ខេត្តតាកែវ៖ ការដាំដំណាំទៅតាមទម្លាប់ដែលគ្មានចំណេះជំនាញខាងបច្ចេកទេស មិនមែនថាមិនទទួល ផលទេ គ្រាន់តែមិនបាន ដូច បំណង របស់យើង ។ ប៉ុន្តែបើយើងមាន បទពិសោធន៍ គួបផ្សំនឹងបច្ចេកទេស ប្រាកដណាស់ថានឹងទទួល បានផលគួរជាទីគាប់ ចិត្តមិនខាន ។

កសិករ សម្បូរគំនិតច្នៃប្រឌិតខាងកសិកម្មដែលល្បីឈ្មោះបោះសំឡេងយូរមកហើយ រស់នៅឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ លោក រស់ ម៉ៅ បានប្រាប់កោះសន្តិភាព ម្តងទៀតថា គាត់មានបច្ចេកទេស ដាំដំណាំត្រឡាចឱ្យ ទទួលបានផ្លែច្រើន ។

លោក លើកឡើងថា ជាទូទៅដំណាំត្រឡាចក្នុង១គុម្ព វាផ្តល់ផលច្រើនបំផុតតែ៥ផ្លែប៉ុណ្ណោះ ហើយភាគ ច្រើនវារួញទង ឬមានត្រណម ផ្សេងៗ។ ក្រោយមកលោកបាន ដកពិសោធទៅលើ ត្រឡាច់១គុម្ព ដែលដុះដោយខ្លួនឯង ហើយឃើញថាមាន ផ្លែយ៉ាងច្រើនខុស ពីយើង ដាំតាមទម្លាប់ ។ លោកថា ដើម្បីដាំត្រឡាច ឲ្យមានផ្លែច្រើនដូចនេះ យើងត្រូវកាប់ រណ្តៅទំហំ ៤០សង់ទីម៉ែត្រ ៤ជ្រុង ក្នុងជម្រៅកន្លះម៉ែត្រ ហើយបើយើងដាំ នៅខែប្រាំងត្រូវ យកកម្ទេចកម្ទីសំរាម ដុតដាក់ក្នុង រណ្តៅ តែបើនៅខែវស្សា ត្រូវបាច កំបោរ.ស ក្នុងរណ្តៅមុនពេលដាំ ។ ដោយឡែក គ្រប់ពូជមុនពេល ដាក់បណ្តុះ យើងត្រូវយកទៅ ហាលថ្ងៃជាមុនសិន ដើម្បីជាការដាស់ដំណេកវា បន្ទាប់មកយកទៅ ត្រាំទឹក មួយយប់ រួចយកទៅកប់ ក្នុងដីកន្លះថ្ងៃថែម ទៀត ។ ការធ្វើបែបនេះ គ្រាប់ត្រឡាចនឹង អាចឆាប់ដុះ គឺក្នុងចន្លោះពេល ពី៨ ទៅ១២ថ្ងៃ ប៉ុណ្ណោះ ហើយនៅពេល វាដុះបានស្លឹកពីរ ទើបយើងយកវាទៅ ដាំក្នុងរណ្តៅ ដែលយើងបាន រៀបចំនោះ ។ ក្រោយដាំរួច យើងត្រូវអនុវត្ត ៣ជំហានគឺ ៖

-ជំហានទី១ ពេលកូនត្រឡាចដុះលូតលាស់បាន៧សន្លឹកយើងត្រូវក្ដិចត្រួយវាម្តង ក្រោយមកយើងនឹង ទទួលបានទងថ្មីចំនួន៣បន្ថែម ។

-ជំហានទី២ទង ដែលបែកចេញនោះ នៅពេលវាលូតលាស់បាន៧ស្លឹកយើងបន្តអនុវត្តដូចជំហានទី១ ទៀត ពេលនោះយើងនឹង ទទួលបាន ទងថ្មី ចំនួន៧ បន្ថែមទៀត ។

- ជំហានទី៣ យើងនៅតែបន្តអនុវត្តដូចជំហានទី១ និងទី២ដដែល ហើយពេលនោះយើងនឹងទទួល បានទងថ្មីពី ៣០ទៅ៣៥ទង ដូច្នេះវាជា ដំណាក់កាលដែល យើងត្រូវបន្ថែម ជីធម្មជាតិ ដើម្បីជួយទ្រទ្រង់ ការលូតលាស់របស់វា ។ ការដាក់ជីនេះ យើងត្រូវវាស់ចេញ ពីរណ្តៅ ត្រឡាច ពី៣០ទៅ៥០ សង់ទីម៉ែត្រ ជម្រៅនិងមាត់ រណ្តៅ៥០ សង់ទីម៉ែត្រ រីឯបណ្តោយ១ទៅ២ម៉ែត្រ ធ្វើបែបនេះត្រឡាច់ លូតលាស់បានល្អ រយៈពេលយូរ រហូតដល់ជាង២ខែ ហើយក៏ជាដំណាក់កាល ដែលត្រឡាចចាស់ទង និងចាប់ផ្តើមចេញផ្កា និងផ្លែដែរ ។ លោកបញ្ជាក់ថា កាលពីឆ្នាំ ២០១០-២០១១ លោកដាំត្រឡាច ១គុម្ព ទទួលបានផល ត្រឹមតែ៥០ផ្លែប៉ុណ្ណោះ តែឆ្នាំ២០១៤ កន្លងទៅ ក្នុង១គុម្ព លោកទទួល បាន ផលរហូត ដល់១៥០ផ្លែ ។

លោក បន្តថា ការដាំត្រឡាចទទួលបានផលច្រើននេះលោកបានដកពិសោធឃើញដោយខ្លួនឯង កាល ពីឆ្នាំ២០០៦-២០០៧ បូករួមនឹងការ ចូលរួមវគ្គសិក្សា ខ្លះៗពី អង្គការសេដាក ហើយពេលនេះលោកបាន យកជំនាញទាំងនេះ ទៅបង្រៀនតាម សហគមន៍នៅ តាមបណ្តា ខេត្ត មួយចំនួន ដោយពួកគេអនុវត្ត តាមទទួលបានជោគជ័យ ដូចជានៅ ខេត្តស្វាយរៀង ទទួលបាន ១០០ផ្លែ ខេត្តក្រចេះ និងស្ទឹងត្រែង បាន១២០ផ្លែ និងខេត្ត សៀមរាប បាន១៦០ផ្លែ និងក្រៅពីនេះ បានត្រឹមតែ ៦០ផ្លែ ប៉ុណ្ណោះ ។ រហូតមកដល់ពេលនេះ បើគិតជាសមាជិក ដែលបានចូលរៀនពី បច្ចេកទេស កសិកម្ម ជាមួយលោក មានប្រហែល ១ម៉ឺននាក់ហើយ ៕




 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]