នកបើកយន្តហោះ (co-pilot) លោក Remy Plesel ជាអ្នកបញ្ជាយន្តហោះ ជំនួស តែម្នាក់ឯង។ ក្រោយមក ជំនួយការ បើកយន្តហោះ លោក Remy មិនអាចបញ្ជាយន្តហោះបាន ហើយនៅពេលដែល កាពីតែន  Iriyanto មកដល់ វាហួសពេល ដើម្បីស្រោចស្រង់ យន្តហោះពីគ្រោះថ្នាក់ បាត់ទៅហើយ។

ទោះជាយ៉ាងណាក៏ដោយ អ្នកបើកបរយន្តហោះ ប្រភេទ Airbus A320 សុំមិនបញ្ចេញឈ្មោះ ក៏បានបញ្ចេញមន្ទិលសង្ស័យផងដែរ ដោយនិយាយថា៖ «យើងអាចធ្វើការ reset កំព្យូទ័រ  ដោយគ្រាន់តែ ចុចប៊ូតុង មួយតែប៉ុណ្ណោះ ហើយខ្ញុំក៏មិនច្បាស់ថា ហេតុអ្វីបានជា លោក Iriyanto ចាំបាច់ ងើបចេញពី កៅអីបញ្ជា យន្តហោះ ទៅដកឌុយ បិទនោះទេ។ គេដកឌុយបិទ លុះត្រាតែ មានករណីអាសន្ន។ ដូចនេះ វាពិតជារឿងមួយ ចម្លែកមែនទែន!»

គួរបញ្ជាក់ផងដែរថា គេនៅមិនទាន់ អាចសន្និដ្ឋានពី មូលហេតុពិតប្រាកដ នៅពីក្រោយ ការធ្លាក់យន្តហោះ AirAsia QZ8501 មួយគ្រឿងនេះ ថាមកពីកំហុសអ្នកបើកបរ ឬមកពី កំហុសបច្ចេកទេស របស់ម៉ាស៊ីន នៅឡើយទេ ខណៈក្រុមអ្នកសង្គ្រោះ បានស្រង់សាកសព សរុបចំនួន ៧៦ នាក់ហើយ ដោយនៅសល់ សាកសព ចំនួន ៨៦ នាក់ ដទៃទៀត ដែលមិនទាន់បានរកឃើញ ក្នុងចំណោម អ្នកដំណើរសរុប ១៦២ នាក់ នៅលើយន្តហោះ AirAsia QZ8501 ដែលជួបឧបទ្ទវហេតុ កាលពីថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៤ កន្លងទៅនេះ៕


កាប៊ីតែន លោក Iriyanto (ឆ្វេង) និង លោក Remy Plesel ជំនួយការ អ្នកបើកយន្តហោះ (ស្តាំ)

បំណែកសាកសព យន្តហោះ AirAsia QZ8501 ដែលស្រង់ឡើង

ប្រភព៖ ដេលីម៉ែល | Channel News Asia

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]