រាជធានីភ្នំពេញ ៖ អូត ភូថង អ្នកប្រដាល់ជើងចាស់ មកពីសមាគមកីឡាប្រដាល់ ក្រសួងការពារជាតិ មានគម្រោងលាឈប់ ពីអាជីពជាអ្នកប្រដាល់ហើយ នាពេលឆាប់ៗខាងមុខនេះ ។ ប៉ុន្តែត្រូវរង់ចាំមើល លើលទ្ធផលនៃការប្រកួតមួយ លើកចុងក្រោយទៀត បើសិនជាចាញ់ លោក នឹងលាឈប់ពីអាជីព ជាអ្នកប្រដាល់តែម្តង ។ នេះបើតាមការអះអាងរបស់ លោកកាលពីពេលថ្មីៗ កន្លងមកនេះ ។

ក្នុងចំណោមអ្នកប្រដាល់ ជើងចាស់ជាច្រើនរូប អូត ភូថង គឺជាកីឡាករប្រដាល់មួយរូប ដែលបានសាងកេរ្តិ៍ឈ្មោះនៅលើ សង្វៀនយ៉ាងល្បីរន្ទឺនៅក្នុងពិភពកីឡា ប្រដាល់ក្បាច់គុនបុរាណខ្មែរ មិនចាញ់កំពូលអ្នកប្រដាល់ កែងឆេះជង្គង់ហោះ អេ ភូថង ដែលជាបងប្រុស របស់លោកឡើយ ។ ប៉ុន្តែមួយរយៈចុងក្រោយនេះ រាល់ការប្រកួតរបស់ លោកតែងជួបបរាជ័យ ជាបន្តបន្ទាប់ ជាពិសេសការប្រកួតនៅ លើកចុងក្រោយជាមួយ អ្នកប្រដាល់ជើងថ្មី ពេជ្រ ម៉ាប់ មកពីក្លិបសាលវ័ន្តកីឡានៅ លើសង្វៀនទូរទស្សន៍ស៊ីធីអិន កាលពីថ្ងៃអាទិត្យមុននេះ ដោយត្រូវ ពេជ្រ ម៉ាប់ វាយឱ្យលើកទង់ជ័យស សុំចុះចាញ់នៅត្រឹមទឹកទី៤ ប៉ុណ្ណោះ ធ្វើឱ្យលោកមានគម្រោងឈប់ ប្រដាល់ដើម្បីកុំឱ្យអាម៉ាស់ខ្លាំងពេក។ គម្រោងលាឈប់នេះ ក៏មានការពាក់ព័ន្ធនឹងវ័យ របស់លោកដែលកាន់តែចាស់ កម្លាំងក៏កាន់តែចុះ ខ្សោយផងដែរ ។

អូត ភូថង បានប្រាប់ថា ដោយហេតុតែស្រឡាញ់ និងចូលចិត្តវិស័យកីឡាប្រដាល់ និងមានឈាមជ័រជាអ្នកប្រដាល់ស្រាប់ផងនោះ បានជំរុញ ឱ្យរូបលោកចូលហ្វឹក ហាត់តាំងពីនៅអាយុ៧ឆ្នាំមកម្ល៉េះ ។ កាលណោះលោក ត្រូវបានសិស្សច្បងបងបង្កើត គឺលោក អេ ភូថង ជាអ្នកជួយបង្ហាត់ដោយផ្ទាល់ ទើបធ្វើឱ្យរូបលោកឆាប់ក្លាយជា កីឡាករល្បីមួយរូប ។ គ្រាន់តែឈានជើងឡើង សង្វៀនប្រកួតមិនបានប៉ុន្មាន ផង នៅក្នុងឆ្នាំ១៩៩៨ រូបលោកមានឱកាសគ្រប់គ្រង តំណែងជាម្ចាស់ជើងឯកពាន រង្វាន់សម្តេចតេជោ ហ៊ុន សែន ក្នុងប្រភេទទម្ងន់៤៥ គីឡូក្រាមជាលើកដំបូង ដោយបានប្រកួតឈ្នះ វ៉ោយ ចាន់ដារ៉ា មកពីក្លិបខេត្ត បន្ទាយមានជ័យ ។ រហូតមកដល់ ក្នុងឆ្នាំ២០០០ លោក ដណ្តើម បានខ្សែក្រវាត់មួយទៀត ដែលរៀបចំឡើងដោយស្ថានីយទូរទស្សន៍ កងយោធពល ខេមរភូមិន្ទប៉ុស្តិ៍លេខ៥ ដែលកាលណោះលោកបានប្រកួត ឈ្នះកីឡាករភិន សុផល មកពីក្លិបកងរាជអាវុធ ហត្ថរាជធានីភ្នំពេញ ។

ចាប់ពីពេលនោះមក កេរ្តិ៍ឈ្មោះលោកកាន់តែ ល្បីខ្លាំងឡើង និងមានឱកាសប្រកួត ដណ្តើមបានខ្សែក្រវាត់មួយទៀត គឺខ្សែក្រវាត់របស់ក្រុមហ៊ុនខេស៊ីមេន ក្នុងប្រភេទទម្ងន់៦៣,៥គីឡូក្រាម ដោយបានយកឈ្នះកំពូល អ្នកប្រដាល់កណ្តាប់ដៃដែក នួន សូរិយា មកពីសមាគមកីឡាប្រដាល់ក្រសួង មហាផ្ទៃនៅក្នុងឆ្នាំ២០០៦ ។ នៅក្នុងឆ្នាំ២០០៨ លោកបានឈាន ទៅគ្រប់គ្រងតំណែងជាម្ចាស់ខ្សែក្រវាត់ មួយទៀត គឺខ្សែក្រវាត់របស់ ក្រុមហ៊ុនខារ៉ាបាវក្នុងប្រភេទទម្ងន់៦៧គីឡូក្រាម ដោយបានប្រកួតឈ្នះ កំពូលអ្នកប្រដាល់ជើងខ្លាំង ជ័យ កុសល មកពីក្លិបកងរាជអាវុធហត្ថ លើផ្ទៃប្រទេស។ មិនតែប៉ុណ្ណោះ លោកដណ្តើមបានខ្សែក្រវាត់មួយទៀត ដែលរៀបចំឡើងដោយស្ថានីយទូរទស្សន៍បាយ័ន ដោយវាយឈ្នះ កីឡាករបរទេស ក្នុងប្រភេទទម្ងន់៦៧គីឡូក្រាម នៅក្នុងឆ្នាំ២០០៩ និងលើកចុងក្រោយដណ្តើម បានខ្សែក្រវាត់អាជ្ញាធរគ្រឿងញៀន ក្នុងប្រភេទទម្ងន់៦៩គីឡូក្រាម ដែលកាលនោះ ប្រកួតឈ្នះ វ៉ែន សុវណ្ណ មកពីក្លិបកងកេងកីឡា ។

លោកអូត ភូថង បានឱ្យដឹងថា ទាំងអស់នេះគ្រាន់តែ ជាលទ្ធផលប្រកួតធំៗដែលលោក នៅចាំបានតែប៉ុណ្ណោះ នៅមានលទ្ធផលជាច្រើនទៀតដែលលោកចាំមិនបាន ។ បើគិតរហូតមកទល់ នឹងពេលនេះ លោកប្រកួតបានប្រហែលជា៤០០ដង ប៉ុន្តែលទ្ធផលចាញ់ឈ្នះប៉ុន្មាននោះលោកចាំមិនអស់ទេ គ្រាន់តែលោកដឹងថា លោកធ្លាប់ផ្តួលគូប្រកួត ឱ្យសន្លប់មិនតិចនាក់ឡើយ ។ នៅពេលនេះលោកគិតថា ចង់ផ្អាកឡើងសង្វៀនប្រកួតហើយ គឺសុំប្រកួតតែមួយលើកទៀតប៉ុណ្ណោះ តែលោកឧត្តមសេនីយ៍ តែម ម៉ឺន ប្រធានសហព័ន្ធកីឡា ប្រដាល់កម្ពុជាចង់ ឱ្យលោកប្រកួត២ឆ្នាំទៀត តែរូបគិតថា ពេលនេះកម្លាំងរបស់លោក ទៅលែងរួចហើយ ។

លោកអូត ភូថង សព្វថ្ងៃជាគ្រូជំនួយនៅក្នុង សមាគមកីឡាប្រដាល់ ក្រសួងការពារជាតិ។ លោកមានស្រុកកំណើត នៅភូមិនាងកុក ឃុំចាំ យាម ស្រុកមណ្ឌលសីមា ខេត្តកោះកុង មានប្រពន្ធ និងកូន២នាក់ គឺប្រុស១ ស្រី១ ទៀតផង ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អេ ភូថង